ព័ត៌មានទាន់ហេតុការណ៍៖

កិច្ចប្រជុំអាស៊ានមានអ្វីប្លែក? កម្ពុជាបើកឆាកប្រជុំអាស៊ាន

ចែករំលែក៖

ភ្នំពេញ ៖ កិច្ចប្រជុំអាស៊ានមានអ្វីប្លែក?  កម្ពុជាបើកឆាកប្រជុំអាស៊ាន៖ កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ានបានធ្វើឡើងនៅទីក្រុងភ្នំពេញកាលពីថ្ងៃទី១៧ ខែកុម្ភៈ ២០២២ ដែលជាកិច្ចប្រជុំបែបកូនកាត់ (ដោយផ្ទាល់ផង និងតាមអនឡាញផង)។ មានប្រទេសចំនួន៦ដែលបានចូលប្រជុំដោយផ្ទាល់៖ កម្ពុជា ម៉ាឡេស៊ី ហ្វីលីពីន ឡាវ សិង្ហបុរី និងឥណ្ឌូនេស៊ី។ ប្រទេស៣ទៀតចូលរួមតាមអនឡាញ៖ ព្រុយណេ ថៃ និងវៀតណាម។ ដោយឡែកភូមាអវត្តមានមិនបានចូលរួម។ កិច្ចប្រជុំ “ចង្អៀត” មិនមែនជាការកម្រិតសម្លៀកបំពាក់រឹបខ្លួនឱ្យចង្អៀតណែន ឬប្រជុំក្នុងបន្ទប់តូចចង្អៀតនោះទេ។ វាជាទម្រង់នៃកិច្ចប្រជុំមួយ ដើម្បីប្រមូលធាតុចូលដោយការពិភាក្សាគ្មានការរឹតត្បិតនិងបើកចំហរជុំវិញប្រធានបទមួយចំនួន រួមទាំងការគិតគូរផែនការសកម្មភាពរបស់អាស៊ានសម្រាប់មួយឆ្នាំ២០២២ ក៏ដូចជាបញ្ហាប្រឈមនានាដែលនឹងអាចកើតមាន។ 

កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន គឺជាការបើកឆាកនៃកិច្ចប្រជុំទី១របស់មេដឹកនាំអាស៊ាន។ ជាទម្លាប់ កិច្ចប្រជុំនេះត្រូវបានធ្វើនៅក្នុងខែមករា ឬខែកុម្ភៈ។ កម្ពុជាបានគ្រោងប្រជុំម្ដងហើយកាលពីខែមករាកន្លងទៅ តែត្រូវអាក់ខានទៅវិញដោយសារប្រទេសមួយចំនួនមិនអាចធ្វើដំណើរមកកម្ពុជាបាន នៅពេលដែលកម្ពុជា ជាម្ចាស់ផ្ទះមានបំណងចង់ឱ្យមានការចូលរួមប្រជុំដោយផ្ទាល់។ ដោយសារតែការចង់បានបែបនេះ មិនអាចធ្វើទៅរួច ទើបកម្ពុជាសម្រេចចិត្តប្រជុំតាមបែបកូនកាត់ទៅវិញ ហើយអ្វីៗក៏បានដំណើរការរលូនរហូតដល់ចប់។

 ឮថាវៀតណាមមកដល់កម្ពុជាហើយ ហេតុអ្វីមិនអាចចូលប្រជុំបាន?

មិនមែនជាបញ្ហានយោបាយ ហើយក៏មិនមែនជារឿងសន្តិសុខដែរ តែវីរុសកូវីដបានវាយលុករដ្ឋមន្រ្តីការបរទេសវៀតណាម បង្ខំឲ្យគាត់ចូលរួមប្រជុំតាមអនឡាញពីក្នុងបន្ទប់សណ្ឋាគារសូហ្វីតែលក្បែរផ្សារអ៊ីអន១ ដែលជាកន្លែងប្រជុំនេះតែម្ដង។

 កិច្ចប្រជុំចប់ កប់ជាប់ឯកសារទៅវិញ៖

តាមការគ្រោងទុក សេចក្តីប្រកាសព័ត៌មានរបស់ប្រធានអាស៊ានត្រូវបានគ្រោងចេញផ្សាយនៅប្រហែលម៉ោងបីេសៀល ក្រោយកិច្ចប្រជុំចប់ ប៉ុន្តែមិនអាចចេញរួច ធ្វើឱ្យអ្នកសារព័ត៌មានអន្ទះសារ “ចាំបាត់ចាំបាត់” រហូតអស់ជាង២០ម៉ោង។

 មានអ្វីនៅពីក្រោយការជាប់គាំងឯកសារនេះ?

ភូមា ជាបន្លាដ៏ស្អិតនិងជាចំណងដ៏ក្រាស់មួយដែលបង្ខំឱ្យកម្ពុជាត្រូវសម្រេចចិត្តដកឬស្រាយចេញ។ សេចក្ដីព្រាងនៃសេចក្តីប្រកាសព័ត៌មានរបស់ប្រធានអាស៊ានពាក់ព័ន្ធទៅនឹងភូមា បានធ្វើឱ្យកម្ពុជាគិតច្រើន ម្ខាងជាគ្រួសារធំអាស៊ាន៩ ជាមួយសហគមន៍អន្តរជាតិ និងម្ខាងទៀតជាចំណងការទូតនិងបេសកកម្មប្រវត្តិសាស្រ្តរបស់កម្ពុជាក្នុងនាមប្រធានអាស៊ានដែលត្រូវធ្វើការ១ឆ្នាំពេញជាមួយ។ ភូមាមិនសប្បាយចិត្តសោះឡើយ នៅពេលដែលអាស៊ានគ្នាឯងព្រួតគ្នាសរសេរជាលាយលក្ខណ៍អក្សរឱ្យរបបយោធាភូមាដឹកនាំដោយលោក មីង អោងលាំង គួរធ្វើនេះ គួរធ្វើនោះជាមួយប្រេសិតពិសេសរបស់ប្រធានអាស៊ានរហូតដល់ស្នើឱ្យកម្ពុជាលុបចោលស្ទើរទាំងអស់។ នេះហើយជាវគ្គមួយនៃបទចម្រៀង “ចាហួយហើយនិងសង់ខ្យា យកនាងនេះចោលនាងនោះ ធ្វើម៉េចទៅចឹង?”។ ទីបំផុត កម្ពុជាដើរលើផ្លូវកណ្តាលមួយដោយសម្រេចចិត្តមិនលុបឡើយ គ្រាន់តែកែសម្រួលពាក្យពេចន៍ខ្លះ។ នេះហើយជាការទូតទន់ភ្លន់និងឈ្លាសវៃមួយរបស់កម្ពុជានៅដើមឆ្នាំ២០២២។

 ភូមាមិនដាច់អាល័យពីអាស៊ាន៖

កម្ពុជាបានអញ្ជើញភូមាឱ្យបញ្ជូនតំណាងចូលរួមដែលមិនមែនជាអ្នកនយោបាយ តែភូមាបានសម្រេចចិត្តធ្វើពហិការដោយបង្ខំបែបមិនចង់ចាញ់ចិត្តលើលក្ខខណ្ឌដែលអាស៊ានដទៃទៀតមិនឱ្យមានតំណាងរបស់ខ្លួនជាអ្នកនយោបាយថ្នាក់រដ្ឋមន្ត្រី ឬក៏ឋានៈខ្ពស់ជាងនេះ ដរាបណារបបយោធាភូមាមិនអាចធ្វើឱ្យមានការផ្លាស់ប្ដូរឬវិវត្តទៅមុខលើកិច្ចព្រមព្រៀង៥ចំណុចដែលបានឯកភាពគ្នាកាលពីខែមេសាឆ្នាំកន្លងទៅ។ ទោះជាសម្រចចិត្តពហិការមែន តែភូមានៅតែមិនអស់អាល័យរហូតសូមសិទ្ធិ “លបស្តាប់” តាមខ្សែអនឡាញដោយមិនឱ្យគេឃើញមុខ។ មកដល់ពេលនេះ អាស៊ានខ្លួនឯងពិបាកនឹងបដិសេធលើការបរិយាយនានារបស់អ្នកខាងក្រៅដែលថា អាស៊ានដើរដល់ផ្លូវបំបែកមួយដែលមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្ររបស់ខ្លួនដែលធ្លាប់តែជុំគ្នាក្នុងរង្វង់គ្រួសារ១០ ធ្លាក់មកនៅ៩ នេះមិនទាន់និយាយទៅដល់ការបែងចែកប៉ូលលើនយោបាយការបរទេសក្នុងបរិបទភូមិសាស្រ្តនយោបាយរវាងចិននិងអាមេរិកផង។

 បញ្ហាភូមាគ្របដណ្តប់លើកិច្ចប្រជុំ៖

រឿងរ៉ាវជាច្រើនត្រូវបានលើកយកមកពិភាក្សា ប៉ុន្តែបញ្ហាដែលក្តៅជាងគេ ជជែកច្រើនជាងគេ គឺរឿងភូមានេះឯង។ ដូចសព្វមួយដង រាល់កិច្ចប្រជុំរបស់មេដឹកនាំអាស៊ាន បញ្ហាសមុទ្រចិនខាងត្បូង បញ្ហាឧបទ្វីបកូរ៉េ តែងតែគ្របដណ្ដប់លើប្រធានបទឬរបៀបវារៈនៃកិច្ចប្រជុំ។ បញ្ហាភូមា ជារឿងក្នុងរង្វង់គ្រួសារអាស៊ាន ដែលក្លាយជាការប្រទាំងប្រទឹសមួយទៅនឹងធម្មនុញ្ញអាស៊ានដែលមិនអនុញ្ញាតឱ្យសមាជិកអាស៊ាន៩ទៀតជ្រៀតជ្រែក ប៉ុន្តែពេលនេះ អាស៊ានត្រូវបានចាប់បង្ខំមិនឱ្យឈរឱបដៃមើលទៀតឡើយ នោះក៏ដោយសារតែអំពើរហិង្សា ការបង្ហូរឈាមនៅតែបន្ត ជាពិសេសការធ្វើទុក្ខបុកម្នេញទៅលើគណបក្សដែលឈ្នះឆ្នោតនិងអ្នកនយោបាយរួមទាំងលោកស្រី អោង សានស៊ូជី ក្រោយពីការដណ្តើមអំណាចដោយរបបយោធាដឹកនាំដោយលោក មីង អោងលាំង។

រដ្ឋមន្រ្តីការបរទេសម៉ាឡេស៊ី បុរសសម្តីកាចដើមឆ្នាំ២០២២៖

លោក Saifuddin Abdullah រដ្ឋមន្រ្តីការបរទេសម៉ាឡេស៊ី បានធ្វើឱ្យមេដឹកនាំកម្ពុជាខ្នក់ចិត្តយ៉ាងខ្លាំង បន្ទាប់ពីគាត់បានរិះគន់កម្ពុជាជុំវិញដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ទៅកាន់ប្រទេសភូមាកាលពីដើមខែមករាកន្លងទៅ។ ពាក្យពេចន៍ដែលលោកប្រើត្រូវបានអ្នកការទូតអាជីពយល់ថា ជាភាសាមួយដែលកម្រ ឬមិនធ្លាប់មានសម្រាប់ប្រមុខការទូតនៃប្រទេសមួយរិះគន់ដល់ប្រមុខរដ្ឋាភិបាលនៃប្រទេសមួយទៀត ជាពិសេសនៅក្នុងរង្វង់គ្រួសារអាស៊ាន។ សម្រង់សម្តីដើម៖ “​​ដំណើរ​ទស្សនកិច្ច​របស់​គាត់ (ហ៊ុន សែន) ​ត្រូវ​បាន​បកស្រាយថា​ជា​ការ​ទទួល​ស្គាល់​របបយោធាក្នុងប្រទេសមីយ៉ាន់ម៉ា។ ម៉ាឡេស៊ី​យល់​ឃើញ​ថា…គាត់គួរតែពិគ្រោះជាមួយមេដឹកនាំអាស៊ានផ្សេងទៀត ហើយស្វែងរកទស្សនៈរបស់យើងអំពីអ្វីដែលគាត់គួរធ្វើ ប្រសិនបើគាត់ទៅមីយ៉ាន់ម៉ា”។ សម្តេច ហ៊ុន សែន បានប្រតិកម្មឆ្លើយតបថា ជាការប្រើប្រាស់ពាក្យសម្ដីមិនគប្បីលើថ្នាក់ដឹកនាំអាស៊ាន “មានលក្ខណៈព្រហើន មិនសមជាអ្នកការទូត និងខ្វះការគួរសម”។ 

លោក Saifuddin Abdullah ជារដ្ឋមន្រ្តីតែមួយរូបគត់ដែលស្លៀកសម្លៀកបំពាក់ខុសគេ “អាវបាទីកនិងស្បែកជើងប៉ាតតា” ពេលចូលប្រជុំ។ អាវបាទីក ជាអាវប្រពៃណីរបស់ម៉ាឡេស៊ីដែលគេបានចេញគោលនយោបាយមួយលើកទឹកចិត្តឱ្យមន្រ្តីរដ្ឋាភិបាលរបស់ខ្លួនពាក់អាវបាទីក (Batik) រៀងរាល់ថ្ងៃព្រហស្បតិ៍ (ចំថ្ងៃប្រជុំនៅភ្នំពេញ) ដើម្បីជំរុញផលិតផលសិប្បកម្មក្នុងស្រុករបស់គេ។ យ៉ាងណាក៏ដោយ រដ្ឋមន្រ្តីម៉ាឡេស៊ីរូបនេះបានសរសេរល្អពីកិច្ចប្រជុំនៅភ្នំពេញលើបណ្តាញសង្គមរបស់លោក បន្ទាប់ពីប្រជុំចប់ ខុសពីខ្លឹមសារដែលលោកធ្លាប់ថ្លែងមុនមកដល់ភ្នំពេញ។

 ជំទាវមេដឹកនាំអាស៊ានទៅណាមកណា ចូលចិត្តទិញអ្វីពេលមកដល់កម្ពុជា?

លើកនេះ មានជំទាវរដ្ឋមន្រ្តីការបរទេសតែពីរូបប៉ុណ្ណោះដែលបានមកតាមស្វាមី៖ មា៉ឡេស៊ី និងហ្វីលីពីន។ មិនខុសពីលើកមុនៗឡើយ ផ្សារធំថ្មី ផ្សារទួលទំពូងគ្រឿងប្រាក់ គ្រឿងអលង្ការ ហូលផាមួង និងត្រីងៀត សុទ្ធតែជាវត្ថុនិងរបស់ដែលមិនអាចគេចផុតពីក្រសែភ្នែករបស់ភរិយាថ្នាក់ដឹកនាំបរទេសឡើយ។

 អំរែករបស់កម្ពុជា៖

ឆ្នាំ២០២២ ជាឆ្នាំអំរែកដ៏ធំមួយរបស់កម្ពុជា។ តាំងពីមួយឆ្នាំមុនម្លេះ កម្ពុជាបានត្រៀមបញ្ជីការងារដែលត្រូវធ្វើនិងត្រូវរែកពន់។ ក្រោយទទូលតួនាទីជាប្រធានអាស៊ានបាន៧ថ្ងៃ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានធ្វើដំណើរទៅកាន់ប្រទេសភូមា ជាបេសកកម្ម “បើកបំពង់លូដែលស្ទះក្រោយពីទឹកលែងហូរអស់ជាច្រើនខែ”។ យ៉ាងណាក៏ដោយ កម្ពុជាពុំអាចគេចចេញពីបញ្ហាធំៗនិងបញ្ហាប្រឈមនៅឡើយទេ នោះគឺ៖ ជំងឺរាតត្បាតកូវីដ-19; ឥទ្ធិពលភូមិសាស្រ្តនយោបាយនៃគូប្រជែងរបស់មហាអំណាចពីរ (ចិន និងអាមេរិក); វិបត្តិតភាគនៅភូមា; ជម្លោះតជំនាន់នៅសមុទ្រចិនខាងត្បូង និងចុងក្រោយបញ្ហាប្រឈមផ្ទៃក្នុងរបស់អាស៊ានខ្លួនឯង។ របៀបវារៈទាំងអស់នេះនឹងធ្វើឱ្យកៅអីប្រធានអាស៊ានរវល់រហូត។ សម្រាប់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជោគជ័យធំនៃប្រធានអាស៊ានរបស់លោកប្រហែលនឹងត្រូវបានកំណត់ដោយបញ្ហាធំៗមួយចំនួន៖ បើមានវឌ្ឍនភាពវិជ្ជមាននៃវិបត្តិនៅភូមា; ការចរចាក្រមប្រតិបត្តិនៅសមុទ្រចិនខាងត្បូងត្រូវបានបញ្ចប់ (CoC); និងការវិវត្តជាវិជ្ជមាននៃទស្សនវិស័យអាស៊ានសម្រាប់ឥណ្ឌូប៉ាស៊ីហ្វិក (ASEAN Outlook on Indo-Pacific)។ 

កម្ពុជាត្រូវធ្វើម្ចាស់ផ្ទះកិច្ចប្រជុំខ្នាតយក្សធំពីរទៀតនៅខែសីហា និងខែវិច្ឆិកា នោះគឺ៖ ថ្នាក់រដ្ឋមន្រ្តីការបរទេសមកពី២៧ប្រទេស និងកិច្ចប្រជុំកំពូលថ្នាក់ប្រមុខរដ្ឋនិងប្រមុខរដ្ឋាភិបាលមកពី១៨ប្រទេស រួមទាំង អាមេរិក, ចិន, រុស្សី, ជប៉ុន និងឥណ្ឌា។ល។ ខែវិច្ឆិកា ក៏ជាខែដែលប្រទេសពីរទៀតនៅក្នុងអាស៊ាន៖ ថៃត្រូវធ្វើម្ចាស់ផ្ទះកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) រីឯឥណ្ឌូនេស៊ីត្រូវធ្វើម្ចាស់ផ្ទះកិច្ចប្រជុំកំពូល G-20។ មេដឹកនាំកំពូលនៃប្រទេសពាក់ព័ន្ធទាំងអស់ត្រូវបានកក់ទុកសម្រាប់កិច្ចប្រជុំទាំងបីនេះ តែនៅមិនទាន់ប្រាកដនៅឡើយទេថា Omicron ឬសណ្តានគ្រួសារនៃវីរុសកូវីដនឹងនៅបន្តគំរាមកំហែងបន្តរហូតដល់ពេលនោះឬយ៉ាងណា? ៕

ដោយ ៖ ពុយ គា


ចែករំលែក៖