ភ្នំពេញ : ក្នុងឱកាសអញ្ជើញជាអធិបតី “បើកការដ្ឋានសាងសង់គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ កំណាត់ទី២ ប្រវែង ១៥១,៦គីឡូម៉ែត្រ (ព្រែកពោធិ៍ ខេត្តកណ្តាល – សមុទ្រ ខេត្តកែប)” ខេត្តតាកែវ ព្រឹកថ្ងៃសៅរ៍ ទី១១ ខែមេសា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបញ្ជាក់ថា ការដោះស្រាយបញ្ហាព្រំដែន គឺសម្ដេចជ្រើសយកយន្តការមិនបង្ហូរឈាម ដើម្បីកុំឱ្យមានពលរដ្ឋកម្ពុជា រួមទាំងកងកម្លាំងមិនមានការបាត់បង់ជីវិត។ សម្ដេចបញ្ជាក់បន្ថែមថា សង្គ្រាមសងទៅសងមក នឹងមិនងាយបញ្ចប់នោះទេ ប៉ុន្តែបើដោះស្រាយតាមយន្តការច្បាប់ យន្តការអន្តរជាតិនិងការទូត គឺជាយន្តការដែលអាចបញ្ចប់បញ្ហាព្រំដែនបានយូរអង្វែង និង មិនមានការបាត់បង់ជីវិតមនុស្ស។ ប៉ុន្តែយន្តការនេះត្រូវការពេលបន្តិច ដែលទាមទារឱ្យយើងត្រូវអត់ធ្មត់ ដើម្បីសម្រេចជោគជ័យ។
ក្នុងន័យនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា គឺមានតែការចរចាប៉ុណ្ណោះ ទើបអាចដោះស្រាយបញ្ចប់បញ្ហាបាន ជាពិសេសការចរចាទ្វេភាគី ដោយការស្មោះត្រង់ជាមួយគ្នា។ សម្ដេចធិបតីបានបញ្ជាក់បន្ថែមថា ករណីដូចជាសង្គ្រាមនៅអ៊ុយក្រែន និងនៅតំបន់នានាជាច្រើនទៀត បានបង្ហាញឱ្យឃើញថា ដើម្បីបញ្ចប់បញ្ហាបាន គឺមានតែការចរចា ដោះស្រាយប៉ុណ្ណោះ។
ឆ្លៀតក្នុងឱកាសនេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងរំលឹកគុណដល់វីរកងទ័ពទាំងអស់ ដែលបានធ្វើពលិកម្មគ្រប់បែបយ៉ាង ខិតខំជម្នះគ្រប់ឧបសគ្គ ឈរជើងយ៉ាងរឹងមាំក្នុងការការពារអធិបតេយ្យភាព បូរណភាពទឹកកម្ពុជា ពីការឈ្លានពានរបស់ទាហានសៀម៕
ដោយ : សិលា

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច