ព័ត៌មានទាន់ហេតុការណ៍៖

កីឡាករអាជីព៧៥ភាគរយតស៊ូមតិចង់ឲ្យមានការប្រកួត World Cup រៀងរាល់៤ឆ្នាំម្តង

ចែករំលែក៖

សហព័ន្ធកីឡាបាល់ទាត់អាជីពអន្តរជាតិ (International Federation of Professional Footballers) ហៅកាត់ថា FIFPRO បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារ ទី១៥ ខែកុម្ភៈថា ៧៥ភាគរយនៃកីឡាករបាល់ទាត់អាជីពផ្នែកបុរសបានសម្រេចចិត្តដើម្បីរក្សាការប្រកួតបាល់ទាត់ពិភពលោកបច្ចុប្បន្ន ហើយចង់ឱ្យលេងរៀងរាល់៤ឆ្នាំម្តង។

នៅក្នុងខែវិច្ឆិកា FIFPRO បានស្ទង់មតិកីឡាករជាង១,០០០នាក់មកពីទ្វីបចំនួន៦ដែលក្នុងនោះមានច្រើនជាង៧០សញ្ជាតិផ្សេងៗគ្នា បន្ទាប់ពីសំណើរបស់ស្ថាប័នគ្រប់គ្រងបាល់ទាត់របស់ FIFA ដើម្បីប្តូរទៅជាការលេងរាល់២ឆ្នាំម្តង។

ការវិភាគតាមតំបន់បានបង្ហាញថា ៧៧ភាគរយនៃកីឡាករមកពីទ្វីបអឺរ៉ុប និងអាស៊ីចូលចិត្តការប្រកួតបាល់ទាត់ពិភពលោកដែលកើតឡើងរៀងរាល់៤ឆ្នាំម្តង ដោយ៦៣ភាគរយនៃកីឡាករបាល់ទាត់មកពីទ្វីបអាមេរិកបានចែករំលែកទស្សនៈរបស់ពួកគេ។ ការស្ទង់មតិបានបង្ហាញថា ក្នុងចំណោមកីឡាករអាហ្រ្វិក៤៩ភាគរយពេញចិត្តនឹងការប្រកួតរៀងរាល់៤ឆ្នាំម្តងជាជាងលេងរាល់២ ឬ៣ឆ្នាំម្តង។ មានតែអ្នកចូលរួម២១ភាគរយប៉ុណ្ណោះដែលជឿថា សំឡេងរបស់ពួកគេត្រូវបានគោរព និងត្រូវបានពិចារណាអំពីសុខុមាលភាពរបស់ពួកគេនៅក្នុងការគ្រប់គ្រងបាល់ទាត់អន្តរជាតិ។

អគ្គលេខាធិការ FIFPRO លោក Jonas Baer-Hoffmann បាននិយាយថា “ការស្ទង់មតិទៅលើកីឡាករបង្ហាញថា កីឡាករបាល់ទាត់ភាគច្រើននៅជុំវិញពិភពលោកមានចំណង់ចំណូលចិត្តច្បាស់លាស់ក្នុងការលេង World Cup រៀងរាល់៤ឆ្នាំម្តង។ ទន្ទឹមនឹងនោះលទ្ធផលបានបង្ហាញពីសារៈសំខាន់នៃការប្រកួតលីគក្នុងស្រុកចំពោះកីឡាករ”។

លោកអគ្គលេខាធិការ FIFPRO បន្តថា “លីគទាំងនេះគឺជាមូលដ្ឋានគ្រឹះនៃការប្រកួតរបស់យើង ហើយយើងត្រូវតែធ្វើបន្ថែមទៀតដើម្បីពង្រឹងពួកគេសម្រាប់ជាប្រយោជន៍ដល់កីឡាករ និងស្ថិរភាពទាំងមូលនៃបាល់ទាត់អាជីព”។

គួរបញ្ជាក់ថា ការប្រកួតបាល់ទាត់ Word Cup ឆ្នាំ២០២២ នឹងធ្វើឡើងនៅប្រទេសកាតាដោយនឹងត្រូវចាប់ផ្តើមប្រកួតនៅក្នុងខែវិច្ឆិកាចុងឆ្នាំនេះ។ បច្ចុប្បន្នក្រុមជម្រើសជាតិប្រទេសមួយចំនួនកំពុងប្រកួតក្នុងក្របខ័ណ្ឌជម្រុះតាមទ្វីបរៀងៗខ្លួននៅឡើយ ហើយមានប្រទេសមួយចំនួនដែរដែលបានកក់កៅអីស្វ័យប្រវត្តិទៅប្រទេសកាតារួចទៅហើយ ៕

ដោយ៖ ភារៈ(រូបភាព ៖ Reuters/CNA)


ចែករំលែក៖