ក្រសួងការពារជាតិរុស្ស៊ីបានលើកឡើងថា អាមេរិកបានបើកការស្រាវជ្រាវផលិតអាវុធជីវសាស្ត្រ ដែលមានវីរុសបង្កជំងឺដ៏គ្រោះថ្នាក់ តាមរយៈសត្វស្លាបអាចហោះហើរនាំវីរុសទៅគ្រប់ទិសទី ។
សារព័ត៌មានRT បានផ្សាយថា រដ្ឋាភិបាលរុស្ស៊ីនៅថ្ងៃទី១១ខែមីនា បានអំពាវនាវដល់អង្គការសហប្រជាជាតិកោះប្រជុំស្តីពីកម្មវិធីអាវុធជីវសាស្ត្រដែលបានហាមប្រាម ត្រូវបានអាមេរិកនិងអ៊ុយក្រែនស្រាវជ្រាវផលិតនៅក្នុងប្រទេសអ៊ុយក្រែន។
នៅពេលនេះក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នឹងបើកកិច្ចប្រជុំបន្ទាន់មួយនៅថ្ងៃ១១ខែមីនា (ពេលវេលានៅញូវយ៉ក) តបតាមការស្នើរបស់រុស្ស៊ី ដើម្បីពិភាក្សាគ្នាពាក់ព័ន្ធនឹងការចោទប្រកាន់ពីការផលិត និងអភិវឌ្ឍអាវុធជីវសាស្ត្រនៅក្នុងប្រទេសអ៊ុយក្រែន។
កាលពីថ្ងៃពុធសប្ដាហ៍នេះ, អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី ម៉ារីយ៉ា ហ្សាខារ៉ូវ៉ា (Maria Zakharova) បានអះអាងជាថ្មីថា សហរដ្ឋអាមេរិក បានផ្ដល់ជំនួយដល់អ៊ុយក្រែនក្នុងការផលិត និងអភិវឌ្ឍអាវុធជីវសាស្ត្រ។ បើតាមលោកស្រី ហ្សាខារ៉ូវ៉ា, កងទ័ពរុស្ស៊ីប្រមូលបានភស្តុតាងជាច្រើនដែលអាចបញ្ជាក់បានថា អ៊ុយក្រែនបានព្យាយាមបំផ្លាញភស្តុតាងនៃកម្មវិធីអាវុធជីវសាស្ត្រតាមរយៈការបំផ្លាញសំណាកនៅមន្ទីរពិសោធន៍។ ប៉ុន្តែ ទាំងអាមេរិក និងអ៊ុយក្រែនបានច្រានចោលការចោទប្រកាន់បែបនេះ៕ ដោយ៖ ធីរីណា
រូបថត៖AP