ខេត្តព្រះសីហនុ៖ កម្លាំងអាវុធហត្ថខេត្ដព្រះសីហនុ កាលពីយប់ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៦ បានបើកប្រតិបត្ដិការស្រាវជ្រាវ និងឈានទៅដល់ការចុះបង្ក្រាបទីតាំងប្រព្រឹត្ដបទល្មើស Online Scams មួយកន្លែង នៅក្នុងអគារស្នាក់នៅមួយកន្លែង ស្ថិតនៅក្រុម២ ភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ដោយឃាត់ខ្លួនជនបរទេសចំនួន៤៩នាក់។
ប្រតិបត្ដិការនេះ បានធ្វើឡើងក្រោមការបញ្ជាផ្ទាល់ ពីនាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស, លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ និងលោកឧត្ដមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការអាវុធហត្ថខេត្ដព្រះសីហនុ ក្រោមការសម្របសម្រួលនិតីវិធីពីលោក ឆាយ សុត្រា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត។
យោងតាមរបាយការណ៍ របស់បញ្ជាការដ្ឋានអាវុធហត្ថខេត្ដព្រះសីហនុ បានឱ្យដឹងនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦នេះថា ជនបរទេស ទាំង៤៩នាក់ (ស្រី០១នាក់)៖ ជនជាតិឥណ្ឌា ចំនួន ០៣នាក់ (ស្រី ០១នាក់), ជនជាតិនេប៉ាល់ ចំនួន ០៥នាក់ (ប្រុស), ជនជាតិប៉ាគីស្ដាន ចំនួន ២៣នាក់ (ប្រុស) និងជនជាតិបង់ក្លាដេស ចំនួន ១៨នាក់ (ប្រុស)។
ក្រៅពីការឃាត់ខ្លួន កម្លាំងអាវុធហត្ថខេត្ដព្រះសីហនុ ក៏បានដកហូតវត្ថុតាងរួមមាន៖ កំព្យូទ័រលើតុ ចំនួន ៧៥គ្រឿង, កំព្យូទ័រយួរដៃ (laptop) ចំនួន ០៥គ្រឿង, ទូរសព្ទដៃ ចំនួន ៤៣៥គ្រឿង។
បច្ចុប្បន្ន កម្លាំងជំនាញមន្ទីរស្រាវជ្រាវព័ត័មានសន្តិសុខ កំពុងបន្តនីតិវិធី៕

ដោយ៖តារា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច