ព័ត៌មានទាន់ហេតុការណ៍៖

ពិធីប្រចាំដប់ពីរខែ(តពីលេខមុន)

ចែករំលែក៖

(តពីលេខមុន)

 នៅរាជធានីភ្នំពេញព្រះករុណាទ្រង់យាងធ្វើពិធីភ្នំខ្សាច់នៅទីលានដែលគេបានយកដាក់ជាឈ្មោះទីក្រុងយើងសព្វថ្ងៃនេះ។ នៅលើភ្នំនោះមានព្រះចេតិយមួយធំដែលព្រះចៅពញាយ៉ាយបានកសាងឡើងក្នុងដើមសតវត្សទី ១៥ ។ គេធ្វើពិធីបង្សុកូលនៅក្បែរព្រះចេតិយធំនោះនឹងនៅព្រះចេតិយតូចៗឯទៀតនៅជិតជើងភ្នំ។ វិធីបង្សុកូលនេះជាពិធីដែលអ្នកនៅរស់ធ្វើបញ្ជូនផលានិសង្ឃដល់អ្នកស្លាប់ដោយមានជំរៀកជាខ្សែកាន់សូត្រធម៌ជានិមិត្តរូបនៃការទាក់ទង រវាងអ្នកធ្វើនិងសព មឈូស ធាតុ (មានចេតិយនៅចំពោះមុខស្រាប់)។ នៅឯទីវត្តព្រះកែវមរកតមានធ្វើពិធីពូនភ្នំខ្សាច់ដែរ។ ភ្នំខ្សាច់មួយដែលធំជាងគេធ្វើនៅក្នុងព្រះវិហារព្រះករុណាទ្រង់យាងប្រទក្សិណភ្នំទាំងអស់នោះបីជុំ យ៉ាងឧឡារិករួចទ្រង់បាចដីខ្សាច់សដែលគេបាននាំយកមកអំពីលង្វែកមួយក្តាប់ៗ ទៅលើភ្នំធំនោះថែមទាំងដោតនូវផ្កាភ្ញីព្រមទាំងទង់តូចៗផងផង។ព្រះរាជវង្សានុវង្សព្រមទាំងនាម៉ឺនសព្វមុខមន្ត្រី ធ្វើតាមព្រះអង្គ ប៉ុន្តែត្រូវបាចខ្សាច់ក្រហមនៃទន្លេមេគង្គវិញ។ នៅទីបញ្ចប់ព្រះសង្ឃស្វាធ្យាយធម៌រួចប្រគេនទេយ្យទានមានសំពត់សាដក់ជាដើមចំពោះព្រះសង្ឃជាការស្រេច ។

 បើប្រៀបធៀបនឹងព្រះរាជពិធីចូលឆ្នាំថ្មីវិញ ពិធីពូនភ្នំខ្សាច់នេះពុំមានការកំណត់ថ្ងៃឲ្យបានទៀងទាត់ទេ។ 

 ថ្ងៃចូលឆ្នាំទីមួយហៅថាសង្ក្រាន មកពីសំស្ក្រឹតថា” សង្ក្រាន្តិ ” ប្រែថាដំណើរ គឺនៅថ្ងៃនេះហើយដែលព្រះអាទិត្យចរចូលកាន់តែរាសីថ្មី។

 ក្នុងការចាប់បដិសន្ធិនៃរាសី(ផ្កាយ) ទាំង ៧ ប្រចាំថ្ងៃក្នុងសប្តាហ៍ មានរឿងព្រេងបុរាណមួយនិទានថា កាលនោះកបិលមហាព្រហ្មចោទជាបញ្ហាបី”ខ”ឱ្យធម្មបាលដែលជាអ្នកប្រាជ្ញធំបកស្រាយថា បើធម្មបាលដោះស្រាយប្រស្នានោះពុំរួចទេ ត្រូវកាត់ក្បាលបូជា ហើយបើប្រសិនជាធម្មបាលដោះប្រស្នានោះរួច កបិលមហាព្រហ្ម សុខចិត្តកាត់ក្បាលខ្លួនឯងឲ្យបូជាវិញ។ ប៉ុន្តែភ័ព្វវាសនាល្អ នាំឲ្យធម្មបាលបានឮសត្វឥន្ទ្រីញីឈ្មោលជជែកគ្នាអំពីប្រស្នានោះមុនថ្ងៃកំណត់ ហើយក៏បានចូលទៅស្រាយប្រស្នាតាមកម្រិតពេលវេលា កបិលមហាព្រហ្មក៏ត្រូវទទួលកាត់ក្បាលខ្លួនឯងបូជាដោយភ្នាល់ចាញ់គេ ប៉ុន្តែក្បាលកបិលមហាព្រហ្មនេះមានឫទ្ធានុភាពខ្លាំងពូកែណាស់ បើធ្លាក់ដល់ដីកាលណា នឹងឆេះលោកធាតុទាំងមូលមិនខាន។ បើចោលទៅលើអាកាសនឹងបណ្ដាលឱ្យភ្លៀងអន្តរាយអស់។បើចោលទៅក្នុងសមុទ្រៗ នឹងខះរីងស្ងួតសូម្បីសេសសល់តែបន្តិចបន្តួចក៏គ្មាន។ ទើបកបិលមហាព្រហ្មហៅកូនស្រីទាំង ៧ នាក់ដោយផ្ដាំថាយកពានមួយមកចាំទទួលយកក្បាលឪពុក ទៅរក្សាទុកឯភ្នំថ្ងៃរះហើយផ្លាស់វេនគ្នារក្សាមួយឆ្នាំម្នាក់ៗ ផ្ដាំស្រេច កបិលមហាព្រហ្មកាត់ក្បាលខ្លួនឯងមួយរំពេចហុចទៅឲ្យនាងទុង្សាធីតាច្បង។ចាប់តាំងពីគ្រានោះមក ទើបនៅពេលដែលត្រូវផ្លាស់ប្ដូរវេនគ្នាគឺនៅពេលចូលឆ្នាំថ្មីម្ដងៗ កូនស្រីកបិលមហាព្រហ្មនាំគ្នាដង្ហែក្បាលឪពុកអំពីភ្នំកីឡាទៅប្រទក្សិណភ្នំព្រះសុមេរុចំនួន ៦០ នាទី គឺអស់រយៈពេលមួយថ្ងៃគត់ដោយមានទេពនិករជួយហែហមផង ៕(នៅមានត)

ស្រាវជ្រាវនិងកែសម្រួលដោយ÷ចៅតាជេត


ចែករំលែក៖