ព័ត៌មានទាន់ហេតុការណ៍៖

ប្រមុខកងទ័ពជេីងគោកកម្ពុជាស្វែងយល់បទពិសោធន៍នៅកន្លែង​សំខាន់ៗ​នៃកងស្វ័យការពារជើងគោកជប៉ុន

ចែករំលែក៖

ប្រទេសជប៉ុន ៖ បន្ទាប់ពីចូលជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងកងកម្លាំងស្វ័យការពារជប៉ុនលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង​នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានបន្តដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ច ស្វែងយល់បទពិសោធន៍នៅកងពលតូចឆត្រយោងលេខ១ និងសាលាទ័ពជំនាញ FUJI នៃកងស្វ័យការពារជើងគោកជប៉ុន ក្នុងគោលបំណងបង្កើនលទ្ធភាព​ក្នុងកិច្ចសហប្រតិបត្តិការវាងកងទ័ពកម្ពុជា នឹងកងទ័ពជប៉ុនឲ្យកាន់តែល្អប្រសើរបន្ថែមទៀត មុនឈានដល់ប្រារព្ធខួបទី៣០ឆ្នាំ នៃប្រតិបត្តិការរក្សាសន្តិភាព(PKO) របស់ជប៉ុននៅកម្ពុជា។

   សូមបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចទៅកាន់កន្លែងសំខាន់ៗរបស់កងស្វ័យ ការពារជើងគោកជប៉ុន គណៈប្រតិភូកម្ពុជាស្តាប់បទបង្ហាញអំពីកងឯកភាព និងទស្សនាការសម្តែងលោតឆត្រយោងការហ្វឹកហ្វឺនបាញ់គ្រាប់ពិតពីរថក្រោះនិងការដាក់តាំងយុទ្ធោបករណ៍ផ្សេងៗពីសំណាក់កងទ័ពជប៉ុន ។

   ដំណើរទស្សនកិច្ចផ្លូវការរបស់លោកឧត្តមសេនីយ៍ឯកហ៊ុន ម៉ាណែត និងគណៈប្រតិភូជាន់ខ្ពស់កងទ័ពជើងគោកកម្ពុជានេះ គឺតបតាមការអញ្ជើញរបស់រាជរដ្ឋាភិបាលជប៉ុន តាមរយៈសម្តេចតេ ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ខណៈដែលប្រមុខរាជរដ្ឋាភិបាលប្រទេសទាំងពីរកម្ពុជា- ជប៉ុន ឯកភាពគ្នាប្រារព្ធខួបទី៣០ ឆ្នាំនៃប្រតិបត្តិការរក្សាសន្តិភាព (PKO) របស់ជប៉ុននៅកម្ពុជា ដោយប្រតិបត្តិការនេះ ជាប្រតិបត្តិការក្រៅប្រទេសលើកទី១ របស់កងកម្លាំងស្វ័យការពារជប៉ុនក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ។

   សូមបញ្ជាក់ថាៈ ដំណើរទស្សនកិច្ចរបស់ ឧត្តមសេនីយ៍ឯកប្រមុខកងទ័ពជេីងគោកកម្ពុជានេះត្រូវបានរាជរដ្ឋាភិបាលជប៉ុនយកយន្តហោះពិសេសរបស់ខ្លួនដឹកដោយផ្ទាល់ពីកម្ពុជាទៅកាន់ប្រទេសជប៉ុនដើម្បីបង្ការនៃការឆ្លងមេរោគកូវីដ-១៩៕


ដោយ ៖ សិលា


ចែករំលែក៖