ព័ត៌មានទាន់ហេតុការណ៍៖

ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន កោតសរសើរចំពោះតួនាទីរបស់​ឯកអគ្គរដ្ឋទូតវៀតណាម ក្នុងការធ្វើ​ឱ្យទំនាក់ទំនង កម្ពុជា-វៀតណាម រីកលូតលាស់

ចែករំលែក៖

ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន កោតសរសើរចំពោះតួនាទីរបស់ ឯកអគ្គរដ្ឋទូតវៀតណាម ក្នុងការធ្វើឱ្យទំនាក់ទំនងទ្វេភាគីរីកលូតលាស់ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ បានអបអរសាទរលោក Nguyen Huy Tang ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសង្គម និយមវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលបានបញ្ចប់បេសកកម្មការទូតដោយជោគជ័យ និងបានថ្លែងអំណរគុណចំពោះតួនាទីដ៏សំខាន់របស់ឯកឧត្តម ក្នុងការជំរុញកិច្ចសហប្រតិបត្តិការ ទ្វេភាគី ជាពិសេសក្នុងការជំរុញទំនាក់ទំនងនយោបាយ ការលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ច និង ការប្រាស្រ័យទាក់ទងរវាងប្រជាជននិងប្រជាជន ព្រមទាំងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យ ការពារជាតិនិងសន្តិសុខ។

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន មានប្រសាន៍បញ្ជាក់បែបនេះ ក្នុងឱកាសដែលលោកឯកអគ្គរដ្ឋទូត បានចូលជួបសម្តែងការគួរសម និងជម្រាបលា កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ ២០២៤ នៅទីស្តីការក្រសួង។ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានទទួលស្គាល់ការរួមចំណែករបស់ឯកឧត្តម ឯកអគ្គរដ្ឋទូតដែលបានសម្របសម្រួលការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់ និងបានគូសបញ្ជាក់ពី ដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំកំពូលៗ រួមមានព្រះរាជទស្សនកិច្ចផ្លូវរដ្ឋរបស់ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី នី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅប្រទេសវៀត ណាម កាលពីខែវិច្ឆិកា ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក To Lam អតីតប្រធានរដ្ឋវៀតណាម នៅកម្ពុជា ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅខែកក្កដា និងពិធី បុណ្យកឋិនទានមហាសាមគ្គី ដឹកនាំដោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន កាកបាទក្រហមកម្ពុជា ទៅកាន់វត្តពោធិគិរីវង្សារាម ក្នុងខេត្តត្រាវិញ កាលពីខែវិច្ឆិកា ឆ្នាំ២០២៤នេះ។

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានសង្កត់ធ្ងន់លើវឌ្ឍនភាពដែលសម្រេចបាន សំខាន់ៗនៃកិច្ចសហប្រតិបត្តិការនយោបាយ សេដ្ឋកិច្ច វប្បធម៌ និងសន្តិសុខរវាងកម្ពុជា និងវៀតណាម។ ចំពោះវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និង លោកឯកអគ្គរដ្ឋទូត Tang បានឯកភាពគ្នាថា គួរតែលើកទឹកចិត្តបន្ថែមទៀតឱ្យមានការអនុវត្ត យ៉ាងពេញលេញនូវកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាទាំងអស់ ដើម្បីធានាបាននូវផលប្រយោជន៍ ទៅវិញទៅមកជាអតិបរមា។

លោកឧបនាយករដ្ឋមន្ត្រី និងលោកឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់ ពីសារៈសំខាន់នៃការរក្សាសន្ទុះនៃកិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីឈានដល់គោលដៅពាណិជ្ជកម្ម ទ្វេភាគីចំនួន២០ប៊ីលានដុល្លារ ដែលបានកំណត់ដោយថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ កាលពី ខែធ្នូ ឆ្នាំ២០២៣។ សម្រាប់កិច្ចសហប្រតិបត្តិការថ្នាក់ខេត្តឆ្លងព្រំដែន ភាគីទាំងពីរបានចែករំលែកនូវ ទស្សនៈគ្នាថា ការធានាបាននូវការតភ្ជាប់វិស័យដឹកជញ្ជូនប្រកបដោយភាពរលូន គឺមានសារៈសំខាន់ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៃប្រទេសទាំងពីរ។ ចំពោះវិស័យទេសចរណ៍ លោកឧបនាយករដ្ឋមន្ត្រី និង លោកឯកអគ្គរដ្ឋទូត Tang បានកត់សម្គាល់ដោយការពេញចិត្តចំពោះភាពរីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងការផ្លាស់ប្តូរទេសចរណ៍ រវាងប្រទេសទាំងពីរ ដែលអាចនឹងមានការកើនឡើងថែមទៀត។ លោកឯកអគ្គរដ្ឋទូត Nguyen Huy Tang បានកោតសរសើរចំពោះស្ថិរភាពនយោបាយ វឌ្ឍនភាពសេដ្ឋកិច្ចសង្គមនៅកម្ពុជា និងសមិទ្ធផលជាច្រើនដែលសម្រេចបានគួរឱ្យកត់សម្គាល់ ក្រោមការដឹកនាំរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ។

លោកឯកអគ្គរដ្ឋទូត បាន ថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជាសម្រាប់ការគាំទ្រ និងកិច្ចសហប្រតិបត្តិការនានាក្នុង អំឡុងពេលបេសកកម្មការទូតរបស់ឯកឧត្តម ។ ជាកិច្ចបញ្ចប់ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានធានាថា លោកឯកអគ្គរដ្ឋ ទូតវៀតណាមថ្មី នឹងទទួលបាននូវការគាំទ្រពេញលេញ ក្នុងការបំពេញបេសកកម្មការទូត ដើម្បី ពង្រឹងទំនាក់ទំនងមិត្តភាពកម្ពុជា-វៀតណាម ដ៏យូរអង្វែង ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិ បត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ៕

ដោយ​៖ តារា​


ចែករំលែក៖