កាំជ្រួចមីស៊ីល S-400 របស់រុស្ស៊ីដែលអាចវាយប្រហារគោលដៅចម្ងាយ៤០០គីឡូម៉ែត្រនោះ ពេលនេះបានចេញប្រតិបត្តិការនៅក្នុងសង្គ្រាមវាយប្រហារប្រទេសអ៊ុយក្រែន ។ ក្នុងពេលចេញប្រតិបត្តិការភ្លាម មីស៊ីលS-400បានកម្ទេច យន្តហោះចម្បាំង Su-27 របស់ទាហានអាកាសអ៊ុយក្រែនអស់ជាច្រើនគ្រឿងដែរ។
ប្រព័ន្ធមីស៊ីល S-400 អាចកម្ទេចគោលដៅហោះហើរបានយ៉ាងងាយស្រួល ដោយវាយប្រហារក្នុងរយៈចម្ងាយឆ្ងាយ ។ កាលពីថ្ងៃទី ៥ខែមីនា រុស្ស៊ីបានបាញ់ទម្លាក់យន្តហោះចម្បាំង Su-27 ចំនួន៤គ្រឿង ។
នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀតដែលពាក់ព័ន្ធនោះដែរ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានព្រមានថា រុស្ស៊ីកំពុងត្រៀមខ្លួនបើកការវាយប្រហារ លើទីក្រុង Odessa ដែលជាទីក្រុងកំពង់ផែយុទ្ធសាស្ត្រដ៏សំខាន់របស់អ៊ុយក្រែនក្នុងតំបន់សមុទ្រខ្មៅ។
នៅក្នុងសុន្ទរកថាផ្សាយផ្ទាល់នៅលើទំព័រ Facebook កាលពីថ្ងៃទី៦ខែមីនា លោក Zelensky បានបញ្ជាក់ដូច្នេះថា «ពីមុន, ប្រជាជនរុស្ស៊ីធ្លាប់ធ្វើដំណើរមកកាន់ទីក្រុង Odessa ហើយពួកគេត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅ ចុះឥលូវនេះម៉េចក៏កាំភ្លើងធំ, គ្រាប់បែក ប្រឆាំងនឹងទីក្រុង Odessa ទៅវិញ? វានឹងក្លាយជាបទឧក្រិដ្ឋសង្រ្គាម ពោលគឺបទឧក្រិដ្ឋសង្រ្គាមជាប្រវត្តិសាស្ត្រ»។
ជុំវិញការព្រមានរបស់លោក ហ្សេលេនស្គីនេះដែរ, សហរដ្ឋអាមេរិកបាននិយាយថា ខ្លួនមិនជឿទេថារុស្ស៊ីអាចនឹងបើកការវាយប្រហារ ភ្លាមៗ ឬក្នុងពេលដ៏ខ្លីលើទីក្រុង Odessa៕
ដោយ៖ ធីរីណា(រូបថត៖Military Watch Magazine)