ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ វិធានការ ៣ការពារ ៣កុំ នៅតែចាំបាច់ សម្រាប់ការពារអាយុជីវិតប្រជាពលរដ្ឋ

ចែករំលែក៖

ភ្នំពេញ៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានទទួលអំណោយជាសម្ភារប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩ ពីលោកស្រី ហ៊ាង ដារ័ត្ន សួស យ៉ារ៉ា នៅរសៀលថ្ងៃអង្គារ ១៣កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២  នៅទីស្តីការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច។ 

   ក្នុងឱកាសនោះ លោកស្រីកិត្តិសង្គហ បណ្ឌិតម៉ែន សំអន បានលើកឡើងថា៖ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ការគ្រប់គ្រងស្ថានការណ៍កូវីដនៅកម្ពុជាមានលក្ខណៈល្អប្រសើរ និងមានអ្នកឆ្លងតិចបំផុត ខណៈស្ទើរតែទាំងស្រុងត្រូវបានព្យាបាលជាសះស្បើយ។ ក្នុងនោះផងដែរ លោកស្រីក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមអនុវត្តនូវវិធានការ ៣ការពារ ៣កុំដែលជាវិធានដ៏ចាំបាច់សម្រាប់ការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ ។

   លោកស្រី កិត្តិសង្គហបណ្ឌិត ក៏បានថ្លែងអំណរគុណ និងកោតសរសើរដល់ លោកស្រី ហ៊ាង ដារ័ត្ន ដែលបានចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលនៅគ្រប់សកម្មភាពមនុស្សធម៌។ លោកស្រីបានបន្តទៀតថា សកម្មភាពទាំងនេះគឺជាកាយវិការដ៏ល្អប្រពៃមួយក្នុងនាមខ្មែរជួយខ្មែរ ។

     អំណោយនាពេលនេះរួមមាន ៖ ១- រ៉ាពីដតេស្ត ២០កេស, ២-ម៉ាស់២៥កេស, ៣-ប្រដាប់វាស់កម្តៅ២០០ដើម៕

ដោយ ៖ សំរិត


ចែករំលែក៖