ព័ត៌មានទាន់ហេតុការណ៍៖

លោកណុប ចំរើន ជំរុញដល់អាជ្ញាធរសង្កាត់ទាំង៧ក្នុងក្រុងស្វាយរៀងត្រូវបន្តយកចិត្តទុកដាក់ខ្ពស់លើការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោកណុប ចំរើន អភិបាលក្រុងស្វាយរៀងបានជំរុញដល់អាជ្ញាធរសង្កាត់ទាំង៧ក្នុងក្រុងស្វាយរៀងត្រូវបន្តយកចិត្តទុកដាក់ខ្ពស់លើការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។

   ការជំរុញបែបនេះធ្វើឡើងនាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ក្នុងកិច្ចប្រជុំផ្សព្វផ្សាយការងារចាំបាច់ក្រោមការចូលរួមពីលោក សរ សុដានី អភិបាលរងក្រុង លោកកែន រិទ្ធី អធិការនគរបាលក្រុង លោកនាយករងរដ្ឋបាលសាលាក្រុង កងកម្លាំងសមត្ថកិច្ចចំណុះសាលាក្រុង លោក លោកស្រីប្រធានការិយាល័យអង្គភាពទាំង១៣ចំណុះសាលាក្រុង លោក លោកស្រីចៅសង្កាត់ ប៉ុស្តិ៍រដ្ឋបាលសង្កាត់ និងស្មៀនសង្កាត់ទាំង៧ក្នុងក្រុងជាច្រើននាក់ផងដែរ។

លោកអភិបាលក្រុង បានកោតសរសេីរដល់មន្ត្រីរាជការ អង្គភាពចំណុះសាលាក្រុងទាំងអស់ដែលបានខិតខំបំពេញការងារតាមតួនាទីភារកិច្ចប្រកបដោយស្មាតីទទួលខុសត្រូវខ្ពស់។

លោកបានបន្ថែមថា ក្នុងបរិបទនៃការរៀនរស់ជាមួយជំងឺកូវីដ-១៩ សូមមន្ត្រីរាជការ អង្គភាពចំណុះសាលាក្រុងស្វាយរៀងទាំងអស់ បំពេញការងារដោយប្រុងប្រយ័ត្ន ថែរក្សាសុខភាព ប្រកាន់ខ្ជាប់ នូវវិធានការការពារការឆ្លងជំងឺកូវីដ-១៩ និងត្រូវបន្តខិតខំថែរក្សាសណ្តាប់ធ្នាប់ សុខសុវត្ថិភាព និងផ្តល់សេវាជូនប្រជាពលរដ្ឋក្នុងក្រុងឱ្យរឹតតែមានគុណភាពខ្ពស់ ឆាប់រហ័ស ទាន់ពេលវេលា។

ក្នុងឱកាសនោះលោកអភិបាលក្រុងបានដាក់ចេញនូវផែនការសម្រាប់អនុវត្តបន្តមួយចំនួន ដូចជាបន្តផ្សព្វផ្សាយវិធានការការពារជំងឺកូវីដ-១៩ ដល់ប្រជាជនក្នុងក្រុង។  ត្រូវបន្តផ្សព្វផ្សាយដល់ប្រជាជនទៅទទួលសេវាចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលសាលាក្រុងស្វាយរៀងបានរៀបចំចំនួន២ទីតាំង គឺនៅមណ្ឌលសុខភាពបាសាក់ សង្កាត់គយត្របែក និងមណ្ឌលសុខភាពសង្ឃ័រ សង្កាត់សង្ឃ័រ។

រដ្ឋបាលសង្កាត់ត្រូវរៀបចំវេនប្រចាំបញ្ជា ២៤ម៉ោង ដេីម្បីថែរក្សាសុវត្ថិភាព សណ្តាប់ធ្នាប់ ជូនប្រជាជន។

   លោកចៅសង្កាត់និងមេប៉ុស្តិ៍រដ្ឋបាលសង្កាត់ត្រូវផ្សព្វផ្សាយដល់ម្ចាស់សត្វពាហនៈ (គោ ក្របី) ហាមដាច់ខាតលែងឱ្យដេីរពាសវាលពាសកាលតាមទីសាធារណៈក្នុងក្រុង ដោយប៉ុស្តិ៍រដ្ឋបាលសង្កាត់នឹងត្រូវធ្វេីការពិន័យចំពោះម្ចាស់សត្វពាហនៈដែលមិនអនុវត្តតាមការណែនាំ។

  ចំពោះរដ្ឋបាលសង្កាត់ត្រូវចាត់វិធានការការពារអគ្គិភ័យ ជាពិសេសតំបន់ជុំវិញ និងក្នុងផ្សារ និងទីប្រជុំជននានានិងក្រុមការងាររដ្ឋបាលក្រុង និងសង្កាត់ត្រូវពង្រឹងយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការផងដែរ៕

ដោយ៖យឹម សុថាន


ចែករំលែក៖