# បុណ្យភ្ជុំបិណ្ឌ÷
* បុណ្យកាន់បិណ្ឌ : ជាពិធីដែលគេត្រូវចាប់ធ្វើឡើងតាំងពីថ្ងៃ១រោច ខែភទ្របទ ដើម្បីឧទ្ទិសផលានិសង្ឃដល់ជនដែលធ្វើការមរណកាលទៅកាន់បរលោក។ ពិធីនោះត្រូវធ្វើអស់កាលកន្លះខែគត់។
នៅខែភទ្របទ មេឃមានអាកាសអួរអាប់ដោយពពកទឹក ចំណែកខាងរនោច ព្រះច័ន្ទ ដែលបញ្ចេញរស្មីនៅវេលាយប់ក៏កាន់តែហោចទៅៗហើយទៅធ្វើឱ្យវាយប់កាន់តែងងឹតបន្តិចម្ដងបន្តិចម្តងៗ ។ នៅពេលនោះហើយដែលយមរាជ(ស្ដេចយមរាជ)ដោះលែងពួកសត្វនរកទាំងឡាយក្នុង១ឆ្នាំម្ដងៗឱ្យឡើងទៅរកបងប្អូនកូនចៅ ដើម្បីនឹងទទួលកុសលផលបុណ្យដែលគេធ្វើឧទ្ទិសឱ្យ។ ដោយសត្វនរកជាអ្នកខ្លាចពន្លឺទើបអ្នកស្រុកនិយមធ្វើបុណ្យឲ្យអ្នកទាំងនោះនៅវេលាខែងងឹត អ្នកខ្លះនិយាយថាតែដល់រដូវហើយសត្វនរកដែលគេដោះលែងមក ខំដើររកបងប្អូន កូនចៅ គ្រប់ ៧ វត្ត។ បើមិនឃើញអ្នកណាធ្វើបុណ្យឧទ្ទិសជូនឱ្យទេ នោះនឹងកើតក្តីស្រេកឃ្លានហើយនិងប្រទេចដោះសារដល់ញាតិមិត្តមិនលែងឡើយ។
ការដែលគេធ្វើបុណ្យក្នុងរវាងកន្លះខែក្នុងខែភទ្របទនោះ គេហៅថាកាន់បិណ្ឌ។ ពាក្យថា ” បិណ្ឌ”មកពីបាលីថា “បិណ្ឌ:”ប្រែថា” ដុំបាយ” ។
ក្នុងសិលាចារឹករបស់ព្រះបាទយសោវរ្ម័នដែលទ្រង់សោយរាជសម្បត្តិក្នុងរវាងគ្រិស្តសករាជ ៨៨៩ ដល់ ៩១០ យើងដឹងថា នៅខាងក្នុងអាវាសជាច្រើនដែលព្រះអង្គទ្រង់បានកសាង គេតែងធ្វើពិធីបុណ្យបូជាបាយបិណ្ឌចំពោះវិញ្ញាណក្ខន្ធអ្នកស្លាប់ក្នុងចំបាំងរាំងជល់ និងចំពោះខ្មោចដែលគ្មានបងប្អូនជាទីពឹងទាំងឡាយរៀងរាល់ខែ។
សម័យសព្វថ្ងៃ បិណ្ឌជាដើមបាយដំណើបដែលគេចម្អិនដោយខ្ទិះដូង ហើយលាយឬបុកជាមួយគ្រឿងផ្សំឯទៀតតាមទម្លាប់អ្នកស្រុក។ គេរៀបដំុបាយបិណ្ឌនៅជុំវិញបាយបត្តបូរៗ ក៏ធ្វើដូចជាបាយបិណ្ឌដែរ គ្រាន់តែគេពូតជាពំនូតធំមានកំពូលស្រួចហើយគ្របដោយសាជីស្លឹកចេកនិងមានដោតទៀនធូបភ្ញីផ្កាជាលម្អផង។ តាមទម្លាប់នៅថ្ងៃបិណ្ឌទី ១ គេដាក់បាយបិណ្ឌតែ ១ ពំនូតទេ ហើយគេចេះតែថែមមួយថ្ងៃមួយដុំលុះត្រាតែគ្រប់ ១៥ ដុំ ។ ប៉ុន្តែមានអ្នកស្រុកខ្លះមានទំនៀមធ្វើប្លែកពីនេះ ភូមិខ្លះគេធ្វើបាយបិណ្ឌតែ ៥ ទេដែលគេទុកជានិមិត្តរូបព្រះពុទ្ធទាំង ៥ ព្រះអង្គប្រចាំកប្បយើងនេះ។ នៅភូមិខ្លះទៀតជុំវិញជើងបាយបត្តបូរមានដាក់បាយ ៨ ផង ហើយកន្ទោងនីមួយៗ មានតាំងពីបាយមួយដុំដល់ ១៥ ដុំ ។ កន្ទោងបាយទាំង ៨ នោះគេទុកបម្រុងយកទៅដាក់ជុំវិញព្រះវិហារព្រមទាំងទិសប្រាំបី។
តាមទម្លាប់ជាធម្មតា គេត្រូវទុកបាយបត្តបូរនៅទីវត្ត ឯបាយបិណ្ឌ គេត្រូវនាំយកទៅផ្ទះដើម្បីនឹងប្រើការនៅពេលដែលគេបញ្ចប់បុណ្យនេះ។ ក្រៅពីបាយបិណ្ឌនិងបាយបត្តបូរ គេបានធ្វើផ្កាបិណ្ឌដែលមានបាច់ផ្កាមួយរាងដូចសាជីជ្រុងថែមទៀត ។ ផ្កាបិណ្ឌមានឆ្អឹងកណ្ដាលធ្វើអំពីឫស្សីកម្ពស់ប្រហែលជាង ១ ម៉ែត្រមានស៊កកង់ឈើមូលជាថ្នាក់រាងធំក្រោមរាវតូចទៅលើ។ នៅកន្លែងកង់ជាថ្នាក់ៗនោះ មានដោយផ្កាញ័រ ធ្វើដោយស្ពាន់គ្របនឹងក្រដាសគ្រប់ពណ៌ដោតនៅចុងទង់ ធ្វើដោយខ្សែលួស តែកាលណាមានខ្យល់បក់មកសូម្បីតិចយ៉ាងណាក៏អាចធ្វើឲ្យផ្កានោះរញ្ជួយញ័រដែរ។ ទង់ពណ៌ទាំងឡាយនោះ ក៏មានទំហំធំក្រោមតូចលើតាមថ្នាក់ដោតនោះដែរ។ នៅកំពូលសុ៊មផ្កានោះមានរូបហង្សតូចមួយធ្វើដោយឈើ នៅលើខ្នងហង្ស មានដោតទៀនមួយផង។ នៅវត្តខ្លះពួកទាយកទាយិកានាំគ្នាផ្លាស់ទៀននេះរាល់យប់។
គេធ្វើបាយបិណ្ឌដើម្បីឧទ្ទិសបូជាដល់ព្រះចូឡាមណីចេតីយនៅឯឋានត្រៃត្រឹង្សដែលជាទីតម្កល់ព្រះកេសានៃព្រះបរមសាស្តា ដែលទ្រង់បានកាត់នៅពេលដែលទ្រង់យាងចេញសាងផ្នួស។
(នៅមានត)
ស្រាវជ្រាវ និងកែសម្រួលដោយ÷ ចៅតាជេត