ព័ត៌មានទាន់ហេតុការណ៍៖

បញ្ជូន​ខ្លួន​ជនជាតិ​ថៃ​ម្នាក់​ រួម​និង​គ្រឿង​ញៀន​ទៅសាលាដំបូង​ខេត្ត​បន្ទាយមានជ័យ​ ដេីម្បីអនុវត្តបន្តនីតិវិធី

ចែករំលែក៖

ខេត្ត​បន្ទាយមានជ័យ​៖​ បុរស​ជនជាតិ​ថៃ​ម្នាក់​ ពាក់ព័ន្ធ​ករណី​គ្រឿង​ញៀន​ ត្រូវ​បានកម្លាំងមូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​ ធ្វើការ​បង្ក្រាប​ និងឃាត់ខ្លួនយកមកសាកសួររហូតបញ្ចប់នីតិវិធី។ លុះនៅព្រឹកថ្ងៃព្រហស្បតិ៍ទី២៤​ ខែកុម្ភៈ​ ឆ្នាំ​២០២២នេះ​ សមត្ថកិច្ច​ជំនាញ​ បានកសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូងខេត្ត​បន្ទាយមានជ័យ​ ចាត់​ការ​តាម​ច្បាប់​។ 

​បេី​តាមរបាយការណ៍របស់​មន្រ្តី​កងរាជអាវុធហត្ថខេត្ត​បន្ទាយមានជ័យ​ បានឱ្យដឹងថា​ ជនសង្ស័យ​ឈ្មោះ ថា​ត់​ សា​ណៃ ធាន​ហេង ភេទប្រុស​ អាយុ​២៦​ឆ្នាំ ជា​ជនជាតិ​ថៃ​ ត្រូវ​បានកម្លាំងកងរាជអាវុធហត្ថ ធ្វើការ​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​ចុះបង្រ្កាប​នៅ​ចំណុច​ផ្សារ​ទឹក​ពុះ ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ​​កាលពី​យប់​ថ្ងៃទី​២២​ ខែកុម្ភៈ​ ឆ្នាំ​២០២២។ 

 ដោយឡែក​វត្ថុតាង​ចាប់យកពីជនសង្ស័យរួមមាន៖ គ្រឿងញៀន​ប្រភេទម្ស៉ៅ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​០១​កូន​ថង់​កិប ស្មើនឹង​ទម្ងន់​៣,៤៧​ក្រាម និង​គ្រឿងញៀន​ម្ស៉ៅ​ម៉​ត់​ពណ៌​ស ចំនួន​០២​កូន​ថង់​កិប ស្មើនឹង​ទម្ងន់​១,៩៨​ក្រាម រួច​បញ្ជូនទៅសាកសួរនៅ​មូលដ្ឋាន​កង​រាជ​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​។

​បេី​តាមការបញ្ជាក់ពី​លោក​វរសេនីយ៍ឯក ជា តារា មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​ ទទួល​ការងារ​ប្រឆាំង​គ្រឿងញៀន​ ក៏បាន​ឱ្យដឹងថា៖​ ក្នុងប្រតិបត្តិការបង្ក្រាប​ជនសង្ស័យ​ខាងលើនេះ​ ដោយមានការណែនាំពីលោក​ឧ​ត្ត​ម​សេនីយ៍​ត្រី បោ​ន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត និង​មានការ​សម្របសម្រួល​នីតិវិធី​ពី លោក​កើត វណ្ណា​រ៉េត ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្ត​ផងដែរ។ ​

ក្រោយឃាត់ខ្លួន​ ជនសង្ស័យ​បានឆ្លេីយសារភាពថា រូបគេ​ពិតជា​បាន​ទិញ​គ្រឿងញៀន​ខាងលើនេះ​មក​រក្សាទុក​សម្រាប់​ប្រើប្រាស់​ខ្លួនឯង​ពិតមែន។​ បច្ចុប្បន្ន​ជនសង្ស័យ រួម​នឹង​វត្ថុតាង​ត្រូវបាន​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​កងរាជអាវុធហត្ថ​ខេត្ត​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ ដើម្បី​ចាត់​ការ​តាម​ច្បាប់​៕

ដោយ​៖សហការី​


ចែករំលែក៖