ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ បានមានប្រសាសន៍ថា សង្គ្រាមរវាងរុស្ស៉ី និងអ៊ុយក្រែន នៅពេលនេះ បានក្លាយជាសង្គ្រាមរវាងរុស្ស៉ី និងអឺរ៉ុបហើយ !

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រកាសថា កម្ពុជាមិនគាំទ្រដល់មិត្តបរទេសណា​ដែលទាមទារបំបែករដ្ឋនោះទេ ដោយសម្តេចបញ្ជាក់ថា សម្តេចនៅតែមានទស្សនទានថា ‘’ យើងមិនអាចយកសង្គ្រាម ដើម្បីបញ្ចប់សង្គ្រាមនោះទេ’’ ដែលនេះជាអ្វីដែលកម្ពុជាប្រកាន់ខ្ជាប់កន្លងមក។ សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ជម្លោះប្រដាប់អាវុធរវាងរុស្ស៊ី និងអ៊ុយក្រែន នឹងក្លាយជាសង្គ្រាមដែលមានការរីកធំ ប្រសិនបើអឺរ៉ុបធ្វើសកម្មភាពដូចពេលនេះ ឬអឺរ៉ុបនីយកម្មសង្គ្រាម លើទឹកដីអ៊ុយក្រែន។ សម្តេចបញ្ជាក់ថា រុស្ស៊ីមិនអាចកម្ទេចអ៊ុយក្រែនបាន ហើយអ៊ុយក្រែន ក៏មិនអាចយកឈ្នះរុស្ស៊ីបានដែរ។

 នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានមានប្រសាសន៍ថា ប្រធានអាស៊ានឆ្នាំ២០២២ មិនមែនជារឿងសាមញ្ញនោះឡើយ។ ពេលនេះ បញ្ហាបានកើតឡើងជាបន្តបន្ទាប់ ក្រៅពីបញ្ហាសមុទ្រចិនខាងត្បូង, បញ្ហានៅមីយ៉ាន់ម៉ា, នៅពេលនេះមានបញ្ហាសង្គ្រាម រុស្ស៉ី-អ៊ុយក្រែន បន្ថែមទៀត។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងថា សម្តេចមិនគាំទ្រដល់ការធ្វើសកម្មភាពបំបែករដ្ឋ ហើយក៏មិនគាំទ្រការយកសង្គ្រាម ដើម្បីបញ្ចប់សង្គ្រាមនោះទេ។ សម្តេចតេជោ បានមានប្រសាសន៍ថា សង្គ្រាមរវាងរុស្ស៉ី និងអ៊ុយក្រែន នៅពេលនេះ បានក្លាយជាសង្គ្រាមរវាងរុស្ស៉ី និងអឺរ៉ុបហើយ។ សម្តេចតេជោនៅតែជឿថា រុស្ស៉ី និងអ៊ុយក្រែន មិនទាន់អស់ឱកាសក្នុងការចរចាគ្នានោះឡើយ ហើយសម្តេចលើកទឹកចិត្តឱ្យមានការចរចាគ្នា។ សម្តេចតេជោបានបញ្ជាក់ថា អ្វីដែលសម្តេចថ្លែងពាក់ព័ន្ធសង្គ្រាមរុស្ស៉ី-អ៊ុយក្រែន គឺក្នុងនាមទស្សនៈផ្ទាល់ខ្លួនរបស់សម្តេច មិនមែនក្នុងនាមអាស៊ានឡើយ។ សម្តេចតេជោបានបន្តថា សេដ្ឋកិច្ចកម្ពុជាកំពុងរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ ហើយពេលនេះក៏អាចប៉ះពាល់បន្ថែមទៀត ដោយសារសង្គ្រាមរុស្ស៉ី-អ៊ុយក្រែន ផងដែរ។

ដោយឡែក លោក ហ៊ុនម៉ានី អ្នកតំណាងរាស្ត្រមណ្ឌល កំពង់ស្ពឺ និងជាប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា នៅថ្ងៃនេះបានថ្លែងថា, 

• ទម្រាំយើងមកដល់ដូចពេលនេះ គឺត្រូវឆ្លងកាត់ការលះបង់ជាច្រើមដើម្បីបុព្វហេតុប្រជាជនរស់នៅក្នុងសុខសន្តិភាព

• ព្រះរាជាណាចក្រកម្ពុជា 🇰🇭 ជារដ្ឋឯករាជ្យអធិបតេយ្យពេញលេញ ដែលមានសិទ្ធិគ្រប់គ្រាន់រួមទាំងសិទ្ធិក្នុងការសម្រេចជោគវាសនារបស់ខ្លួន

• ស្ថិតក្នុងកាលៈទេសៈណាក៏ដោយការគម្រាមកំហែងណាមួយ ទោះតូចក្តី ឬធំក្តី គឺមិនអាចលើកលែងបានជាដាច់ខាត ហើយយើងនឹងការពារសន្តិភាពឱ្យខាងតែបានទោះក្នុងតម្លៃណាក៏ដោយ៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖