ភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់ ដែលគេចខ្លួនជិត២ឆ្នាំ ត្រូវបានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ចាប់ខ្លួន បន្ទាប់ពីធ្វើសកម្មភាព ចាប់ជំរិតជនជាតិចិនដូចគ្នា នារសៀល ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនជនត្រូវចោទ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី។
លោក ហន សុខេមរិន ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ក្រោយបើកការស៊ើបសួរ ចោទប្រកាន់ជាផ្លូវការ រហូតសម្រេច ឃុំខ្លួនជនត្រូវចោទនៅពន្ធនាគារជាបណ្តោះអាសន្ន។
សូមបញ្ជាក់ថា ប្រតិបត្តិការឃាត់ខ្លួនបានធ្វើឡើងនៅព្រឹកថ្ងៃទី ទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ នៅចំណុចមុខកាស៊ីណូណាហ្គា២ មូលដ្ឋានសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ តាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ។
ជនត្រូវចោទដែលជាជនជាតិចិនរូបនេះមានឈ្មោះ យី សោស៊ែន កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០កន្លងទៅ ត្រូវបានលោក ហន សុខេមរិន ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបង្គាប់ឲ្យចាប់ខ្លួនពាក់ព័ន្ធបទល្មើសលួចមានស្ថានទម្ងន់ទោសដោយសារការធ្វើទារុណកម្ម ឬ អំពើឃោរឃៅ តាមមាត្រា៣៥៣និង៣៥៩ នៃក្រមព្រហ្មទណ្ឌ ។ ដែលបានប្រព្រឹត្តកាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ នៅខុនដូ ភាឡាឡេស បន្ទប់លេខ២១០៥ ផ្លូវលេខ៣៦៦ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង ។
បច្ចុប្បន្នជនត្រូវចោទ ត្រូវបាននគរបាលបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារ ម.១ ជាបណ្តោះអាសន្ន៕
ដោយ ៖ រ៉ារ៉ា