ព័ត៌មានទាន់ហេតុការណ៍៖

ឡំប្រឺតាបើកជ្រុលទៅបុករះរថយន្តនិងម៉ូតូបណ្ដាលឱ្យក្រឡាប់ផ្ងារជើងខ្លួនឯង

ចែករំលែក៖

   ភ្នំពេញ ៖ ឡំប្រឺតាមួយគ្រឿងបានជ្រុលលឿនទៅបុករថយន្តពីក្រោយ រួចបន្តល្បឿនទៅបុកម៉ូតូមួយគ្រឿងទៀតបណ្ដាលឱ្យឡំប្រឺតានេះក្រឡាប់ផ្ងារជើងរងការខូចខាត។

   ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២រសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី ត្រង់ចំណុចមុខក្រសួងការពារជាតិ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

   តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុគេឃើញឡំប្រឺតាមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ 1AF-8681 បើកបរដោយបុរសម្នាក់តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុស្រាប់តែជ្រុលល្បឿនទៅបុករថយន្តមួយគ្រឿង ម៉ាកឡិចសុីសRX-330 ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ2AY-2462 និងម៉ូតូមួយគ្រឿងទៀតដែលបើកបរស្របទិសគ្នាពីខាងមុខបណ្តាលឲ្យឡំប្រឺតានោះក្រឡាប់ផ្ងារជើង រីឯម៉ូតូនិងរថយន្តរងគ្រោះរងការខូចខាតបន្តិចបន្តួច តែមិនបណ្ដាលឱ្យនរណាម្នាក់រងរបួសនៅក្នុងហេតុការណ៍នេះទេ។

    ក្រោយពេលកើតហេតុភាគីម្ចាស់ឡំប្រឺតាបានសងសំណងទៅម្ចាស់រថយន្តចំនួន ៤០ដុល្លារ និងម្ចាស់ម៉ូតូចំនួន២០ដុល្លារដើម្បីបញ្ចប់រឿងតែម្តង៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖