ខេត្តបាត់ដំបង ៖ យោងតាមលទ្ធផលក្នុងកិច្ចប្រជុំអន្តរក្រសួងកន្លងមកបានបង្ហាញឱ្យដឹងថា គិតត្រឹមថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២នេះ អាជ្ញាធរមានសមត្ថកិច្ចបានចុះបង្ក្រាបឃាត់ខ្លួនក្រុមអ្នកទន្រ្ទានដីព្រៃលិចទឹកតំបន់៣ ក្នុងភូមិសាស្ត្រខេត្តបាត់ដំបងមានចំនួន ១៧នាក់ រួមទាំងវត្ថុតាងមួយចំនួន។
ហើយចំពោះយុទ្ធនាការបង្ក្រាបទប់ស្កាត់ករណីខាងលើនេះដែរ ក៏មានបងប្អូនប្រជាពលរដ្ឋចំនួន ២.៧២៩គ្រួសារ បានចូលរួមប្រគល់ដីឲ្យរដ្ឋវិញដែលមានផ្ទៃដីចំនួន ១៣.៨២៥ហិកតា ។
ជាមួយគ្នានេះលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏បានជំរុញដល់រដ្ឋបាលខេត្ត និងមន្ទីរអង្គភាពជំនាញពាក់ព័ន្ធទាំងអស់បន្តចាត់វិធានការក្នុងការការពារ បង្ក្រាបការទន្ទ្រានកាន់កាប់ដីរបស់រដ្ឋ នៅក្នុងដែនព្រៃលិចទឹកជុំវិញបឹងទន្លេសាប ដើម្បីធានាបាននូវនិរន្តរភាពពង្រឹងការអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ តាមលិខិតបទដ្ឋានគតិយុត្ត ពិសេសអនុវត្តតាមបទបញ្ជានានារបស់រាជរដ្ឋាភិបាល ដែលនៅជាធរមានជាអាទិ៍នៅឡើយ។
ដោយឡែកការចុះបញ្ជីដីរដ្ឋ ការថែទាំបង្គោលព្រំដីដែលបានបោះរួច និងបន្តចុះបោះកំណត់ព្រំដីព្រៃលិចទឹកដែលនៅសេសសល់ ព្រមទាំងពង្រឹងការថែទាំ ដាំដើមឈើផ្សេងៗថែមទៀត៕
ដោយ៖ចន្ទ លីហ្សា