ភ្នំពេញ ៖ លោក ម៉ៅ ស៊ីណា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នារសៀលថ្ងៃទី០៣ មីនា ឆ្នាំ២០២២ បានសម្រចឃុំខ្លួនស្រ្តីម្នាក់ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន(ចេញស្អែកស្អុយ)លើទឹកប្រាក់ប្រមាណ២៥ ម៉ឺនដុល្លារអាមេរិក ។ ជនសង្ស័យមានឈ្មោះ ជា លាងនី អាយុ៥២ ឆ្នាំ មុខរបរ ជាអាជីវករ ស្នាក់នៅផ្ទះលេខ៦១៣ ផ្លូវជាតិលេខ១ ភូមិដើមស្លែង សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
ជនត្រូវចោទ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ឃាត់ខ្លួនកាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២ តាមដីកាបង្គាប់ឲ្យចូលខ្លួនរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធលើពាក្យបណ្ដឹងរបស់ឈ្មោះ ឡាយ គឹមហុង ភេទប្រុស អាយុ៣២ ឆ្នាំ មានអាស័យដ្ឋានស្នាក់នៅផ្ទះលេខ២០៣ E0 ផ្លូវ១០៧ ភូមិ៣ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
ដើមចមនៃការឃុំខ្លួនស្ត្រីខាងលើនេះ ត្រូវបានគេដឹងថា កាលពី ដើមឆ្នាំ២០២១ ស្ត្រីជាជនសង្ស័យបានខ្ចីប្រាក់ពីដើមបណ្តឹងបន្តបន្ទាប់រហូតដល់ទៅ២៥ ម៉ឺនដុល្លារអាមេរិក ដើម្បីយកទៅធ្វើដើមទុន បង្កើតមុខរបររកស៊ីចិញ្ចឹមជីវិត ដោយសន្យាឲ្យការប្រាក់ នឹងសងវិញគ្រប់ចំនួន ។ ប៉ុន្តែនៅពេលទទួលបានប្រាក់ពីដើមបណ្តឹងហើយ ជនសង្ស័យមិនបានគោរពតាមកិច្ចសន្យានោះទេ នឹងបានព្យាយាមគេចវេសពីបំណុលនេះថែមទៀតផង ។ ដោយឃើញទង្វើជនសង្ស័យមានគំនិតទុច្ចរិតដូច្នេះ ដើមបណ្តឹងបានណាត់ជួបជនសង្ស័យ កំណត់ពេលវេលាក្នុងការសងប្រាក់ ទើបពេលនោះជនសង្ស័យបានប្រើប្រាស់មូលប្បទានបត្រចំនួន២ សន្លឹក ដែលមានទឹកប្រាក់ចំនួន២៥ ម៉ឺនដុល្លារអាមេរិក ឲ្យទៅដើមបណ្តឹង ដើម្បីឲ្យមានការជឿទុកចិត្ត លុះដើមបណ្តឹងយកសែកនោះទៅបើកប្រាក់ពីធនាគារ ស្រាប់តែខាងធនាគារឆ្លើយតបមកវិញថា ជាសែកគ្មានសាច់ប្រាក់ ។ ក្រោយពីដឹងថាសែកអត់លុយហើយ ដើមបណ្តឹងបានព្យាយាមទាក់ទងទៅជនសង្ស័យ ដើម្បីឲ្យដោះស្រាយរឿងសែកស្អុយនោះ នឹងឱ្យសងប្រាក់តាមសន្តិវិធី តែជនសង្ស័យមិនព្រមជួបទេ និងបិទទូរស័ព្ទផ្តាច់ការទំនាក់ទំនង បានធ្វើឲ្យដើមបណ្តឹងសម្រេចចិត្ត ដាក់ពាក្យប្ដឹងទៅសមត្តកិច្ចឲ្យជួយចាត់ការលើជនសង្ស័យតាមផ្លូវច្បាប់តែម្តងទៅ៕
ដោយ ៖ រ៉ារ៉ា