ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចពិជ័យសេនា ទៀ បាញ់ ជួបអនុរដ្ឋមន្តី ក្រសួងការពារប្រទេសវៀតណាម

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី ១៨ ខែ មីនា ឆ្នាំ ២០២២ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការពារជាតិ ក៏បានជួបសម្តែងការគួរសមជាមួយ លោកឧត្តមសេនីយ៍ឯកបម្រុង ង្វៀង អ៊ឹង គឿង (NGUYEN TAN CUONG) ប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម និងជាអនុរដ្ឋមន្តី ក្រសួង ការពារប្រទេសវៀតណាម ដែល លោកបានដឹកនាំគណៈ ប្រតិភូយោធាជាន់ខ្ពស់ មកចូលរួមកិច្ចប្រជុំ អគ្គមេបញ្ជាការកងទ័ពអាស៊ាន លើកទី១៩  ចាប់ពី ថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ កន្លងទៅ។

 សម្ដេចពិជ័យសេនា ទៀ បាញ់ ក្នុងជំនួបពិភាក្សាការងារថ្នាក់រដ្ឋមន្ត្រី ការពារ ជាតិនៃប្រទេសទាំង២ កម្ពុជា. វៀតណាម បានធ្វើការវាយតម្លៃខ្ពស់ចំពោះលទ្ធផលអនុវត្ត ផែនការ កិច្ចសហប្រតិបត្តិការឆ្នាំ២០២១ និងបានដាក់ចេញផែនការកិច្ចសហប្រតិបត្តិការឆ្នាំ២០២២ ដោយ ប្តេជ្ញាចិត្តបន្តសហការរួមគ្នាយ៉ាងស្អិតរមួតក្នុងភាពអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណីំ សំដៅលើក កម្ពស់ ទំនាក់ ទំនងជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដើម្បីពង្រឹង និងពង្រីកចំណងមិត្តភាព សាមគ្គី ភាពជាភាតរៈ និងកិច្ច សហប្រតិបត្តិការលើគ្រប់វិស័យឲ្យមានភាពរីកចម្រើន ដែលជាកត្តាគន្លឹះបម្រើ ឲ្យផលប្រយោជន៍ទៅវិញទៅមករបស់កងទ័ព និងប្រជាជនប្រទេសទាំងពីរ កម្ពុជា-វៀតណាម។ បានធ្វើការវាយតម្លៃ ក្នុងតំបន់ និងសកលលោកមានការគំរាមកំហែង ពីជំងឺកូដ-១៩ជាសកល បន្ត រាតត្បាតទូទាំងពិភពលោក និងពេលថ្មីៗនេះ ក៏មានសង្គ្រាមផ្ទុះឡើងនៅទ្វីបអឺរ៉ុបរវាងរុស្ស៊ីនិងអ៊ុយក្រែន ថែមទៀត។ តាមរយៈដំណើរទស្សនកិច្ចនេះ សម្តេចពិជ័យបាន ស្នើក្រសួងការពារប្រទេស វៀតណាម បន្តពង្រឹងកិច្ចសហប្រតិបត្តិការការងារអាទិភាពមួយចំនួន សម្រាប់ឆ្នាំ២០២២នេះ រួមមាន ៖ បន្តអនុវត្ត ផែនការកិច្ចសហប្រតិបត្តិការឆ្នាំ២០២២ រវាងក្រសួងការពារប្រទេសទាំងពីរ កម្ពុជា-វៀតណាម ៖ 

 – ជំរុញការបញ្ជូនសិក្ខាកាមយោធាកម្ពុជា ទៅបណ្តុះបណ្តាលហ្វឹកហ្វឺននៅប្រទេសវៀតណាម និងបង្កើន កិច្ចសហប្រតិបត្តិការលើវិស័យព័ត៌មានវិទ្យា និងបណ្ដាញសន្តិសុខតាមរយៈបណ្ដុះបណ្ដាលហ្វឹកហាត់ នាយទាហានបច្ចេកទេស ដល់សិក្ខាកាមកម្ពុជាទៅសិក្សានៅប្រទេសវៀតណាម និងភាគី វៀតណាម ចាត់បញ្ជូនយោធាចារ្យមកបង្ហាត់នៅកម្ពុជា។  បង្កើនការផ្លាស់ប្តូរទស្សនកិច្ចគណៈប្រតិភូជាន់ខ្ពស់ ពិសេសគណៈប្រតិភូនាយទាហានវ័យក្មេង កងទ័ព នាវី គណៈប្រតិភូសម្រាកបំប៉នសុខភាព និងការ ពិនិត្យព្យាបាលជំងឺនៅប្រទេសវៀតណាម, ពង្រឹងកិច្ចសហប្រតិបត្តិការប្រចាំឆ្នាំរវាងកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ជាមួយបញ្ហាការដ្ឋានកងទ័ពការពារព្រំដែន ក្រសួងការពារប្រទេស វៀតណាម , ពង្រឹងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹកប្រទេសទាំងពីរ កម្ពុជា-វៀតណាម ។ ពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រុមការងារប្រទេសទាំងពីរ ដើម្បីគាំទ្រលំហាត់សមយុទ្ធរួមគ្នា ស្ដីពីការ ប្រឆាំងអំពើភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរគ្រឿងញៀន និងការសង្គ្រោះគ្រោះមហន្តរាយ សម្រាប់កិច្ចការមនុស្សធម៌នៅតាមព្រំដែនកម្ពុជា-វៀតណាម។ចូលរួមទប់ស្កាត់ការទន្ទ្រានកាន់កាប់ដី នៅតាម តំបន់គ្មានកងកម្លាំងប្រដាប់អាវុធឈរជើង និងប្រជាជនរស់នៅនិងការបង្កបង្កើនផលខុសច្បាប់ នៅទឹកដីដែលបានបោះបង្គោលសីមារួច។

លោក ឧត្តមសេនីយ៍ឯកបម្រុង ង្វៀង អ៊ឹង គឿង បានថ្លែងថា៖ប្រទេសកម្ពុជា និង វៀតណាម នៅតែមានប្រពៃណីជួយគ្នាទៅវិញទៅមកជារៀងរហូត ។ ដោយឡែកក្រសួងការពារជាតិនៃប្រទេសទាំង២ នឹងបន្តអនុវត្តឲ្យបានសំរេចទៅតាមអនុស្សារណៈដែលបានចុះហត្ថលេខា នៃកិច្ច សហប្រតិបត្តិការលើគ្រប់វិស័យឲ្យមានភាពរីកចម្រើនបន្តទៀត ៕

ដោយ ៖ សិលា


ចែករំលែក៖