ព័ត៌មានទាន់ហេតុការណ៍៖

រឿង ៖ ពេលដែលម៉ែឃ្លាតទៅ (ត)

ចែករំលែក៖

មេឃមិនទាន់ភ្លឺផង សំឡេងកញ្ចែបន្លឺឡើងយ៉ាងស្រួចកោះហៅប្រជាជនឲ្យទៅជួបជុំគ្នាដើម្បីចេញដំណើរ។ ម្ដាយឪពុករបស់ខ្ញុំប្រញាប់រៀបចំខ្លួនដើម្បីទៅឲ្យទាន់ប្រជាជនដទៃទៀត។ ខ្ញុំឮឪពុករបស់ខ្ញុំនិយាយថា តោះឯងរួចរាល់ឬនៅ? ម្តាយរបស់ខ្ញុំក៏ហុចក្រមាឲ្យឪពុករបស់ខ្ញុំទុកគ្រាន់ជូតញើសហើយឆ្លើយតបថា រួចរាល់ហើយ។

   ខ្ញុំក្រឡេកទៅខាងក្រៅ ឃើញមនុស្សច្រើនណាស់ដើរសំដៅទៅកន្លែងជួបជុំគ្នា ម្ដាយនិងឪពុករបស់ខ្ញុំ ហាក់មិនចង់ចាកចេញពីកូនៗទេ ជាពិសេសប្អូនស្រីរបស់ខ្ញុំដែលមានអាយុទើបតែមួយឆ្នាំជាង។ គាត់ចេះតែលួចមើលប្អូនស្រីរបស់ខ្ញុំដែលកំពុងតែដេកលក់។ ម៉ែទៅហើយមើលប្អូនឱ្យមែនទែនណាកូនណា ពេលដែលម៉ែឃ្លាតទៅកូនត្រូវជួយមើលថែទាំប្អូន អប់រំប្អូន កុំធ្វើបាបប្អូនៗ ទាំងបីនាក់គ្មានសាច់ញាតិណាដែលនៅជិតស្និទ្ធជាងកូនទេ។  ម្ដាយរបស់ខ្ញុំងាកមកផ្តែផ្ដាំដល់ខ្ញុំចុងក្រោយ។ និយាយបណ្ដើរគាត់ទាំងពីរនាក់ឱនមកថើបក្បាលរបស់ខ្ញុំបណ្តើរទាំងក្តីក្តុកក្តួល។ ខ្ញុំឈរមើលម្ដាយឪពុករបស់ខ្ញុំចេញដំណើររហូតផុតកន្ទុយភ្នែក។ខ្ញុំបានបោះជំហានចូលមកក្នុងផ្ទះវិញទឹកភ្នែករបស់ខ្ញុំមិនដឹងជាហូរមកពីណាទេសម្លឹងមើលទៅប្អូនៗកំពុងតែដេកលង់លក់ដោយមិនដឹងថាម្ដាយឪពុកកំពុងតែចាកចេញទៅចោលឡើយ។ក្រោយពីដេកវិញបាត់ម្ដាយឪពុកអស់ក្នុងទ្រូងខ្ញុំល្ហល្ហេវរកអ្វីប្រៀបផ្ទឹមពុំបានឡើយ។

   ខ្ញុំអង្គុយផ្អែកទៅនឹងសសរកូនឈើកំពិកកំពកចំកណ្ដាលផ្ទះប្អូនក៏ភ្ញាក់ ខ្ញុំស្ទុះទៅពដើម្បីកុំឱ្យវាយំ។ ប្អូនរបស់ខ្ញុំចេញផុតពីមុងមិនទាន់ស្រែកសួររកម្ដាយរបស់ខ្ញុំភ្លាម។ ខ្ញុំខំនិយាយលួងលោមប្អូនថា ឪពុកម្ដាយរបស់យើងទៅធ្វើការហើយ បន្តិចទៀតបានគាត់ត្រឡប់មកវិញ។ បន្ទាប់មកខ្ញុំលុបមុខឱ្យប្អូនស្រីតូចរួចបន្តលុបមុខឲ្យប្អូនរបស់ខ្ញុំម្នាក់ទៀតទើបទាញយកក្រមាមកជូតមុខឱ្យម្ដងម្នាក់ៗ។

   ប្អូនៗរបស់ខ្ញុំឃ្លានណាស់ តែខ្ញុំមិនដឹងធ្វើយ៉ាងណាទេ។ ក្នុងផ្ទះគ្មានឆ្នាំង គ្មានអង្ករគ្មាន ជើងក្រានអ្វីទាំងអស់។ ខ្ញុំនាំប្អូនលេងនៅក្នុងផ្ទះមិនហ៊ានចេញទៅណាឡើយ។ខ្ញុំបង្កើតគំនិតនាំប្អូនយកដីមកលេងទឹកច្របាច់រួចសូនជារូបផ្សេងៗ ដូចជាឡាននិងមនុស្សដើម្បីលួងប្អូនកុំឲ្យយំ។ ពេលនោះខ្ញុំមានអារម្មណ៍ថា ខ្ញុំបាត់បង់វ័យជាកុមារភាព ហើយក្លាយទៅជាអាណាព្យាបាលរបស់ប្អូនៗទាំងបីនាក់។ បន្ទុកនេះពិតជាធ្ងន់ណាស់ ពេលខ្លះខ្ញុំត្រូវពប្អូនដើរចេញក្រៅបោចស្លឹកឈើដាក់ចូលមាត់ដើម្បីបំពេញសេចក្តីស្រេកឃ្លាន។

   យប់មួយខ្ញុំឮសំឡេងចង្រ្កង់ច្រើនណាស់នៅតាមផ្លូវ។ ខ្ញុំក៏លួចមើលឃើញរទេះគោដើរជាជួរកាត់តាមភូមិហើយឃើញក្មេងៗប្រញាប់តាមពីក្រោយហាក់ដណ្ដើមអ្វីមួយដោយសេចក្តីស្រេកឃ្លាន។  ខ្ញុំក៏ចូលទៅជិតក្មេងៗទាំងនោះទើបដឹងថាជារទេះដឹកដំឡូង។ ខ្ញុំក៏រត់តាមរទេះហើយលួចបានដំឡូងមីបីដុំធំៗរួចរត់ចូលផ្ទះវិញភ្លាម។ ស្ងប់សំឡេងរទេះខ្ញុំក៏ដាស់ប្អូនៗរបស់ខ្ញុំឲ្យក្រោករួចបកដំឡូងហូបឆៅទាំងយប់អស់មួយដុំទើបនាំគ្នាដេកទៅវិញ។ យើងសំងំដេកមិនទាន់លក់ផង ស្រាប់តែមានអារម្មណ៍ថាឆ្អល់ពោះចង់ហៀរទឹកមាត់ទាំងអស់គ្នា។ ដោយមិនដឹងធ្វើយ៉ាងម៉េចចេះតែនាំប្អូនទ្រាំរហូតទល់ភ្លឺ។ បីបួនថ្ងៃក្រោយមកខ្ញុំបាននាំប្អូនរបស់ខ្ញុំដើរបេះស្លឹកឈើបំពេញក្រពះតាមទម្លាប់។ ជួបជាមួយ និងកុមារពីរបីក្រុមខ្លះមានពាក់ចំពាមកៅស៊ូនឹងក។ ក្មេងមួយក្រុមនោះបានបបួលខ្ញុំទៅរកចាប់ត្រី ចាប់ក្តាមតាមប្រឡាយទឹក។ ខ្ញុំឈប់គិតមួយភ្លែតទើបសម្រេចចិត្តពប្អូនទៅជាមួយក្មេងៗទាំងនោះ។ ទៅដល់វាលស្រែខ្ញុំឃើញទឹកប្រឡាយហូរថ្លាឆ្វង់ ខ្ញុំមានអារម្មណ៍សប្បាយប្លែកចិត្តក៏ដាក់ប្អូនឱ្យឈរលើភ្លឺស្រែ រួចខ្ញុំក៏ចុះទឹកហើយយកជើងស្ទាបៗខ្លាចរអិលដួល ព្រោះខ្ញុំមិនចេះហែលទឹកទេ។ ខ្ញុំប្រឹងដើរខាងៗដូចក្លាហានណាស់តាមពិតខ្ញុំមិនស្គាល់រន្ធក្តាម ឬរន្ធកង្កែបទេ ខ្ញុំដើរទៅដើរមករកក្តាមមិនបានសោះ។ ក្មេងម្នាក់ដែលបបួលខ្ញុំមកបានសួរខ្ញុំថាអានេះអត់ចេះលូកក្តាមទេអី ? ខ្ញុំតបថាអត់ចេះទេ អត់ស្គាល់រន្ធក្តាមទេ ។ក្មេងនេះនិយាយ មកនេះចាំអញប្រាប់ រួចក្មេងនោះដើរលបៗតាមមាត់ទឹកឃើញរូងមួយមានស្នាមចុចៗលើដីមាត់រណ្ដៅថ្មីៗ រួចងាកមកប្រាប់ខ្ញុំថា អ្ហែង!ឃើញទេនេះស្នាមជើងក្តាមទើបនិងកាយរន្ធថ្មីៗលូកចូលទៅនឹងប៉ះក្តាមហើយ។តែបើមានស្មៅដុះជិត កុំលូកប្រយ័ត្នប្រយ័ត្នពស់។ ឮក្មេងនិយាយដូច្នោះខ្ញុំរាងភ័យបន្តិចដែរព្រោះខ្ញុំខ្លាចប៉ះពស់ ក្មេងនោះឲ្យខ្ញុំលូករន្ធនោះសាក ហើយខ្ញុំខំប្រឹងយកដៃលូកចូលក្នុងរូងរាងភ័យផងខ្លាចផង បានបន្តិចក៏ប្រាប់ក្មេងនោះវិញថាអត់ឃើញអីផងហ្នឹង។ក្មេងនោះគំហ៊កដាក់ខ្ញុំ យីអានេះអាចម៍ដីនៅថ្មីចែសម៉េចបានអត់អ្ហា ? ក្មេងនោះក៏លូកដៃវាចូលទៅយ៉ាងជ្រៅទើបលាន់មាត់ថាក្តាមប៉ុនណាណីវាថាអត់ លូកម្ដងទៀតមើល៎។ ខ្ញុំឮក្មេងនោះប្រាប់ថាមានក្តាមក៏មានចិត្តត្រេកអរនឹកថានឹងបានឲ្យប្អូនហូបហើយ រួចខ្ញុំក៏លូកដៃចូលជាថ្មីតែនៅរាងស្ទាក់ស្ទើរនៅឡើយ។ ក្មេងនោះស្រែកគំហ៊កដាក់ខ្ញុំខ្លាំងៗម្ដងទៀត។ ខ្ញុំលូកតាមឡើងកប់ដល់ក្លៀកទើបប៉ះរបស់រឹងរឹងៗ ក៏ស្រែកថាប៉ះ អីរឹងៗ ក្មេងនោះប្រាប់ខ្ញុំថាអើអាហ្នឹងគឺក្តាមហើយទាញវាចេញមក។ ខ្ញុំបានលូកដៃចូលបន្ថែមទៀតដើម្បីឲ្យដល់ចំណុចមួយដែលម្រាមដៃរបស់ខ្ញុំអាចចាប់ក្តាមនោះបាន រួចក៏ទាញក្តាមចេញមក គ្រាន់តែផុតមាត់រន្ធភ្លាម ក្តាមបានចាប់កៀបដៃខ្ញុំមួយរំពេច

ខ្ញុំឈឺណាស់ក៏ទម្លាក់ក្តាមចោល។តែក្តាមនៅតែគៀបដៃរបស់ខ្ញុំមិនព្រមធ្លាក់ទេ។ ក្មេងនោះស្ទុះមកចាប់ក្តាមពីដៃខ្ញុំជាប់ ហើយសើចដោយនិយាយថា ប្រយ័ត្នវាគៀបដៃឮទេ រួចហើយហុចក្តាមមកឱ្យខ្ញុំហើយបង្រៀនខ្ញុំពីរបៀបចាប់ក្តាមពីលើស្នូក។ ខ្ញុំចាប់ក្តាមលើកឡើងហើយបង្ហាញក្តាមឲ្យប្អូនៗរបស់ខ្ញុំមើល។ ប្អូនៗរបស់ខ្ញុំហោកញ្ជ្រៀវដោយក្តីត្រេកអរ។ ខ្ញុំក៏ដើរឡើងសំដៅទៅប្អូនៗ រំពេចនោះខ្ញុំភាន់ភាំងជាថ្មីដោយមិនដឹងធ្វើយ៉ាងម៉េចឲ្យក្តាមងាប់ ។ ខ្ញុំក៏បោកក្តាមផ្ទប់នឹងដីបាក់ជើងបាក់ដៃអស់។ ឯងបោកវាធ្វើអី! បើខ្លាចវា យកឈើទៅចាក់ប្រឡោះទ្រូងវាទៅវាងាប់ហើយ ក្មេងនោះស្រែកប្រាប់ខ្ញុំ។ ទោះក្មេងនោះស្រែកដាក់ខ្ញុំក៏ខ្ញុំនៅតែមានចិត្តត្រេកអរដដែលព្រោះខ្ញុំបានក្តាមមួយមកដុតឲ្យប្អូនហូបហើយ។ (នៅមានត។)


ចែករំលែក៖