ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងធនធានទឹក ៖ ចាប់ពីថ្ងៃទី ៩-១៥ ខែមីនា ឆ្នាំ២០២២ អាចមានភ្លៀងផ្គរ រន្ទះ ក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំនិងខ្យល់កន្ត្រាក់

ចែករំលែក៖

ភ្នំពេញ ៖ ចាប់ពីថ្ងៃទី ៩-១៥ ខែមីនា ឆ្នាំ២០២២ អាចមានភ្លៀងផ្គរ រន្ទះ ក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំនិងខ្យល់កន្ត្រាក់។ នេះបើយោងតាម សេចក្តីជូនដំណឹង ស្តីពី ស្ថានភាពធាតុអាកាស នៃការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹក ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២២ ។ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា, នៅក្នុងសប្តាហ៍ខាងមុខនេះកម្ពុជានឹងទទួលឥទ្ធិពលជាបន្តបន្ទាប់ ៖
– ចាប់ពីថ្ងៃទី៩-១០ ខែមីនា ឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ (ចិន) ក្នុងកម្រិតខ្សោយ
– បន្តពីថ្ងៃទី១១-១៥ ខែមីនា ឥទ្ធិពលពីសម្ពាធទាបដែលកើតឡើងលើថៃ និងកម្ពុជា ។
ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖
១-បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល ៖
– សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C
– សីតុណ្ណភាពអតិបរមា មានពី ៣៣-៣៦.៥ °C
– ក្នុងចន្លោះពីថ្ងៃទី៩-១២ ខែមីនា អាចមានភ្លៀងផ្គរ រន្ទះ ក្នុងកម្រិតខ្សោយ ។ បន្តពីថ្ងៃទី១៣-១៥ ខែមីនា បរិមាណភ្លៀង អាចកើនឡើងដល់កម្រិតពីមធ្យមទៅបង្គួរ លាយឡំបន្ថែមនិងខ្យល់កន្ត្រាក់ ។
២-បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ៖
– សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C
– សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៦ °C
– អាចមានភ្លៀងធ្លាក់តិចតួច ។ បន្តពីថ្ងៃទី១៤-១៥ ខែមីនា បរិមាណភ្លៀងអាចកើនឡើងលាយឡំនិងផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។
៣-តំបន់មាត់សមុទ្រ ៖
– សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C
– សីតុណ្ណភាពអតិបរមា មានពី ២៩-៣១ °C
– នៅថ្ងៃទី១៣-១៥ ខែមីនា អាចមានភ្លៀងផ្គរ រន្ទះ ក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំនិងខ្យល់កន្ត្រាក់ ។

អាស្រ័យស្ថានភាពធាតុអាកាសដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៍មាន ៕

ដោយ៖សុខ ខេមរា


ចែករំលែក៖