ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខេត្តតាកែវ​ បើកការដ្ឋានស្ថាបនាផ្លូវក្រាលថ្ម (មិច) ០១ខ្សែមានប្រវែង ៤៣០០ម៉ែត្រ និងទទឹង ១០ម៉ែត្រឆ្លងកាត់ ៣ឃុំ នៅស្រុកត្រាំកក់

ចែករំលែក៖

ខេត្ត​តាកែវ៖ លោក អ៊ូច​ ភា អភិបាល នៃគណៈអភិបាល ខេត្តតាកែវ នៅព្រឹកថ្ងៃសុក្រ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានអញ្ជើញបើកការដ្ឋានស្ថាបនាផ្លូវក្រាលថ្ម (មិច) ០១ខ្សែ មានប្រវែង ៤៣០០ម៉ែត្រ ទទឹង ១០ម៉ែត្រ ឆ្លងកាត់៣ឃុំ គឺឃុំអង្គតាសោម ឃុំលាយបូរ និងឃុំឧត្តមសូរិយា ស្ថិតនៅស្រុកត្រាំកក់ ខេត្តតាកែវ។ ពិធីបើកការដ្ឋាននេះដែរ ក៏មានការអញ្ជើញចូលរួមដោយ លោកប្រធាន អនុប្រធាន មន្ទីរអង្គភាព ជុំវិញខេត្ត លោកវរសេនីយ៍ឯក អេង ប៉ជាក មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោក កៅ វគ្គសែល អភិបាលស្រុកត្រាំកក់ និងលោកអធិការនគរបាលស្រុក ព្រមទាំងមន្រ្តីរាជការចំណុះរដ្ឋបាលស្រុក និងបងប្អូនប្រជាពលរដ្ឋ ចូលរួមផងដែរ។

មានមតិសំណេះសំណាលនាសឱកាសនោះដែរ លោក អ៊ូច ភា អភិបាលខេត្ត បានលើកឡើងថា ដោយមើលឃើញការលំបាកក្នុងការធ្វើដំណើរ របស់បងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្ស និងបងប្អូន ប្រជាកសិករ រស់នៅឃុំ អង្គតាសោម ឃុំលាយបូរ និងឃុំឧត្តមសូរិយា ពិបាកដំណើរឆ្លងកាត់ បាន រដ្ឋបាលសម្រេចធ្វើការ សិក្សា និងស្ថាបនាផ្លូវក្រាលថ្ម (មិច) ០១ខ្សែ មានប្រវែង ៤៣០០ម៉ែត្រនេះឡើង ដោយមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ការធ្វើដំណើរជាប្រចាំថ្ងៃរបស់បងប្អូន។

លោកអភិបាលខេត្តតាកែវ បានថ្លែងបន្តដោយធ្វើការណែនាំ ទៅដល់អាជ្ញាធរមូលដ្ឋាន ត្រូវធ្វើការអប់រំ ណែនាំដល់ប្រជាពលរដ្ឋ កុំឱ្យសាង់សង ឬរំលោភលើដីចំណីផ្លូវរបស់រដ្ឋ ព្រោះប្រសិនបើបងប្អូន ប្រជាពលរដ្ឋ បានចូលរួមចំណែកជាមួយនឹងអាជ្ញាធរមិនរំលោភដីចំណីផ្លូវ វាគឺជាការចូលរួមចំណែក និងបង្ហាញឱ្យឃើញពីការយល់ដឹង ការគោរពច្បាប់របស់ប្រជាពលរដ្ឋ ទៅលើដីចំណីផ្លូវ ពិសេសគឺនៅ ពេលដែលរដ្ឋត្រូវការធ្វើការពង្រីកផ្លូវ ឬជួសជុលផ្លូវ ចាក់កៅស៊ូជាដើម គឺមិនមានការប៉ះពាល់ ឬក៏ខូចខាត​ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋនោះឡើយ ។

លោក អ៊ូច ភា អភិបាលខេត្ត បានមានប្រសាសន៍បន្តថា ផ្លូវ ០១ខ្សែនេះ មានសារៈសំខាន់ណាស់ សម្រាប់បម្រើផលប្រយោជន៍រួម ព្រោះផ្លូវជាសសៃឈាមសេដ្ឋកិច្ច គឺមានផ្លូវមានសង្ឃឹម ម្យ៉ាងទៀត នៅពេលដែលទទួលបានផ្លូវ ០១ខ្សែនេះហើយ គឺយើងទាំងអស់គ្នាត្រូវចូលរួមថែរក្សាផ្លូវនេះ ឱ្យ​បានគង់ វង្សទុកសម្រាប់កូនចៅជំនាន់ក្រោយ និងទុកជាសម្បត្តិរួម៕

ដោយ​៖សហការី​


ចែករំលែក៖