កាលពីថ្ងៃទី៣ខែមីនា ប្រធានាធិបតីបារាំង លោក ម៉ាក្រុង បានប្រកាសថា លោកនឹងបន្តឈ្មោះជាបេក្ខភាពប្រធានាធិបតីបារាំងនៅខែមេសាខាងមុខ ។ ប្រធានាធិបតីម៉ាក្រុងមានគោលដៅជួយបារាំង ឆ្លងផុតដំណាក់កាលអាក្រក់បំផុតដោយកូវីដ-១៩ និងផលប៉ះពាល់ ក្នុងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន។
លោកម៉ាក្រុង បានប្រកាសពីគម្រោងបន្តឈរឈ្មោះជាបេក្ខភាពសម្រាប់ការបោះឆ្នោត ប្រធានាធិបតី។ ប្រសិនបើជាប់ឆ្នោតជាថ្មី លោកម៉ាក្រុងនឹងក្លាយជាប្រធានាធីបតីបារាំងដំបូងក្នុងរយៈពេល២ទសវត្សរ៍ដែលបានជាប់ឆ្នោតពីរអាណត្តិជាប់គ្នា។
ប្រធានាធិបតីម៉ាក្រុងបានបញ្ជាក់ថា ក្នុងរយៈពេល៥ឆ្នាំកន្លងមក ប្រទេសបារាំងត្រូវប្រឈមនឹងបញ្ហាជាច្រើន ក្នុងនោះមានវិបត្តិកូវីដ-១៩ ប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចជាតិ ។ ប៉ុន្តែលោកបានខិតខំដើម្បីជួយដល់ពលរដ្ឋបារាំងមានការងារធ្វើឡើងវិញ ។
ប្រធានាធិបតីបារាំងបានសម្រេចបន្តចូលរួមប្រកួតប្រជែងខណៈការបោះឆ្នោតជិតចូលមកដល់ គឺនៅថ្ងៃទី១០ខែមេសានឹងត្រូវចាប់ផ្តើមបោះឆ្នោត ។ តាមលទ្ធផលនៃការស្ទង់មតិ លោកម៉ាក្រុងអាចនឹងជាប់ឆ្នោតប្រធានាធិបតីបារាំងអាណត្តិទីពីរ ក្រោយទទួលបានការគាំទ្រយ៉ាងច្រើនពីពលរដ្ឋបារាំង៕ ដោយ៖ ធីរីណា
រូបថត៖AFP/VNA