សារព័ត៌មាន AFP បានផ្សាយថា លោកនាយករដ្ឋមន្រ្តី បេនចាមីន ណេតាន់យ៉ាហ៊ូ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី៩ ខែមេសា ថាអ៉ីស្រាអែលនឹងបន្តវាយប្រហារក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់ «នៅកន្លែងណាដែលចាំបាច់» មួយថ្ងៃក្រោយការវាយប្រហារដ៏សាហាវរបស់អ៉ីស្រាអែល សម្លាប់មនុស្សរាប់រយនាក់នៅលីបង់។
នៅលើគណនី X ផ្ទាល់ខ្លួន លោក ណេតាន់យ៉ាហ៊ូ បានបង្ហោះសារមួយយ៉ាងដូច្នេះថា «យើងកំពុងបន្តវាយក្រុមហេសបូឡា ដោយប្រើកម្លាំងយោធា ជាមួយភាពជាក់លាក់ និងការប្តេជ្ញាចិត្ត»។ លោកបានសរសេរទៀតថា «នរណាក៏ដោយដែលធ្វើសកម្មភាពប្រឆាំងជនស៊ីវិលអ៉ីស្រាអែល យើងនឹងវាយប្រហារពួកគេ។ យើងនឹងបន្តវាយក្រុមហេសបូឡានៅកន្លែងណាដែលចាំបាច់ រហូតដល់យើងអាចស្ដារសន្តិសុខពេញលេញ សម្រាប់ប្រជាជននៅភាគខាងជើង»។
អ៉ីស្រាអែល មានព្រំដែនភាគខាងជើងជាប់នឹងភាគខាងត្បូងនៃប្រទេសលីបង់ ជាទីដែលក្រុមហេសបូឡាឈរជើង។ ហេសបូឡា ត្រូវបានគេស្គាល់ថាជាចលនាប្រដាប់អាវុធគាំទ្រដោយអ៉ីរ៉ង់នៅក្នុងតំបន់ ហើយត្រូវបានអូសទាញឱ្យចូលក្នុងសង្រ្គាមឡើងវិញ កាលពីដើមខែមីនា ក្រោយអាមេរិក-អ៉ីស្រាអែលបំផ្ទុះសង្រ្គាមជាមួយអ៉ីរ៉ង់៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច