ខ្ញុំសប្បាយចិត្តណាស់ហើយប្រាប់ប្អូនៗរបស់ខ្ញុំថា ចាប់ពីថ្ងៃនេះទៅបងដឹងពីរបៀបចាប់ក្តាមហើយ យើងមានរបស់ហូបហើយ អូនឯងលែងអត់ឃ្លានទៀតហើយ។ ខ្ញុំខិតខំនាំប្អូនៗដើររើសដៃជើងក្តាមរួចក៏ពប្អូនស្រីរបស់ខ្ញុំរហូតដល់ម្លប់ឈើមួយខ្ញុំមានអារម្មណ៍ត្រជាក់ស្រួលណាស់។ខ្យល់បក់ល្វើយៗ នាំមកនូវក្លិនស្រូវប្រហើរជាប់ច្រមុះ។ បន្ទាប់មកខ្ញុំឃើញ ក្មេងៗទាំងនោះទាញសំឡីចេញពីគូទដែកកេះយកមកដាក់ក្បែរបញ្ឆេះរបស់វា ហើយបង្កាត់ភ្លើងឡើង។ ខ្ញុំឃើញភ្លើងឆេះក៏ប្រញាប់យកក្តាមមកដុត តែក្មេងនោះហាមថា ឈប់សិន! ចាំភ្លើងឆេះខ្លាំងបន្តិចសិនជើងក្តាមអ្ហែងបោះចូលទៅ ចាំអញឱ្យបងប្អូនអ្ហែងស៊ីដែរ។និយាយរួចក្មេងនោះក៏លាចង្កេះខោទម្លាក់ក្តាមជាច្រើនចេញមក។ ក្មេងនោះបានយកក្តាមដាក់ដុតឡើងក្រហម ស្នូកទើបយកមកហែកចែកគ្នាស៊ី។
ខ្ញុំដាក់សាច់ក្តាមចូលមាត់រសជាតិផ្អែមណាស់ ហើយមើលទៅប្អូនៗរបស់ខ្ញុំទំពារជើងក្តាមឡើងហៀរទឹកមាត់។ ក្មេងនោះបានសួរមកខ្ញុំថា នែអានេះអ្ហែងឈ្មោះអី? ខ្ញុំតបថាខ្ញុំឈ្មោះភា។ វាតបថាស្អីអ្ហា!និយាយសុទ្ធតែខ្ញុំ អីក៏សុភាពម៉្លេះអញឈ្មោះផល ចុះម៉ែឪអ្ហែងទៅណាអស់ហើយ? ខ្ញុំបានប្រាប់ក្មេងនោះវិញថា ម្ដាយឪពុករបស់ខ្ញុំទៅកងចល័តអស់ហើយ។ នឹកទៅអាណិតក្មេងនោះដែរ ម្ដាយឪពុកវាស្លាប់ទាំងអស់។ យើងក៏បានសន្ទនាគ្នាខ្លះៗ ហើយខ្ញុំក៏ប្រាប់ក្មេងៗទាំងនោះថា ខ្ញុំមកពីប៉ៃលិន ហើយក្មេងៗទាំងនោះចំអន់ខ្ញុំថា ខ្ញុំគឺជាប្រជាជនថ្មីមិនចេះចាប់ក្តាមទេ ធ្វើឲ្យក្មេងៗជុំវិញខ្ញុំសើចគ្រប់ៗគ្នា។
ផល ចិត្តល្អណាស់ នៅពេលក្តាមឆ្អិន ផលឲ្យខ្ញុំទាំងអស់ដើម្បីទុកឲ្យប្អូនរបស់ខ្ញុំហូប។ បន្ទាប់ពីផលឲ្យក្តាមខ្ញុំរួច ពួកគេក៏ក្រោកដើរចេញទៅ។ ថ្ងៃនេះខ្ញុំទទួលបានចំណេះដឹងចាប់ក្តាមមួយទៀតហើយ រួចខ្ញុំនិយាយទៅប្អូនៗថា តោះ!អូនជួយកាន់ក្តាមយកទៅផ្ទះគេទៅរោងបាយហូបចោលយើងអស់ទេដឹង?។ ពេលខ្ញុំទៅដល់ផ្ទះងូតទឹកឱ្យប្អូនរួច សំឡេងជួងបន្លឺឡើងល្មម។ យើងនៅរង់ចាំសំឡេងជួងលើកទីពីរ និងលើកទីបីទៀត។ ថ្ងៃនោះយើងមិនសូវរួសរាន់ទេ ព្រោះក្រពះរបស់យើងបានបំពេញដោយក្តាមជាច្រើន។បងប្អូនរបស់ខ្ញុំម្នាក់ៗហាក់មានកម្លាំងគ្រាន់បើជាងសព្វដង។ទៅដល់រោងបាយមិនខុសពីទម្លាប់សព្វមួយដងឡើយ គឺយើងបានតែទឹកបបរមួយវែកគត់គ្មានចាននៅចំកណ្ដាលវង់ទៀតទេ។ កុមារទាំងអស់លើកចានបបរហុតរួចទម្លាក់ទុកវិញក៏ដើរចេញទាំងហេវហត់។ បន្ទាប់ពីហូបបបររួចខ្ញុំនាំប្អូនត្រឡប់មកផ្ទះវិញក្នុងចិត្តសប្បាយជាងសព្វមួយដង ព្រោះយើងមានក្តាមដុតទុកនៅផ្ទះ។ ខ្ញុំមានអារម្មណ៍ដូចជាមានរបស់ពិសេសដែលមានតម្លៃនៅក្នុងផ្ទះខ្ញុំអ៊ីចឹងដែរ។ ពេលទៅដល់ផ្ទះខ្ញុំក៏ទាញយកក្តាមដែលអ្នកទុកក្នុងភួយចែកប្អូនៗហូប។ ខ្ញុំប្រាប់ប្អូនៗខ្ញុំថាអូននាំគ្នាហូបទៅតែកុំទំពាឮពេក ប្រយ័ត្នគេឮណាអូនណា។ បើឃើញឬឮសំឡេងមនុស្សដើរមកអូនធ្វើជាដេកលក់កុំទំពាទៀតឮទេ។
យប់នោះខ្ញុំឃើញប្អូនៗរបស់ខ្ញុំដេកលក់ស្រួលណាស់ ព្រោះពួកគេបានហូបឆ្អែត។ ខ្ញុំនឹកអាណិតប្អូនៗណាស់ ពេលខ្លះប្អូនរបស់ខ្ញុំនោមដាក់ភួយជោកអស់រងាទាំងយប់ ខ្ញុំមិនហ៊ានស្ដីបន្ទោសប្អូនទេ។ ចាប់ពីថ្ងៃនោះមកខ្ញុំឧស្សាហ៍នាំប្អូនទៅវាលស្រែឲ្យលេងទឹក ចំណែកខ្ញុំមានឱកាសរកក្តាមខ្យងយកមកទុកក្នុងប៊ីដុងទឹកដែរ។ ពេលយប់ខ្ញុំយកក្តាមខ្យងដែលខ្ញុំរកបានទៅបោះក្នុងផេះចង្រ្កានចុងភៅដែលនៅសល់រងើកភ្លើងតិចៗ។ មួយសន្ទុះក្រោយមកខ្ញុំក៏កាយយកក្តាមខ្យងទាំងនោះចេញមកវិញ រួចប្រមូលរត់ទៅផ្ទះចែកប្អូនៗហូប។ ខ្ញុំធ្វើរបៀបនេះជាច្រើនដងដោយមិនដឹងខ្លួនថាមានកំហុសអ្វីទេ។ យប់មួយខ្ញុំកំពុងតែប្រមូលខ្យងដែលដុតរួចដាក់ក្នុងថ្នក់អាវ ស្រាប់តែឮសំឡេងជើងមនុស្សដើរចូលមក។ខ្ញុំងាកមើលក្រោយភ្លាមស្រាប់តែឃើញចុងភៅទាញវែកដួសបបរយារមួយទំហឹងបម្រុងនឹងវាយខ្ញុំ។
ឃើញសភាពការណ៍ដូច្នោះ ខ្ញុំក៏រត់ទៅពួននៅខាងក្រោយផ្ទះយាយក្បែរនោះដោយឮតែសំឡេងល្វើយៗថា អ៊ីចឹងតើ បានជាអញឃើញផេះចង្រ្កានអារ៉ាត់អារាយរាល់យប់។ យើ !វណ្ណៈនាយទុនទាំងនេះមិនចោលមាយាទសោះ។
ខ្ញុំមានអារម្មណ៍តូចចិត្តណាស់។ទង្វើនេះមិនគួរជាកំហុសដែលត្រូវទទួលការវាយដំឡើយ។ ខ្ញុំគ្មានម្ដាយ គ្មានឪពុកនៅជិត គ្មានញាតិសន្ដានហើយត្រូវទទួលបន្ទុកមើលថែប្អូនៗ ហេតុអីក៏គ្មានក្តីមេត្តាសោះ។ ខ្ញុំកំពុងតែសំងំលាក់ខ្លួនស្រាប់តែលេចរូបយាយម្នាក់ដែលម៉ែរបស់ខ្ញុំគាត់បានផ្ដាំនៅជិតរោងចុងភៅនោះចេញមកចាប់ទាញដៃខ្ញុំចូលទៅក្នុងផ្ទះហើយពន្យល់ណែនាំខ្ញុំថា ចៅឈប់មកដុតអ្វីៗនៅជិតរោងចុងភៅនេះទៀតណាចៅ។ថ្ងៃមុនគេចាប់បានក្មេងម្នាក់យកទៅកសាង គ្រាន់តែក្មេងនោះមកយករងើកភ្លើងទៅបង្កាត់ក៏មិនបានយាយនោះអាក្រក់ណាស់។ ណេះ! យាយឲ្យដែកកេះមួយ ពេលណាកេះមិនឆេះ ត្រូវមូរដែកកេះនេះនឹងចង្កេះខោឲ្យជិតកុំឲ្យគេឃើញ រួចយកមកឱ្យយាយដាក់ប្រេងឲ្យ ហើយពេលដុតក្តាម ខ្យង កុំឲ្យគេឃើញណាចៅណា។ ខ្ញុំរត់មកផ្ទះយ៉ាងលឿនប្រញាប់មកមើលប្អូនៗ។ ពេលខ្ញុំមកដល់ផ្ទះពួកគេអង្គុយរង់ចាំឡើងរហង់ ខ្ញុំប្រញាប់ប្រញាល់ដាក់មុងឲ្យប្អូនដេក។ ហេតុតែជាកុមារប្អូនៗរបស់ខ្ញុំចូលមុងតែមួយភ្លែតក៏លង់លក់អស់ទៅ បន្សល់ទុកនៅតែភាពកណ្ដោចកណ្ដែងដល់ខ្ញុំតែម្នាក់ឯង។ ខ្ញុំដេកទាំងមិនអស់ចិត្តសោះចំពោះទង្វើដ៏ព្រៃផ្សៃរបស់យាយចុងភៅនោះ។
ប្រហែលដប់ថ្ងៃក្រោយមក ខ្ញុំនឹងប្អូនៗដេកមិនទាន់លក់ផងស្រាប់តែឃើញស្រមោលខ្មៅស្ទុងៗដើរចូលមកក្នុងផ្ទះយ៉ាងលឿន។ ខ្ញុំភ័យណាស់ ពេលនោះខ្ញុំឃើញកងឈ្លបម្នាក់ ឈរនៅមុខខ្ញុំមួយសន្ទុះក៏ដើរចេញទៅដោយគ្មានស្តីអ្វីមួយមាត់។ កងឈ្លបចេញទៅបាត់ ខ្ញុំយកដៃទាំងពីរមកដាក់លើដើមទ្រូងដើម្បីបំបាត់នូវភាពភ័យខ្លាច។ ភ្លឺស្រាងស្រាងៗឡើង ខ្ញុំនាំប្អូនលុបមុខ លាងមុខរួចនាំប្អូនលេងក្នុងផ្ទះមិនហ៊ានចេញទៅណាទេ។ ថ្ងៃរាងជ្រេបន្តិចខ្ញុំក៏នាំប្អូនទៅវាលស្រែទៀត។យើងនាំបងប្អូនលេងទឹកសប្បាយណាស់ភ្លេចអស់នូវភាពស្រេកឃ្លាននិងសេចក្តីនឹករលឹកដល់ម្ដាយឪពុក។ ពួកយើងកំពុងតែលេងទឹកស្រាប់តែមានមនុស្សចាស់មួយក្រុមដើរមើលស្រែ ពួកគេស្លៀកពាក់ខ្មៅ តែស្អាតបាតណាស់ថែមទាំងមានក្រមាបង់.កទៀត។ លុះគាត់ដើរមកជិតដល់ខ្ញុំ។គាត់ស្រែកដេញខ្ញុំឲ្យខ្ញុំឈប់ត្រឡប់ទៅក្នុងភូមិវិញ។ មនុស្សម្នាក់នៅក្នុងចំណោមនោះនិយាយថា ” បែបឪពុកម្ដាយទៅសមរភូមិហើយ” ។ ( នៅមានត)