ព័ត៌មានទាន់ហេតុការណ៍៖

ឧបនាយករដ្ឋមន្ត្រី​ ស៊ុន​ ចាន់ថុល​៖​ គម្រោងព្រែក ជីកហ្វូណនតេជោ គ្រោងនឹងបញ្ចប់ការសាងសង់ទាំងស្រុងនៅឆ្នាំ២០២៨ខាងមុខ ដោយមានតម្រូវការទុនវិនិយោគប្រមាណ ១,១៧ ពាន់លានដុល្លារអាម៉េរិក

ចែករំលែក៖

ខេត្តតាកែវ៖​ លោកឧបនាយករដ្ឋមន្ត្រី​ ស៊ុន ចាន់ថុល​ បានមានប្រសាសន៍ថា​ គម្រោងព្រែក ជីកហ្វូណនតេជោ គ្រោងនឹងបញ្ចប់ការសាងសង់ទាំងស្រុងនៅឆ្នាំ២០២៨ ខាងមុខ ដោយមានតម្រូវការទុនវិនិយោគប្រមាណ ១,១៧ ពាន់លានដុល្លារអាម៉េរិក ក្នុងនោះសហគ្រាសសាធារណៈ និងក្រុមហ៊ុនក្នុងស្រុកបានបោះទុនវិនិយោគចំនួន ៥១% និងក្រុមហ៊ុនវិនិយោគរបស់ប្រទេសចិនចំនួន ៤៩%។​ ការថ្លែងបែបនេះ​របស់​លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ដ្រី ក្នុងពិធីបើកការដ្ឋានសាងសង់គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ កំណាត់ទី២ ក្រោមអធិតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា និងលោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា​ នាព្រឹកថ្ងៃទី១១​ ខែមេសា​ ឆ្នាំ​២០២៦នេះ។

លោកឧបនាយករដ្ឋមន្ត្រី​ ថ្លែងថា​ ពិធីបើកការដ្ឋានសាងសង់គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ កំណាត់ទី២នេះ​ គឺជាសក្ខីភាពនៃការសម្រេចបាននូវសមិទ្ធផលដ៏វិសេសវិសាលរបស់ប្រជាជាតិខ្មែរ ដែលបានបង្ហាញពីសមត្ថភាព លទ្ធភាពពេញលេញ និងឆន្ទៈដ៏មុតមាំរួមគ្នារបស់រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋខ្មែរទាំងអស់នៅគ្រប់ទិសទី ដោយបានបង្កប់នូវស្មារតីមហាសាមគ្គីជាតិខ្មែរ តាមរយៈការចូលរួមគាំទ្រ និងជំរុញដំណើរការសាងសង់គម្រោងនេះទាំងមូលឱ្យសម្រេចចេញជារូបរាងឡើងនាពេលខាងមុខ ដើម្បីបម្រើជាឧត្តមប្រយោជន៍រួមដល់សេដ្ឋកិច្ច និងសង្គមនៅកម្ពុជា។

លោកឧបនាយករដ្ឋមន្ត្រី​ ស៊ុន ចាន់ថុល​ បា​នថ្លែងថា គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ មានប្រវែងសរុប ១៧២,៦ គីឡូម៉ែត្រ ត្រូវបានរាជរដ្ឋាភិបាលសម្រេចធ្វើការបែងចែកជា ២កំណាត់ ដើម្បីជំរុញការសាងសង់ និងធ្វើប្រតិបត្តិការតាមយន្តការភាពជាដៃគូររវាងរដ្ឋ និងឯកជន ដែលរួមមាន៖ 

ផ្លូវទឹកកំណាត់ទី១ មានប្រវែង ២១គីឡូម៉ែត្រ(បើកការដ្ឋានសាងសង់កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤) និងផ្លូវទឹកកំណាត់ទី២ មានប្រវែងសរុប ១៥១,៦គីឡូម៉ែត្រ(បើកការដ្ឋាននៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦នេះ)

លោក ស៊ុន ចាន់ថុល​ ថ្លែងថា​ ខណៈពេលដែលពិភពលោកកំពុងតែមានការប្រែប្រួលយ៉ាងលឿនគួរឱ្យកត់សម្គាល់ និងបន្តវិវត្តទៅរកភាពមិនប្រាកដប្រជា សេដ្ឋកិច្ចសកលបានបន្តថមថយចុះ និងធ្វើឱ្យមានការរាំងស្ទះដល់ខ្សែច្រវាក់ផលិតកម្ម និងការផ្គត់ផ្គង់ ជាហេតុធ្វើឱ្យកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម ឧស្សាហកម្ម និងការវិនិយោគ ដើរតួនាទីកាន់តែសំខាន់ឡើង ហើយសម្រាប់កម្ពុជាវិញ ការគិតគូរជាអាទិភាពលើការលើកកម្ពស់ការតភ្ជាប់បណ្តាញដឹកជញ្ជូនពហុមធ្យោបាយរវាងផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស បានដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិ តំបន់ និងសកល តាមរយៈការ កាត់បន្ថយចំណាយថ្លៃដឹកជញ្ជូន ការសន្សំសំចៃពេលវេលា ការបង្កើនភាពប្រកួតប្រជែង និងការបង្កើតឱកាសសម្រាប់ការធ្វើពាណិជ្ជកម្ម និងវិនិយោគបន្ថែមទៀត។

លោកឧបនាយករដ្ឋមន្ត្រី ថ្លែងថា​ គម្រោងព្រែកជីកហ្វូណនតេជោ កំណាត់ទី១ បានបោះបង្គោលព្រំរួចរាល់បានចំនួន ១៥៥បង្គោល និងរៀបចំដោះ ស្រាយលើផលប៉ះពាល់ដោយគ្រោងចំណាយថវិកាប្រមាណ ៧០,៨៥លានដុល្លារអាម៉េរិក។ គម្រោងចំណាយដោះស្រាយផលប៉ះពាល់នេះ មានការឯកភាពពីសម្ដេចមហាបវរធិបតី នាយករដ្ឋមន្ត្រីរួចហើយ។

លោក ស៊ុន ចាន់ថុល​ ថ្លែងថា​ ដោយមើលឃើញពីឧត្តមភាពនៃបណ្តាញដឹកជញ្ជូនដ៏មានសារសំខាន់ រាជរដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែងសាងសង់អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវ ស្ពាននៅទូទាំងប្រទេសឱ្យមានភាពប្រទាក់ក្រឡា និងតភ្ជាប់ចាប់តាំងពីទីក្រុងរហូតដល់ជនបទ។ រាជរដ្ឋាភិបាល នៅក្នុងនីតិកាលទី៧នេះ បានបន្តជំរុញការអនុវត្តគម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ ដែលជាគម្រោងប្រវត្តិសាស្រ្តក្នុងវិស័យដឹកជញ្ជូនផ្លូវទឹករបស់កម្ពុជា ដើម្បីតភ្ជាប់ប្រព័ន្ធទន្លេ និងផ្លូវសមុទ្រ ឱ្យមានដំណើរការ ដើម្បីបម្រើជាឧត្តមប្រយោជន៍រួមសម្រាប់ប្រជាជាតិកម្ពុជាទាំងមូល៕ដោយ​៖តារា​


ចែករំលែក៖