ព័ត៌មានទាន់ហេតុការណ៍៖

សោកស្តាយណាស់ សាស្ត្រាចារ្យ ប៉ុក វណ្ណធីរ ទទួលមរណភាពនៅយប់រំលងអធ្រាត្រនេះ

ចែករំលែក៖

ភ្នំពេញ៖ សិល្បករ និងសាច់ញាតិរបស់លោកសាស្ត្រាចារ្យ ប៉ុក វណ្ណធីរ បានបង្ហាញការសោកស្តាយជាខ្លាំងនូវដំណឹងដ៏ក្រៀមក្រំក្រោយទទួលមរណភាពរបស់វីរសិល្បករ និងជាធនធានមនុស្សរបស់កម្ពុជា។  ការបញ្ជាក់នេះត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី២ ខែមីនា នេះ គឺដំណឹងមរណភាពរបស់ឯកឧត្ដមឧទ្ទេសសាចារ្យ ប៉ុក វណ្ណធីរ ដែលជារដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា ។

  សាច់ញាតិរបស់ឯកឧត្ដមឧទ្ទេសសាចារ្យ ប៉ុក វណ្ណធីរ បានបញ្ជាក់ថា លោកសាស្ត្រាចារ្យបានទទួលមរណភាពកាលពីពេលវេលាម៉ោង២យប់រំលងអធ្រាត្រឈានចូលថ្ងៃទី០២ ខែមីនានេះតែម្តង។ លោក ឧទ្ទេសសាចារ្យ ប៉ុក វណ្ណធីរ បានធ្លាក់ខ្លួនឈឺរ៉ាំរ៉ៃ ហើយបានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកេតុមាលា ចាប់តាំងពីអំឡុងខែកញ្ញា ឆ្នាំ២០២០មកម្ល៉េះ។

នៅព្រឹកថ្ងៃទី២ ខែមីនា នេះ ស្រាប់តែលេចដំណឹងថាឯកឧត្ដមទ្ទេសសាចារ្យ ប៉ុក វណ្ណធីរ បានទទួលមរណភាពហើយដែលបង្កើតឲ្យមានការសោកស្តាយជាខ្លាំង ខណៈដែលកន្លងមកឯកឧត្ដម ឧទ្ទេសាចារ្យ ប៉ុក វណ្ណធីរ បានបូជាកម្លាំងកាយចិត្តស្ទើរពេញមួយជីវិតដើម្បីសិល្បៈ វប្បធម៌ សាសនា និងសង្គមជាតិ។ គេដឹងដែរថា កាលនៅមានជីវិតលោកតែងតែធ្វើបទបង្ហាញពីដំណើរដើមទង នៃការធ្វើបុណ្យទានផ្សេងៗ ព្រមទាំងមានគំនិតអភិរក្សវប្បវធម៌ ប្រពៃណីខ្មែរនិយម រហូតដល់សិល្បករ-សិល្បការិនីខ្មែរគោរពស្រឡាញ់លោកយ៉ាងច្រើនក្រោយពីទទួលបានដំណឹងដ៏ក្រៀមក្រំនេះ តារាស្រីពហុជំនាញ ខាត់ សុឃីម បានពោលទាំងសោកស្ដាយតាមបណ្ដាញសង្គមថា៖ ក្មួយសោកស្ដាយរកអ្វីមកប្រៀបពុំបាន សូមដួងវិញ្ញាណក្ខន្ធលោកអ៊ុំបានទៅកាន់ឋានបរម្យសុខកុំបីឃ្លាងឃ្លាតឡើយ”។ ផលិតករភាពយន្តលោក ហ៊ុយ យ៉ាឡេង បានបញ្ចេញសារដ៏ក្រៀមក្រំនៅលើបណ្តាញសង្គមផងដែរថា” មរតកមនុស្សរស់ដែលជាព្រឹទ្ធាចារផ្នែកសិល្បៈ និងភាពយន្តបានលាចាកយើងទៅម្នាក់ទៀតហើយ រឿងរ៉ាវប្រពៃណីទំនៀមទម្លាប់ពីបុរាណលោកគ្រូគាត់ដឹងច្រើនណាស់ សូមលោកគ្រូទៅកាន់សុគតិភព។ 

  ប្រធាននាយកដ្ឋានភាពយន្ត នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ប៉ុក បូរ័ក្ស ដែលជាក្មួយប្រុសរបស់ឯកឧត្ដមឧទ្ទេសសាចារ្យ ប៉ុក វណ្ណធីរ បានបញ្ជាក់ថា មិនត្រឹមតែជាឪពុកមា តែលោកពូគឺជាគ្រូ ដែលតែងអប់រំ ទូន្មាន ប្រៀនប្រដៅ តម្រង់ផ្លូវ និងផ្តល់ឱកាសឲ្យក្មួយមានថ្ងៃនេះ ថ្ងៃនេះលោកពូបានលាទៅហើយលារហូត៕

ដោយ ៖ វឌ្ឍនា


ចែករំលែក៖