ព័ត៌មានទាន់ហេតុការណ៍៖

យុវជនម្នាក់មិនដឹងមានវិបត្តិអ្វីទេបានបើកម៉ូតូមកលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វា

ចែករំលែក៖

    ភ្នំពេញ ៖ យុវជនម្នាក់មិនដឹងជាមានវិបត្តិអ្វីនោះទេ បានបើកម៉ូតូមកលោតទឹកពីលើស្ពានជ្រោយចង្វាប៉ុនប៉ងសម្លាប់ខ្លួនតែមិនស្លាប់ ព្រោះត្រូវបានប្រជាពលរដ្ឋជាអ្នកនេសាទជួយស្រង់មកលើគោកវិញ។

    ហេតុការណ៍ប៉ុនប៉ងលោតទឹកសម្លាប់ខ្លួនមិនបានសម្រេចនេះបានកើតឡើងកាលពីម៉ោង៩និង២០នាទីយប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ នៅលើស្ពានជ្រោយចង្វា ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

    ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលឈប់មើលនៅកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុរូបគាត់បានឃើញយុវជនម្នាក់បានបើកម៉ូតូម៉ាកហុងដាស្គូពីពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1IN-1923 ចេញពីផ្លូវជាតិលេខ១ រួចបានជិះឡើងលើស្ពានជ្រោយចង្វា។ បន្ទាប់មកយុវជនរូបនេះក៏ទុកទូរស័ព្ទមួយគ្រឿង ស្បែកជើងមួយគូ និងម៉ូតូម៉ាកស្គូពីមួយគ្រឿងចោលនៅលើស្ពាន រួចក៏លោតទម្លាក់ខ្លួនចុះទៅក្នុងទឹកទន្លេ ហើយភ្លាមៗនោះដែរបានអ្នកនេសាទឃើញទាន់ក៏យកទូកទៅចាប់និងជួយស្រង់យុវជនរូបនេះ យកមកលើគោកវិញ ប្រគល់ឱ្យសមត្ថកិច្ច។

    បន្ទាប់ពីកើតហេតុសមត្ថកិច្ចបានទំនាក់ទំនងទៅកាន់ក្រុមគ្រួសារជនរងគ្រោះឱ្យមកទទួលហើយក៏មានមិត្តភក្តិមកដឹកត្រឡប់ទៅផ្ទះវិញ៕

ដោយ៖ ជ្រោយពេជ្រ


ចែករំលែក៖