(ដកស្រង់ពីសៀវភៅទំនៀមទម្លាប់និងពិធីបុណ្យផ្សេងៗរបស់ជនជាតិខ្មែរ)
អ្នកដែលមានជំងឺឈឺមកយូរថ្ងៃហើយរក្សាព្យាបាលដូចម្ដេចនៅតែមិនជា គេរមែងរកគ្រូឬហោរគុន់គូរមើលហេតុដែលដែលបណ្ដាលឲ្យឈឺនោះ។ បើមើលទៅត្រូវថាមានគ្រោះថ្នាក់គេរមែងនិមន្តលោកមកសូត្រមន្តរំដោះគ្រោះនោះឲ្យបានជាសះស្បើយល្ហើយទៅ។
ក្នុងកិច្ចនោះត្រូវរៀបរណ្ដាប់ផ្សេងៗតាមទម្លាប់របស់គ្រូអាចារ្យដែលធ្លាប់ធ្វើរៀងមក ក៏ប៉ុន្តែទម្លាប់របស់គ្រូអាចារ្យនោះមិនដូចគ្នាទេខ្លះមានគ្រឿងប្រដាប់ច្រើន ខ្លះមានគ្រឿងប្រដាប់ដាក់ល្មមសមគួរក្នុងទីនេះនឹងរៀបរៀងតាមបែបមធ្យមល្មមឱ្យអ្នកទីទ័លក្រធ្វើបានផងដូចមានតទៅនេះ ÷
រៀបគ្រឿងពុទ្ធបូជាគឺបាយសីប៉ាក់ឆាមួយគូ ស្លាធម៌មួយគូ ទឹកអប់មួយគូ ទៀនប្រាំធូបប្រាំលាជប្រាំ ផ្កាប្រាំ ។ រៀបគ្រឿងបូជាទេវតាគឺស្លាធម៌ ៥ ទឹកអប់ ៨ ឲ្យរៀបដាក់សងខាងខ្លួនអ្នកជំងឺម្ខាង ៤ ។ ធ្វើពែមួយហៅថាពែមឈូសបណ្ដោយប្រវែងមួយហត្ថអ្នកជំងឺ ទទឹងប្រវែងមួយចំអាមអ្នកជំងឺ ឲ្យរៀបដាក់បាយសម្ល ញាំភ្លា នំចំណីក្នុងពេលនោះតាមទំនៀមនិងសូនរូបមួយដោយម្សៅគឺជារូបស្នងខ្លួនអ្នកជំងឺ។ រៀបដាក់ក្នុងពពែនិងមានស្បូវស្ងួតប្រមាណមួយក្តាប់ទុកនិងដុតរូបនោះ។ សំពត់ប្រវែងបួនហត្ថអ្នកជំងឺនិងមានអង្ករវាល់ដោយនាឡិ ឬដោយចានតូចៗចំនួនស្មើនឹងអាយុអ្នកជំងឺ បើមានសេះខែថ្ងៃប៉ុន្មានឲ្យវាល់ប៉ុណ្ណោះដាក់ទៅទៀត និងវល់ទឹកអប់ចំនួនដូចគ្នានេះដាក់ក្នុងផ្តឹលធំមួយនិងមានពូនភ្នំខ្សាច់មួយពំនូកដាក់ក្នុងថាស។
របស់ទាំងនេះឲ្យយកទៅរៀបដាក់នៅមុខកន្លែងលោកសូត្រមន្ត។ ដល់វេលានិមន្តលោកមកសូត្រមន្ត និងសូត្រមន្តអាចារ្យរៀបចំសែនប្រចេគ្រោះថ្នាក់នោះឲ្យស្បើយល្ហើយ ហើយយកភ្លើងអុជស្បូវដុតរូបម្សៅនោះជាឧបកិច្ចថាបានដុតអ្នកជំងឺនោះ ហើយជូនពរនោះទៅតាមទិស។
* ពាក្យសែន
អញ ខ្ញុំ សូមអញ្ជើញទេវតា នវៈព្រះបរម មេសូរព្រះពិស្ណុការ ព្រះមេត្យូវ ព្រះកាលទើបអញ្ជើញព្រះ អាទិត្យ ព្រះចន្ទ ព្រះអង្គារ ព្រះពុធ ព្រះព្រហស្បតិ៍ ព្រះសុក្រ ព្រះសៅរ៍ព្រះរាហ៊ូ ព្រះកេតុ។ ទើបអញ្ជើញគ្រូព្រះរាមអគ្នេយ៍ ទក្សិណ ព្រះកល្បណ៍និរតី រាពណ៍បស្ចឹមសិតា ពាយ័ព្យសិភាយុ ឧត្តរហនុមាន ឦសានពិភេក សូមអញ្ជើញអ្នកមកយកក្រយ៉ាបូជា អញ ខ្ញុំ សូមស្មាលាទោសអ្នកហោង។ ទោះឈឺក្បាលត្បូង ឈឺក ឈឺទ្រូងសូមស្មាលាទោស កុំអ្នកប្រកួតទោះឈឺថ្កាត់ ចូររមូតរមូល ចង្អោរ ក្អែរក្អួត ឈឺចាក់ដោតសាច់សួត បំពង់កស្ងួតខាន់ស្លាក់ ខះទឹកមាត់ទើបអញ្ជើញអ្នករំដោះគ្រោះដង្កាត់រោគាឲ្យបាត់វិនាសទៅហោង។ បពិត្រវឹងថ្វាត់ទៅដោយស្ថានទីទៃហោង។ នមោពុទ្ធស្ស នមោធម្មស្ស នមោសង្ឃ ស្សហុលោ ហុលោ ស្វាយ ចរណាយចេញទៅ។
សូត្រមន្តគឺសូត្រធម៌យោងគ្រោះតាមទម្លាប់ដែលសូត្ររៀងមកហោង៕