(តពីលេខមុន)
# បវារណាចេញវស្សា :
កាលបានគង់ចាំព្រះវស្សាគ្រប់បីខែហើយ ព្រះសង្ឃត្រូវបវារណាចេញព្រះវស្សានៅថ្ងៃពេញបូណ៌មីខែអស្សុជ។
ក្នុងថ្ងៃជាមួយគ្នានោះនៅព្រះបរមរាជវាំងពួកបារគូធ្វើពិធីអញ្ជើញទេវរូបចេញព្រះវស្សាដែរ គឺព្រះឥសូរ ព្រះនាងឧមា ព្រះគិណេស ព្រះនារាយណ៍ និងពលទេព។
ថ្ងៃនោះ នៅគ្រប់ទីវត្ត ព្រះសង្ឃប្រជុំគ្នាធ្វើកិច្ចបវារណាចេញវស្សាគឺសុំខមាទោសកំហុសរបស់ខ្លួនគ្រប់ព្រះអង្គ។ ចំណែកទាយកទាយិកា ជ្រះថ្លាធ្វើទានប្រគេនព្រះសង្ឃឯវត្តតាមទំនៀម គឺធ្វើចំពោះព្រះសង្ឃដែលខ្លួនបានចាប់ស្លាកកាន់អង្គតាំងពីថ្ងៃភ្ជុំបិណ្ឌមក។
ក្រោយពេលព្រះសង្ឃសូត្របវារណាគេនិមន្តទេសនាមហាជាតក(ព្រះវេស្សន្តរ) គឺជាតិដែលព្រះបរមគ្រូទ្រង់ធ្វើមហាបរិច្ចាគព្រោះព្រះអង្គទ្រង់ដាក់ទានព្រះរាជទេពី និង រាជបុត្រា បុត្រីដល់ជូជក។
នៅយប់ថ្ងៃពេញបូណ៌មីខែអសុ្សជនោះ អ្នកស្រុកនាំគ្នាបណ្ដែតប្រទីប ឬលយប្រទីបដែលធ្វើពីដើមចេកដោតភ្ជាប់គ្នាជាក្បូន។ ក្បូននេះជួនកាលមានរាងធំសម្បើមហើយមានធ្វើរាងជាសាលាជាព្រះចូឡាមណីចេតិយមានគោមរាងកន្សោមតាឪនៅត្រង់កំពូលផង។ គេធ្វើនំនែកផ្សេងៗ ហើយគេនាំគ្នាសែងមនុស្សទៅមាត់ទឹក គេនិយាយឧទ្ទិសបូជាប្រទីបនោះចំពោះព្រះរតនត្រ័យគឺ ព្រះពុទ្ធ ព្រះធម៌ព្រះសង្ឃ ។ ចំណែកជនសាមញ្ញក៏សូត្រនមស្សកាស្នាមព្រះពុទ្ធបាទ និង និយាយសមាលទោសព្រះគង្គានិងធរណីដោយខ្លួនបានបន្ទោរបង់នៅវត្ថុកខ្វក់ផ្សេងៗក្នុងឆ្នាំនោះស្រេចហើយទើបនាំគ្នាអូសក្បូនទម្លាក់ទឹកទៅ ។
តាមធម្មតា មុននឹងបណ្ដែតប្រទីបទៅតាមខ្សែទឹកហូរ ភូមិជាច្រើនយកទូករចនាដោយផ្កាភ្ញីយ៉ាងវិចិត្រទៅសណ្ដោងប្រទីបហែជាក្បូននៅកណ្ដាលទន្លេ ហើយមាននិមន្តព្រះសង្ឃគង់ក្នុងទូកផង។ នៅភូមិខ្លះ អ្នកស្រុកមាននាំគ្នាលេងប្រណាំងទូក.ងទៀត។ ទំនៀមលយប្រទីបនេះ មានប្រភពច្រើនបែបណាស់ប៉ុន្តែមានប្រភពពីរដែលគេដឹងច្រើនជាងគេ : រឿងទី១ថា ធ្វើបុណ្យបណ្ដែតប្រទីបដើម្បីបូជាចំពោះព្រះចង្កូមកែវដែលប្រតិស្ឋាននទុកនៅឯភពនាគឯណោះ រឿងទី ២ ថា ជាបុណ្យរំលឹកថ្ងៃដែលស្ដេចភុជង្គនាគសុំឲ្យព្រះពុទ្ធអង្គទ្រង់ប្រតិស្ថានស្នាមព្រះបាទទុកជាទីគោរពសក្ការៈនៃពួកសត្វទឹកទាំងឡាយ។
ចំណែកបុណ្យអុំទូកដែលត្រូវធ្វើក្រោយពេលចេញវស្សាមកទៀតនោះក៏មានសេចក្តីអធិប្បាយអំពីជំនឿដូចគ្នានឹងរឿងលយប្រទីបចេញវស្សានេះដែរ៕(នៅមានត)
ស្រាវជ្រាវ និងកែសម្រួលដោយចៅតាជេត