ព័ត៌មានទាន់ហេតុការណ៍៖

ពិធីប្រចាំដប់ពីរខែ (តពីលេខមុន)

ចែករំលែក៖

(តពីលេខមុន)

  ប្រជារាស្រ្តខ្មែររាប់ ៧ ថ្ងៃជា១ សប្តាហ៍នានាជាតិដែរ ហើយថ្ងៃ ឬតិថិមួយៗ មានតារាងមួយជាតំណាងថែមទាំងមានពណ៌ប្រចាំតារាងនីមួយៗនោះផង :

– អាទិត្យ គឺជាថ្ងៃព្រះ អាទិត្យពណ៌ ក្រហម

– ចន្ទ គឺជាថ្ងៃ ព្រះ ចន្ទ ពណ៌ ស្លាទុំ

– អង្គារ គឺជាថ្ងៃ ព្រះ អង្គារ ពណ៌ ស្វាយ

– ពុធ គឺជាថ្ងៃ ព្រះ ពុធ ពណ៌ បៃតង

– ព្រហស្បតិ៍ គឺជាថ្ងៃ ព្រះ ព្រហស្បតិ៍ ពណ៌សែត(ស.ប្រផេះឬ ខៀវ) 

– សុក្រ គឺជាថ្ងៃ ព្រះ សុក្រ ពណ៌ ខៀវ

– សៅរ៍ គឺជាថ្ងៃ ព្រះ សៅរ៍ ពណ៌ខ្មៅ

  ចំពោះថ្ងៃទាំង ៧ នេះ បើសិនជាគេមិនរាប់បញ្ចូលទៅក្នុងតារាងថ្ងៃខែនៃពិធីបុណ្យធំៗទេក៏ត្រូវតែមានការសំខាន់ក្នុងការចាប់ផ្ដើមធ្វើការអ្វីមួយដែរ។ ហេតុនេះហើយទើបមានខ្មែរខ្លះប្រកាន់មិនលក់របស់ឬមិនឲ្យគេខ្ចីប្រាក់ នៅថ្ងៃចន្ទទេ។ ប៉ុន្តែចំពោះថ្ងៃចន្ទនេះបើជាទិញរបស់ចូលវិញគេថារបស់នោះឲ្យផលល្អច្រើន។តាមធម្មតា ថ្ងៃសៅរ៍ជាថ្ងៃឃ្លុប(ចង្រៃអពមង្គល) ប៉ុន្តែជា តិថិដែលពួកខ្មោចភូតបិសាចចូលចិត្តនិយម។ ហេតុនេះហើយទើបគេចូលចិត្តរើសយកថ្ងៃនេះដើម្បីធ្វើពិធីសែនព្រេនចំពោះពួកនោះ។ រីឯព្រះខ័នរាជដែលជាគ្រឿងស័ក្តិសិទ្ធិមួយក្នុងព្រះនគរគេអាចហូតចេញពីស្រោមបានចំពោះតែថ្ងៃអង្គារ ឬថ្ងៃសៅដែរ…។

  ទំនៀមដែលគេនិយមនៅឡើយ  គឺទំនៀមស្លៀកសំពត់តាមពណ៌ថ្ងៃនៅក្នុងព្រះរាជពិធី ដើម្បីនឹងតម្រូវតាមទំនៀមខាងលើនេះគេត្រូវប្រើក្លស់តាមពណ៌ថ្ងៃដែរ។

  ប្រជាជនខ្មែរប្រើសករាជច្រើនយ៉ាង ។ សករាជដែលប្រើជាផ្លូវការសព្វថ្ងៃនេះ គឺ ពុទ្ធសករាជហើយគិតរាប់សករាជទី ១ តាំងពី ឆ្នាំដែលព្រះពុទ្ធទ្រង់បរិនិពាន្វទៅគឺ ៥៤៣ ឆ្នាំមុនគ្រិស្តសករាជតាមប្រពៃណីប្រទេសលង្កា។ ព្រះសង្ឃចាប់រាប់ឆ្នាំពុទ្ធសករាជតាំងពីថ្ងៃពេញបូណ៌មីខែវិសាខទៅ ប៉ុន្តែអ្នកស្រុកគេគិតពីថ្ងៃ ១៣ឬ ១៤ មេសា ដូចជាឆ្នាំខាងចុល្លសករាជដែរ។

  តាមការពិតចុល្លសករាជ គឺគិតយកដំណើរព្រះអាទិត្យជាគោលហើយថ្ងៃឡើងស័កត្រូវចំលើថ្ងៃទី ៣ នៃពិធីបុណ្យចូលឆ្នាំ ។ ចុល្លសករាជនេះបានកើតមានឡើងក្រោយគ្រឹស្តសករាជ ៦៣៨ ឆ្នាំ។ ក្រៅអំពីនេះខ្មែរមានប្រើសករាជមួយបែបទៀត គឺមហាសករាជ ជាសករាជ(សក:) ដែលគេតែងឃើញលើសិលាចារិកនៅប្រាសាទអង្គរ។សករាជនេះ ចាប់ផ្ដើមតាំងឡើងក្រោយសករាជយេស៊ូគ្រិស្តចំនួន៧៨ឆ្នាំ។

  ក្នុងមួយឆ្នាំរបស់ខ្មែរមាន ១២ខែ។ ឆ្នាំនីមួយៗមានឈ្មោះជាសតវត្សទាំងអស់ បើកាលណាគេរកឆ្នាំទាំងនោះរៀងពីលេខ០ ទៅលេខ ៩ ហើយត្រឡប់មកលេខ 0 វិញឱ្យទាល់តែគ្រប់ ៦០ ឆ្នាំ គេអាចមិនចូលឆ្នាំទាំងនោះជាមួយជុំធំដែលមានចំនួន ៦០: ឆ្នាំតាមរបៀបនេះឃើញថា ការផ្លាស់ឆ្នាំនិងការអស់កាលបរិច្ឆេទត្រូវធ្វើនៅថ្ងៃទី១ នៃខែចេត្រនោះដែរ។

  ចំណែកឈ្មោះសត្វប្រចាំឆ្នាំទាំង ១២ របស់ខ្មែរទាំងប៉ុន្មាននោះ មានអនុភាពសំខាន់ណាស់លើជីវភាពរបស់ជនជាតិខ្មែរ។ ព្រោះការធ្វើពិធីបូជាព្រះគ្រោះក្តី ការធ្វើពិធីឡើងផ្ទះថ្មីក្តី ហើយជាពិសេសទៅទៀតគឺការមើលខែឆ្នាំនេះពេលរៀបអាពាហ៍ពិពាហ៍កូនប្រុស-ស្រី ត្រូវតែយកឆ្នាំកំណើតមនុស្សមកដេញ ងាយរកថ្ងៃមានជោគជ័យ ជាមង្គលដើម្បីប្រារឰធ្វើពិធីនោះទាំងអស់៕(នៅមានត)

ស្រាវជ្រាវនិងកែសម្រួលដោយ÷ ចៅតាជេត


ចែករំលែក៖