ព័ត៌មានទាន់ហេតុការណ៍៖

តំបន់ទេសចរណ៍នៅក្នុងតំបន់អាស៊ានបើកទ្វារស្វាគមន៍អ្នកទេសចរមកពីគ្រប់ទិសទី

ចែករំលែក៖

តំបន់ទេសចរណ៍ល្បីៗនៅអាស៊ី ដូចជាកោះបាលី បាងកក ប្រាសាទ អង្គរវត្ត …បានបើកទ្វារទទួលអ្នកទេសចរហើយលុបចោលរាល់វិធានការទប់ស្កាត់កូវីដ-១៩ បានទាក់ទាញអ្នកទេសចរជាច្រើន។
កាលពីថ្ងៃទី១៥ខែមីនាកន្លងមកក្រោយរយៈពេល២ឆ្នាំនៃការបិទប្រទេស វៀតណាមក៏បានបើកទ្វារទទួលអ្នកទេសចរអន្តរជាតិដោយលើកលែងការធ្វើចត្តាឡីស័ក គឺគ្រាន់តែចាក់វ៉ាក់សាំងរួច និងធ្វើតេស្តអវិជ្ជមានកូវីដ-១៩ ។
នៅក្នុងប្រទេសកម្ពុជា អ្នកដំណើរជាតិ-អន្តរជាតិជាច្រើនបានចូលមកកម្ពុជានាព្រឹកថ្ងៃទី១៨ មីនានេះ តាមអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្រោយកម្ពុជាប្រកាសលុបចោលលក្ខខណ្ឌតម្រូវឱ្យអ្នកដំណើរមកពីបរទេសបង្ហាញលទ្ធផលតេស្ត PCR អវិជ្ជមាន ក្នុងរយៈពេល៧២ម៉ោងមុនមកដល់កម្ពុជា លុបចោលការតម្រូវឱ្យធ្វើតេស្តរហ័សនៅពេលមកដល់កម្ពុជា និងអនុញ្ញាតបើកឡើងវិញការផ្តល់ទិដ្ឋាការពេលមកដល់ (Visa on Arrival) សម្រាប់អ្នកដំណើរអន្តរជាតិ។
នៅក្នុងប្រទេសហ្វុីលីពីន និងម៉ាឡេស៊ី នឹងបើកទ្វារចាប់ពីថ្ងៃទី១ខែមេសា ។ ដោយឡែកនៅប្រទេសឥណ្ឌូនេស៊ីនឹងចាប់ផ្តើមបើកទ្វារនៅថ្ងៃទី២១ខែមីនា។
ធនាគារអភិវឌ្ឍន៍អាសុី បានបញ្ជាក់ថា វិស័យទេសចរណ៍នៅក្នុងតំបន់នេះនាំមកនូវប្រាក់ចំណូលដល់ទៅ១២,១% ដល់បណ្តាប្រទេសក្នុងតំបន់ និងជួយផ្តល់ការងារធ្វើដល់ពលរដ្ឋជាង៤២លាននាក់នៅក្នុងឆ្នាំ២០១៩ មុនពេលផ្ទុះកូវីដ-១៩ ៕ ដោយ៖ធីរីណា

រូបថត៖AFP


ចែករំលែក៖