ព័ត៌មានទាន់ហេតុការណ៍៖

ថៃចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំង បង្ការកូវីដ-១៩ ដល់កុមារមានអាយុចាប់ពី៥-១១ឆ្នាំ

ចែករំលែក៖

រដ្ឋាភិបាលថៃនឹងចាប់ផ្តើមបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ជូនកុមារមានអាយុចាប់ពី ៥-១១ឆ្នាំ ដែលនឹងចាប់ផ្តើមនៅថ្ងៃទី៣១ខែមករាឆ្នាំ២០២២នេះ។
អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក Thanakorn Wangboonkongchana បានឱ្យដឹងថា ការចាក់វ៉ាក់សាំងលើកនេះនឹងប្រើប្រាស់វ៉ាក់សាំងចំនួន៣លានដូសផលិតដោយក្រុមហ៊ុន Pfizer/BioNTech ។
កន្លងមក មជ្ឈមណ្ឌលបង្ការជំងឺកូវីដ-១៩ របស់រដ្ឋាភិបាលថៃ(CCSA) បានប្រកាសពីការប្រើប្រាស់វ៉ាក់សាំង Pfizer/BioNTech ដល់កុមារមានអាយុចាប់ពី៥-១១ឆ្នាំ។ អ្នកនាំពាក្យ CCSA លោក Taweesilp Visanuyothin បានបញ្ជាក់ថា កុមារនឹងចាក់វ៉ាក់សាំងដែលមានគម្របពណ៌ទឹកក្រូច ដែលអាមេរិកបានអនុញ្ញាតឱ្យប្រើប្រាស់ចាក់ជូនកុមារដូចគ្នា។
តាមគម្រោងថៃនឹងទទួលបានវ៉ាក់សាំង Pfizer/BioNTech នៅថ្ងៃទី២៦ ខែមករា សម្រាប់ចាក់ជូនកុមារ ។ វ៉ាក់សាំងទាំងនោះស្ថិតនៅក្នុងកិច្ចព្រមព្រៀងទិញ១០លានដូសដែលរដ្ឋាភិបាលថៃបានបញ្ជាទិញ។
ពាក់ព័ន្ធនឹងការឆ្លងកូវីដ-១៩ នៅក្នុងប្រទេសថៃវិញក្រសួងសុខាភិបាលថៃ នៅថ្ងៃអង្គារ ទី២៥ ខែមករា ឆ្នាំ២០២២នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៦,៧០០ករណីបន្ថែមទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។
ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើ អ្នកជំងឺចំនួន១២នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថាបានស្លាប់ផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា ខណៈដែលអ្នកជំងឺចំនួន ៧,៦៥៩នាក់ផ្សេងទៀតត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។ រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសចំនួន ២,៣៩១,៣៥៧ករណី ក្នុងនោះមានអ្នកស្លាប់ ២២,០៦០នាក់ និងអ្នកជាសះស្បើយឡើងវិញគឺជាង ២.២៨លាននាក់។ គិតត្រឹមពេលនេះ ប្រទេសថៃបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុប ១១២.៦២លានដូស ក្នុងនោះប្រជាជន ៤៨.២៣លាននាក់ (៦៨.៩៥% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕

ដោយ៖សាធី(រូបថត៖THX/TTXVN )


ចែករំលែក៖