ព័ត៌មានទាន់ហេតុការណ៍៖

ដំណើរទស្សនកិច្ចសិក្សាគណៈប្រតិភូក្រសួងអប់រំយុវជន និងកីឡា នៅវិទ្យាល័យអប់រំពិសេសខេត្តសៀមរាប របស់លោករដ្ឋមន្ត្រីក្រសួងអប់រំ

ចែករំលែក៖

ខេត្តសៀមរាប៖ គណៈប្រតិភូក្រសួងអប់រំ យុវជន និងកីឡាដឹកនាំដោយ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អញ្ជើញចុះពិនិត្យមើលដំណើរការបង្រៀន និងរៀន វិទ្យាល័យអប់រំពិសេស ដែលបង្រៀនសិស្ស គថ្លង់ និងពិការភ្នែក ពីថ្នាក់មត្តេយ្យដល់ថ្នាក់ទី១២ នៅខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២។ 

លោកបណ្ឌិតសភាចារ្យរដ្ដមន្ត្រីបានថ្លែងអំណរគុណដល់លោកគ្រូ អ្នកគ្រូដែលយកចិត្តទុកដាក់ខិតខំបណ្តុះបណ្តាលដល់សិស្សានុសិស្សគថ្លង់ និងពិការភ្នែក បានល្អប្រសើរបើទោះបីជាមានការខ្វះខាតទាំងបច្ចេកទេស និងសម្ភារក្តី។ លោកបានបញ្ជាក់ថា ចំពោះវិទ្យាល័យអប់រំពិសេសនេះ កន្លងមកក្រសួងបានយកចិត្តទុកដាក់ជួយសម្រួលដល់ជីវភាពខ្វះខាតបានមួយចំនួនរបស់លោកគ្រូ អ្នកគ្រូឯកទេស ដូចជាបានឧបត្ថម្ភថវិកាបន្ថែមលើបៀវត្សរ៍ប្រចាំខែ និងបានដោះស្រាយជាបណ្តើរៗទាំងសម្ភារៈ និងបច្ចេកទេស តាមសំណូមពររបស់សាលា ធ្វើយ៉ាងឱ្យសាលាមាននិរន្តរភាព និងដំណើរការល្អ។ 

សូមបញ្ជាក់ផងដែរថា វិទ្យាល័យអប់រំពិសេស ពីមុនមានឈ្មោះថាសាលាកុមារគថ្លង់ និងកុមារពិកាភ្នែកសៀមរាប ដែលចាប់ផ្តើមដំណើរការដំណើរការនៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០០០ ដែលមានកិច្ចសហប្រតិបត្តិការរវាងអង្គការគ្រួសារថ្មី និងក្រសួងអប់រំ យុវជន និងកីឡា និងត្រូវផ្ទេរមកនៅក្រោមការគ្រប់គ្រងរបស់ក្រសួងអប់រំ យុវជន និងកីឡា នៅឆ្នាំ ២០១៨។

នៅឆ្នាំសិក្សា ២០២១-២០២២ មានគ្រូសរុបចំនួន ៤០នាក់ ស្រី២១នាក់ សិស្សគថ្លង់ និងពិកាភ្នែកកំពុងសិក្សាសរុបចំនួន១៩៦នាក់ ស្រី៨២នាក់។ ក្នុងការងារបង្រៀន សាលាបានអនុវត្តតាមកម្មវិធីសិក្សាគោលរបស់ក្រសួងអប់រំ យុវជន និងកីឡា ដោយបកប្រែ និងបោះពុម្ពជាសៀវភៅសញ្ញាសម្រាប់បង្រៀនសិស្សគថ្លង់ និងអក្សរប្រៃយ៍ខ្មែរសម្រាប់បង្រៀនសិស្សពិការភ្នែក តាមសៀវភៅគោលរបស់ក្រសួងអប់រំ យុវជន និងកីឡា។ ក្នុងការសិក្សាសាលាបានបញ្ជូលសកម្មភាពកីឡា សិល្បៈ ភ្លេងកុំព្យូទ័រ ភាសាអង់គ្លេស ហាត់ស្តាប់ និយាយ និងបំណិនជីវិតផងដែរ៕

ដោយ ៖ សិលា


ចែករំលែក៖