ខេត្តកំពង់ឆ្នាំង៖ ខណៈដែលម្ទេសឆ្អើរបច្ចុប្បន្ននេះមានតម្លៃខ្ពស់នៅលើទីផ្សារដែលមិនធ្លាប់មានពីមុនៗនោះ បានធ្វេីឱ្យប្រជាពលរដ្ឋប្រកបរបរធ្វើម្ទេសឆ្អើរ នៅឯខេត្តកំពង់ឆ្នាំង មានការសប្បាយរីករាយយ៉ាងខ្លាំង។
ជាក់ស្ដែងយោងតាមការលើកឡើងរបស់ប្រជាពលរដ្ឋម្នាក់ឈ្មោះ លាក់ ភេទប្រុស មានទីលំនៅក្នុងភូមិកណ្តាល សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំ ង ជាអ្នកប្រកបមុខរបរធ្វើម្ទេសឆ្អើរលក់ បានរៀបរាប់ឱ្យដឹងនៅព្រឹកថ្ងៃ១៦ ខែមីនា ឆ្នាំ២០២២នេះថា៖ គ្រួសារគាត់ក៏ដូចអ្នកភូមិមូយចំនួនដែលបានប្រកបមុខរបរឆ្អើរត្រីលក់ តែដល់ផុតរដូវខ្នើតត្រីអស់ទៅ។ ពួកគាត់ក៏នាំគ្នាបន្តធ្វើម្ទេសឆ្អើរទៀត ដោយអ្នកចំការបានដឹកម្ទេសស្រស់ៗដែលដាំនៅតាមខ្នងកោះ និងចំការតាមដងទន្លេឆ្ងាយៗនៅក្នុងខេត្តកំពង់ឆ្នាំង។
ប្រជាពលរដ្ឋរូបនេះ បាននិយាយបន្ថែមថា៖ ឆ្នាំនេះម្ទេសស្រស់ដែលគាត់បានទិញមានតម្លៃ២.១០០រៀល ទៅ២.២០០រៀល ក្នុង១គីឡូក្រាម ដោយថ្លៃឈ្នួល វះម្ទេស១០០គីឡូ១.៥០០រៀល ថ្លៃហាល១ថែប ១.៥០០រៀល។ ដោយឡែកគ្រាប់ម្ទេសគាត់លក់អោយគេយកទៅធ្វើទឹកម្ទេសលក់ ខ្លះទៀតក៍បានលក់គ្រាប់ជាពូជអោយទៅអ្នកចំការយកទៅដាំវិញក្នុង១គីឡូក្រាម ថ្លៃ៣.០០០រៀល ទៅ៤.០០០រៀល។ ចំណែកអំបិល១០០គីឡូក្រាមមានតម្លៃ៥០.០០០រៀល និងអុសសម្រាប់ដុត ១៧.០០០រៀលថោកជាងឆ្នាំទៅផងដែរ ។ ម្ទេសស្រស់១០០គីឡូក្រោយពីធ្វើរួចរាល់ហាលទៅជាម្ទេសក្រៀមវិញស្រកនៅសល់តែពី ១៥ទៅ១៦គីឡូក្រាមតែប៉ុណ្ណោះ។ ការធ្វើម្ទេសក្រៀមនេះពិបាកហើយត្រូវប្រើកម្លាំងពលកម្មនិងមធ្យោបាយច្រើន។
ប៉ុន្តែនៅឆ្នាំនេះ តម្លៃម្ទេសក្រៀមដែលបានធ្វើរួចរាល់តម្លៃពី១៩.០០០រៀល, ២០.០០០រៀល និង២១.០០០រៀល ដែលតម្លៃមិនសូវខុសពីឆ្នាំទៅប៉ុន្មានទេ។
ដោយឡែកបេីតាមប្រភពព័ត៍មានពីស្ត្រីម្នាក់ទៀតឈ្មោះ ធី ក៏បានឱ្យដឹងដែរថា តម្លៃម្ទេសក្រៀមបើនៅតែថេត្រឹមតែ២០.០០០ ទៅ២១.០០០រៀលកុំធ្លាក់ចុះនោះ ពួកគាត់សប្បាយរីករាយនឹងបន្តធ្វើរហូត។ ស្ត្រីរូបនេះ បាននិយាយបន្ថែមថា ឆ្នាំនេះផ្លែម្ទេសស្រស់ទើបត្រូវបានបេះនៅដើមដៃហើយគ្រាដែលកសិកដឹកតាមកាណូតយកមកលក់ឱ្យផ្ទាល់ៗ រៀងបានថោកបន្តិច បើតម្លៃទិញតពីម៉ូយនៅកំពង់ផែវិញនោះ គឺតម្លៃ១គីឡូថ្លៃ៣.០០០រៀលផងដែរ៕
ដោយ៖សហការី