ភ្នំពេញ ៖ នៅថ្ងៃទី ៣១ ខែមករាឆ្នាំ ២០២២ ដែលគិតថ្ងៃចូលឆ្នាំចិន-វៀតណាមសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាបានបង្ហោះនៅលើបណ្ដាញសង្គម facebook ដោយបានចូលរួមអបអរពិធី បុណ្យចូលឆ្នាំចិន-វៀតណាមនេះ។
សម្ដេចបានសរសេរថា ខ្ញុំសូមចូលរួមអបអរសាទរជាមួយបងប្អូនដែលមានខ្សែស្រឡាយកាត់ចិននិងវៀតណាម នៅក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីចិននិងវៀតណាមពេលនេះ។
សេរីភាពខាងជំនឿ សាសនា ត្រូវបានធានាដោយច្បាប់។
ភាពសុខដុមខាង ជាតិសាសន៍ ជំនឿ សាសនា នៅក្នុងព្រះរាជាណាចក្រកម្ពុជា បានផ្តល់លទ្ធភាពឱ្យយើងបានកសាង អភិវឌ្ឍន៍ប្រទេសជាតិបានរីកចម្រើន ហើយប្រជាពលរដ្ឋរស់នៅប្រកបដោយសេចក្តីសុខដូចជាសព្វថ្ងៃ ចេះគោរពគ្នាទៅវិញទៅមក ទោះបីមានជំនឿ មានសាសនាផ្សេងគ្នាយ៉ាងណាក្តី។
សូមបងប្អូន កូនក្មួយទាំងអស់ ប្រុងប្រយ័ត្ន ចំពោះភ្លើងទៀនធូបក្នុងពេលសែនព្រេននេះអោយបានខ្ពស់បំផុតចៀសវាងគ្រោះអគ្គិភ័យដែលអាចកើតមាន ឡើងជាយថាហេតុ។
សូមបងប្អូនកូនក្មួយ បានប្រកបតែសេចក្តីសុខ សេចក្តី ចម្រើន ធ្វើដំណើរកម្សាន្តគ្រប់ទីកន្លែង មានអធ្យាស្រ័យគ្នាល្អ គោរពច្បាប់ចរាចរណ៍គ្រប់ៗគ្នា។ ពិសេសកុំភ្លេចអនុវត្តវិធានការសុខាភិបាល ការពារជំងឺកូវីដ-១៩ បានហ្មត់ចត់ មិនត្រូវធ្វេសប្រហែសឡើយ។
ឆ្លៀតឱកាសនេះខ្ញុំសូមជូនពរបងប្អូនជនជាតិចិន និងវៀតណាម ទាំងអស់ដែលកំពុងរស់នៅ វិនិយោគ ប្រកបកិច្ចការនានានៅកម្ពុជា ជួបតែសេចក្ដីសុខចម្រុងចម្រើន និងទទួលបានលាភសំណាងគ្រប់ៗគ្នា ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីនេះ៕
ដោយ៖ សូរិយា