ព័ត៌មានទាន់ហេតុការណ៍៖

កងរាជឣាវុធហត្ថខេត្តបញ្ជូនជនសង្ស័យ៤នាក់ដែលកាច់សោ.កម៉ូតូទៅសាលាដំបូង

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ជនសង្ស័យ៤នាក់ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តនៅរសៀលថ្ងៃចន្ទ ទី១១ ខែឧសភា ឆ្នាំ២០២៦នេះដើម្បីអនុវត្តតាមនីតិវិធី។

សមត្ថកិច្ចបន្តថាៈ កាលពីនៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៦ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានទទួលពាក្យបណ្ដឹងរបស់ជនរងគ្រោះឈ្មោះ ខាំ ណយស្រីលក្ខ ភេទស្រី អាយុ២០ឆ្នាំ មានអាសយដ្ឋាននៅភូមិម៉ក់ហឺន ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ស្ដីពីករណីបាត់ម៉ូតូនៅវេលាម៉ោង០៣និង៣០នាទី ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៦ នៅចំណុចបន្ទប់ជួលស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ក្រោយពីទទួលបានបណ្ដឹងខាងលើ  កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកអនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានចុះធ្វើការស្រាវជ្រាវរហូតកំណត់មុខសញ្ញាបាននៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៦ ឈានដល់ការឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន០៤នាក់ ១-ឈ្មោះ ឌី វណ្ណីអាស្ទេវិន ភេទប្រុស អាយុ១៨ឆ្នាំ, ២-ឈ្មោះ វី ដាវីត ភេទប្រុស អាយុ១៨ឆ្នាំ, ៣-ឈ្មោះ ហាក់ តាំងឆេង ភេទប្រុស អាយុ២៣ឆ្នាំ, ៤-ឈ្មោះ ផេង ភី ភេទប្រុស អាយុ២១ឆ្នាំ ព្រមទាំងចាប់យកនូវវត្ថុតាងនៃបទល្មើសនិងមធ្យោបាយប្រព្រឹត្តបទល្មើសម៉ូតូម៉ាកស្គូពី ពណ៌ខ្មៅ ផលិតឆ្នាំ២០២៣ ចំនួន០១គ្រឿង និងទុលល្វីសកែច្នៃមុខស្រួចប្រវែង២៥សង់ទីម៉ែត្រចំនួន០១ដើម ដែលក្រុមជនសង្ស័យបានដោះបំបែកនិងកាច់ផ្លាកលេខម៉ូតូរបស់ជនរងគ្រោះ។ បន្ទាប់មកជនសង្ស័យត្រូវបានសមត្ថកិច្ចនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដើម្បីសួរនាំតាមនីតិវិធី។

លោកអនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឱ្យដឹងទៀតថា ក្រោយឃាត់ខ្លួននិងសួរនាំរួច ជនសង្ស័យបានឆ្លេីយសារភាពថា ពួកខ្លួនពិតជាបានលួចកាច់កម៉ូតូរបស់ជនរងគ្រោះប្រាកដមែន។ ដោយផ្អែកលេីចម្លេីយសារភាពនិងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។

ជនសង្ស័យទាំង៤នាក់ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តដើម្បីអនុវត្តតាមនីតិវិធី។ ចំណែកម៉ូតូត្រូវបានកម្លាំងជំនាញប្រគល់ជូនជនរងគ្រោះវិញ៕

ដោយ៖វណ្ណា


ចែករំលែក៖