ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត HILUX VIGO បេីកបុកបង្គោលភ្លើងថ្មនិងរថយន្តឡិចសុីសមួយគ្រឿងទៀតចតស្ងៀមរងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

      ភ្នំពេញ​ ៖​ មានមនុស្សប្រុសស្រីមួយក្រុម សង្ស័យទើបចេញពីហូបការគេហើយស្រវឹងស្រា​ បានបើករថយន្តTOYOTA HILUX VIGO មួយគ្រឿងជ្រុលចង្កូតទៅបុកបង្គោលភ្លើងធ្វើអំពីថ្មមួយដើម និងរថយន្តឡិចសុីសRX300 មួយគ្រឿងចតស្ងៀមបណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ តែសំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។

    ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១និង៤៥នាទីយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២នៅចំណុចមុខផ្សារម៉ាក្រូតាមបណ្ដោយផ្លូវលេខ១០០៣ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា​ មុនកើតហេតុគេឃើញមានមនុស្សប្រុសស្រីមួយក្រុមមានគ្នា៣ទៅ៤នាក់ជិះរថយន្តTOYOTA HILUX VIGO មួយគ្រឿងពណ៌ស្ករពាក់ស្លាកលេខភ្នំពេញ2I-6975ធ្វើដំណើរតាមបណ្តោយផ្លូវលេខ១០០៣ពីត្បូងទៅជើងក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើស្រាប់តែរេចង្កូតមកខាងស្ដាំដៃជ្រុលទៅបុកបង្គោលថ្មមួយដើមពេញទំហឹង រួចហើយបន្តទៅបុករថយន្តឡិចសុីសRX300 មួយគ្រឿងទៀតពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AV-6125 ដែលម្ចាស់ឈប់ចតស្ងៀមនៅមុខផ្ទះបណ្តាលឱ្យរងការខូចខាតផ្នែកខាងក្រោយយ៉ាងដំណំ។ ចំណែកបង្គោលភ្លើងថ្មប្រេះបែកបន្តិចបន្តួច  រីឯរថយន្តបង្ករងការខូចខាតផ្នែកខាងមុខស្ទើរតែទាំងស្រុង។

      ក្រោយកើតហេតុ​ ម្ចាស់រថយន្តបង្កបានធ្វើការសម្របសម្រួលគ្នាជាមួយភាគីខាងរថយន្តឡិចសុីស និងបានហៅរថយន្តស្ទូចមកបម្រុងស្ទូចចេញពីកន្លែងកើតហេតុ តែត្រូវបានប្រជាពលរដ្ឋរាយការណ៍ជូនសមត្ថកិច្ចចុះមកដល់កន្លែងកើតហេតុ ហើយបានពិនិត្យជាក់ស្ដែងឃើញបង្គោលភ្លើងថ្មមានការប្រេះស្រាំទើបសមត្ថកិច្ចមូលដ្ឋានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖