ភ្លៀងធ្លាក់ខ្លាំងបង្កឲ្យមានគ្រោះបាក់ដី នៅរដ្ឋធានី Quito ប្រទេស អេក្វាឌ័រ សម្លាប់មនុស្ស ២៣នាក់ ។
អភិបាលក្រុង Quito លោក Santiago Guarderas នៅថ្ងៃទី ២ខែកុម្ភៈឆ្នាំ២០២២ បានប្រកាសថា ក្រៅពីអ្នកស្លាប់ក៏មានមនុស្ស ៤៧នាក់ រងរបួស ក្នុងនោះមានពីរនាក់ធ្ងន់ និង៧នាក់របួសស្រាលចេញពីមន្ទីរពេទ្យហើយ។
ភ្លៀងធ្លាក់យ៉ាងគំហុក បានបង្កទៅជាគ្រោះទឹកជំនន់ដ៏អាក្រក់ មិនធ្លាប់មានក្នុងរយៈពេលជិត ២០ឆ្នាំមកនេះ នៅក្នុងរដ្ឋធានី Quito នៃប្រទេសអេក្វាឌ័រ ។ ក្រៅពីបានបង្កឲ្យមនុស្សបាត់បង់ជីវិត និងរងរបួសជាច្រើននាក់ខាងលើនេះ គ្រោះទឹកជំនន់នេះ ក៏បានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិឯកជន និងសាធារណៈអស់ជាច្រើនទៀតផងដែរ ក្នុងនោះមានដូចជា អគារពាណិជ្ជកម្ម, លំនៅឋាន និងរថយន្តជាដើម។ កងកម្លាំងសង្គ្រោះ និងប្រជាពលរដ្ឋ បានរួមគ្នាបោសសម្អាតភូមិឋានរបស់ពួកគេ ក្រោយទឹកជំនន់ស្ងប់ស្ងាត់ទៅវិញ នៅថ្ងៃអង្គារសប្តាហ៍នេះ (ពេលវេលានៅអាមេរិកឡាទីន)។
តាមរបាយការណ៍ របស់អាជ្ញាធរអេក្វាឌ័រថា ភ្លៀងធ្លាក់យ៉ាងគំហុកកាលពីដើមសប្តាហ៍នេះ គឺមានកម្រិតខ្ពស់លើសពីការរំពឹងទុក របស់ក្រុមអ្នកព្យាករណ៍អាកាសធាតុ រហូតដល់ទៅ ៤០ដងឯណោះ ដែលជាកម្រិតខ្ពស់មិនធ្លាប់មាននោះឡើយ គិតចាប់តាំងពីឆ្នាំ២០០៣៕ដោយ៖ សាធី
រូបថត៖CNN/Getty Images.