សារព័ត៌មាន Reuters បានផ្សាយថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍នៅថ្ងៃចន្ទ ទី២០ ខែមេសា ឆ្នាំ២០២៦ ថាមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានចុះត្រួតពិនិត្យ និងបញ្ជាដោយផ្ទាល់ លើការធ្វើតេស្ដបាញ់មីស៊ីលបាលិស្ទីគកាលពីថ្ងៃអាទិត្យម្សិលមិញ នៅក្រោមកិច្ចប្រឹងប្រែងដើម្បីវាយតម្លៃលើសមត្ថភាពរបស់ក្បាលគ្រាប់ដែលបំពាក់គ្រាប់បែកចង្កោម។
នេះជាការធ្វើតេស្ដបាញ់មីស៊ីលបាលិស្ទីគជាលើកទី៤របស់កូរ៉េខាងជើងនៅក្នុងខែមេសានេះ និងជាលើកទី៧ ក្នុងឆ្នាំ២០២៦ ខណៈទីក្រុងព្យុងយ៉ាងកំពុងខ្នះខ្នែងពង្រឹងសមត្ថភាពមីស៊ីល និងអាវុធនុយក្លេអ៊ែរ ផ្ទុយទៅនឹងដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ តាម KCNA នៅក្នុងការធ្វើតេស្ដកាលពីថ្ងៃអាទិត្យ កូរ៉េខាងជើងបានបាញ់សាកល្បង មីស៊ីលបាលិស្ទីគរយៈចម្ងាយខ្លីដែលត្រូវបានធ្វើបច្ចុប្បន្នភាពបន្ថែម Hwasong-11 Ra ចំនួន៥គ្រាប់។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងបានឱ្យដឹងទៀតថា Hwasong-11 Ra ជាប្រភេទមីស៊ីល បាលិស្ទីគតាក់ទិកដែលបាញ់ចេញពីផ្ទៃដីកម្ទេចគោលដៅនៅលើផ្ទៃដី ហើយការធ្វើតេស្ដនេះទៀតសោតធ្វើឡើងក្នុងគោលបំណងវាយតម្លៃលើឥទ្ធិពល និងប្រសិទ្ធភាពនៃក្បាលគ្រាប់ស៊េរីថ្មី។
យោធាកូរ៉េខាងត្បូងបានឱ្យដឹងកាលពីថ្ងៃអាទិត្យថា កូរ៉េខាងជើងបានបាញ់សាកល្បងមីស៉ីលជាច្រើនគ្រាប់នៅក្បែរទីក្រុង Sinpo នៃភាគខាងកើតប្រទេសកូរ៉េខាងជើង កាលពីវេលា ម៉ោងខ្ទង់ ៦៖១០នាទីព្រឹក។ រីឯរដ្ឋាភិបាលជប៉ុន បាននិយាយថា មីស៉ីលបាលិស្ទីគទាំងនោះ ទំនងជាបានធ្លាក់នៅក្បែរឆ្នេរភាគខាងកើតនៃឧបទ្វីបកូរ៉េ ដោយមិនមានការបំពានចូលមកក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ EEZ របស់ប្រទេសជប៉ុនទេ។
KCNA នៅថ្ងៃចន្ទនេះដែរបានបញ្ចេញរូបថតបង្ហាញពីលោក គីម ជុងអ៊ុន និងកូនស្រីរបស់លោកឈ្មោះ Ju Ae ពិនិត្យមើលការធ្វើតេស្តបាញ់មីស៊ីលអមដោយមន្ត្រីកូរ៉េខាងជើងជាច្រើននាក់៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច