ព័ត៌មានទាន់ហេតុការណ៍៖

ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុសូមជម្រាបជូនសាធារណជនជ្រាបថាករណីសន្តិសុខខ្មែរម្នាក់ធ្វើអត្តឃាតនៅចំណុចឆាយណាថោន មិនមែនជាករណីឃាតកម្មនោះទេ

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ យោងតាមផេករបស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុនារសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ បានជម្រាបជូនសាធារណជនឱ្យបានជ្រាបថា ករណីសន្តិសុខខ្មែរម្នាក់ធ្វើអត្តឃាតនៅចំណុចឆាយណាថោន មិនមែនជាករណីឃាតកម្មនោះទេ មិនដូចជាព័ត៌មានបំពុលសង្គមមួយចំនួនដែលគ្មានមូលដ្ឋានច្បាស់លាស់ផ្សព្វផ្សាយនោះឡើយ។

   នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង៥និង២០នាទី មានករណីមនុស្សម្នាក់បានស្លាប់នៅចំណុចឆាយណាថោន អគារទី២៣ ក្រុមទី៨ ភូមិ៦ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។ 

   សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ ធឿន ធេប អាយុ២៥ឆ្នាំ បច្ចុប្បន្នស្នាក់នៅបណ្ដោះអាសន្នអគារកើតហេតុ ។ 

   បើតាមសម្តីសន្តិសុខដែលធ្វើការជាមួយគ្នាបានឱ្យដឹងថា នៅម៉ោង៥ជិតភ្លឺ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ ជនរងគ្រោះបានប្រាប់ថាចុះទៅបត់ជើងនៅជាន់ទី៦។ ក្រោយមកទើបបានដឹងថា  ជនរងគ្រោះបានចងកសម្លាប់ខ្លួន រួចក៏បានរាយការណ៍ជូនសមត្ថកិច្ច ។

   ពាក់ព័ន្ធនឹងករណីចងកសម្លាប់របស់ជនរងគ្រោះនេះ សមត្ថកិច្ចនគរបាលខេត្តព្រះសីហនុនៅមិនទាន់ដឹងពីការធ្វើអត្តឃាតដោយចងករបស់ជនរងគ្រោះនៅឡើយទេ មិនដឹងថាមានបញ្ហាជាមួយក្រុមគ្រួសារ ឬជាមួយក្រុមហ៊ុននោះឡើយ។

   យោងតាមតាមការពិនិត្យស្លាកស្នាមសព សមត្ថកិច្ចបានពិនិត្យឃើញថា សពមានសភាពទន់ ភ្នែកនៅបើក មាត់បិទ និងក្រចកដៃ-ជើងមានពណ៌ស្វាយ គ្រប់ស៌ពាង្គកាយពុំមានស្លាកស្នាមអ្វីគួរឱ្យកត់សម្គាល់ឡើយ ។ ផ្អែកតាមការពិនិត្យរបស់ការិយាល័យជំនាញបច្ចេកទេសនិងវិទ្យាសាស្រ្ត សមត្ថកិច្ចអាចសន្និដ្ឋានបានថា ការស្លាប់របស់ជនរងគ្រោះបណ្ដាលមកពីចងកពិតប្រាកដមែន ។ 

  បច្ចុប្បន្នសាកសពជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យនៅឯស្រុកកំណើត ភូមិបខ្នរបស់ ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង ។ 

   គួរបញ្ជាក់ផងដែរថា ស្នងការដ្ឋាននគរបាលខេត្តសូមច្រានចោលរាល់ព័ត៌មានមិនពិតបំពុលសង្គមទាំងឡាយណាដែលគ្មានមូលដ្ឋានច្បាស់លាស់ ក្នុងករណីណាដែលផ្សាយបំពុលស្នងការដ្ឋាននឹងស្រាវជ្រាវរកជននោះឱ្យមកទទួលខុសត្រូវចំពោះមុខច្បាប់ និងសូមអំពាវនាវឲ្យបងប្អូនសាធារណជនជ្រាបជាព័ត៌មាន៕

ដោយ៖ ជ្រោយពេជ្រ


ចែករំលែក៖