ខេត្តស្វាយរៀង ៖ យ៉ាងហោចណាស់ក៏ មានមនុស្សចំនួន៤នាក់ដែរបានរងរបួសធ្ងន់នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យរន្ធត់មួយរវាងរថយន្តដឹកកុងតឺន័របុកជាមួយរថយន្តហ៊ីយ៉ាន់ដាយ ដឹកឡាំងក្រដាសក្នុងទិសដៅផ្ទុយគ្នា បណ្តាលឱ្យរថយន្តដឹកឡាំងក្រដាសខ្ទាតប៉ើងថយក្រោយក្រឡាប់សង្កត់ពីលើម៉ូតូ អ្នកដំណើរដែលកំពុងបើកពីខាងក្រោយ នៅលើចំណុចផ្លូវជាតិលេខ១ កាលពីវេលាម៉ោង២និង៤៤នាទីរសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ស្ថិតក្នុងភូមិថ្នល់កែង ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។
បើតាមសមត្ថកិច្ចជំនាញនគរបាលស្រុកស្វាយទាបបានឱ្យដឹងថា មុនកើតហេតុមានរថយន្តធុនធំម៉ាក Hyundai ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ៣F-៨៦០៩បើកក្នុងទិសដៅពីកើតទៅលិចដោយឈ្មោះ ទុន នីម៉ៃ ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរបើកបរ រស់នៅភូមិសំឡឆៅ ឃុំចន្រ្តី ស្រុករមាសហែក ខេត្តស្វាយរៀង (រងរបួសធ្ងន់ រថយន្តខូចខាតធ្ងន់) ពេលមកដល់ចំណុចកើតហេតុខាងលើបានបើកវ៉ារថយន្តនៅពីមុខហើយក៏ជ្រុលទៅបុកថយន្តកុងតឺន័រ ម៉ាកHYUNDAI ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ៣E-២៦៥៥ ដែលបើកក្នុងទិសដៅផ្ទុយគ្នាពីលិចទៅកើតដោយឈ្មោះហម រ៉េន ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរបើកបរ រស់នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
ប្រភពបន្តថា បន្ទាប់មករថយន្តបង្កបានខ្ទាតទៅប៉ះម៉ូតូពីរគ្រឿងទៀតម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១J-៣៩៨៧ ដែលបើកពីកើតទៅលិចដោយឈ្មោះ តូច សីហា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ លក់ឆ្នោត រស់នៅភូមិតាម៉ ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង និងម៉ូតូទីពីរម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១F-០៨៦១ដែលបើកពីកើតទៅលិចដោយឈ្មោះ ថាយ ភក្តី ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរបុគ្គលិកមន្រ្តីមហានគរ រស់នៅភូមិវាលយន្ត សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង។
ប្រភពបន្តថា ករណីនេះអ្នករងរបួសធ្ងន់ទាំងបួននាក់ត្រូវដឹកយកទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្វាយទាប។ ចំពោះមធ្យោយបាយទាំងអស់ត្រូវបានយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកខេត្តស្វាយរៀង ។
សមត្ថកិច្ចបានបញ្ជាក់ពីមូលហេតុដែលនាំឱ្យមានគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងគឺដោយសារតែអ្នកបេីកបររថយន្តធំម៉ាក HYUNDAI ពាក់ស្លាកលេខ ភ្នំពេញ ៣F-៨៦០៨ បើកវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ ៕
ដោយ៖យឹម សុថាន