ខេត្តព្រះសីហនុ ៖ អបអរសាទរក្រុងបាត់ដំបង នៃខេត្តបាត់ដំបង បានទទួលពានរង្វាន់ជ័យលាភីជាទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី៣ (២០២២-២០២៤) និងជាមោទនភាពបំផុត សម្រាប់ខេត្តស៊ីវីល័យមួយនេះ ។ លោក សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានថ្លែងបែបនេះ នៅយប់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២។
សូមបញ្ជាក់ថា, លោក សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានលើកឡើងថា, រសៀលថ្ងៃពុធ ២រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹង ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ លោកបានចូលរួមក្នុងវេទិកាទេសចរណ៍អាស៊ានលើកទី៤០ (ATF 2022) និងឡើងទទួលពានរង្វាន់ជ័យលាភីជាទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី៣ (២០២២-២០២៤) ASEAN Clean Tourist City Standard Awards ក្រោមអធិបតីភាព លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងតំណាងអញ្ជើញមកពីបណ្តាប្រទេសជាសមាជិកអាស៊ាន នៅសណ្ឋាគារឆ្នេរសុខាខេត្តព្រះសីហនុ ។
សូមបញ្ជាក់ថា, រដ្ឋមន្ត្រីទេសចរណ៍អាស៊ានបូកបី ប្តេជ្ញាស្តារវិស័យទេសចរណ៍អាស៊ានបូកបីឡើងវិញ ហើយអាត្រានៃភ្ញៀវទេសចរអន្តរជាតិដែលចូលមកទស្សនានៅបណ្ដាប្រទេសអាស៊ានបូកបី មានការធ្លាក់ចុះដល់ទៅប្រមាណ ៨១.៥% នៅឆ្នាំ២០២០ ដូច្នេះហើយរដ្ឋមន្រ្តីទេសចរណ៍អាស៊ានបូកបីក៏បានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នាឲ្យកាន់តែរឹងមាំថែមទៀត ដើម្បីជំរុញចលនាទេសចរណ៍ក្នុងប្រទេសអាស៊ានបូកបីឡើងវិញ។
ការប្ដេជ្ញានេះធ្វើឡើងកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានបូកបី (ចិន ជប៉ុន និងកូរ៉េ) លើកទី២១ តាមទម្រង់ Hybrid (ដោយផ្ទាល់ និងតាមវីដេអូខនហ្វើរិន) នៅក្រុងព្រះសីហនុ ដែលដឹកនាំដោយលោក ថោង ខុន រដ្ឋមន្ត្រីទេសចរណ៍កម្ពុជា និងសហប្រធាន លោក អូហ៍ យ៉ុងវូ (OH Yeong-Woo) អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងកីឡានៃសាធារណរដ្ឋកូរ៉េ។
កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងនាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ ដោយមានការចូលរួមពីថ្នាក់រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន ថ្នាក់រដ្ឋមន្ត្រីទេសចរណ៍ចិន ជប៉ុន និងកូរ៉េ អគ្គលេខាធិការអាស៊ាន មជ្ឈមណ្ឌលអាស៊ាន ចិន ជប៉ុន និងកូរ៉េ ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សរុបប្រមាណ១០០នាក់។
រដ្ឋមន្ត្រីទេសចរណ៍អាស៊ានបូកបីបានសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការធ្លាក់ចុះទេសចរអន្តរជាតិប្រមាណ ៨១.៥% នៅឆ្នាំ២០២០ ដែលបានធ្វើប៉ះពាល់ដល់ការងាររាប់លាននាក់ដោយសារការបិទអាជីវកម្ម និងការរឹតបន្តឹងការធ្វើដំណើរជាដើម៕
ដោយ ៖ សិលា