ព័ត៌មានទាន់ហេតុការណ៍៖

ចិនធ្វើសមយុទ្ធរយៈពេល ៣សប្តាហ៍នៅសមុទ្រចិនខាងត្បូង

ចែករំលែក៖

រដ្ឋបាលដែនសមុទ្ររបស់ចិន (MSA) កាលពីថ្ងៃទី១៩ខែមីនា បានប្រកាសនៅលើគេហទំព័រផ្លូវការ ថា កម្លាំងទាហានជើងទឹកប្រទេសនេះនឹងធ្វើសមយុទ្ធរយៈពេល ៣សប្តាហ៍នៅសមុទ្រចិនខាងត្បូង។
តាមការប្រកាស ការធ្វើសមយុទ្ធបានចាប់ផ្តើមនៅវេលាម៉ោង ៩ ថ្ងៃទី ១៩ខែមីនា រហូតទៅដល់ថ្ងៃទី ៩ខែមេសា នៅ៥ទីតាំងផ្សេងៗគ្នា ក្នុងសមុទ្រចិនខាងត្បូង។ ជាមួយគ្នានេះដែរ នាវាទាំងឡាយមិនអនុញ្ញាតឱ្យចូលក្នុងដែនសមុទ្រដែលធ្វើសមយុទ្ធនោះឡើយ។
កាលពីថ្ងៃទី៤ខែមីនា នៅលើគេហទំព័ររបស់រដ្ឋបាលដែនសមុទ្ររបស់ចិន (MSA) បានផ្សាយថា មានការធ្វើសមយុទ្ធកម្លាំងទាហានជើងទឹកពីថ្ងៃទី៤ដល់ថ្ងៃទី១៥ខែមីនា ។
កាលពិថ្ងៃទី១៩ខែមីនា យោធាចិនបានចេញសេចក្តីថ្លែងការណ៍ថា ការធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់នៅថ្ងៃទី១៧ ខែមីនា ដោយនាវាចម្បាំង Ralph Johnson របស់សហរដ្ឋអាមេរិក គឺជាសកម្មភាពបង្កហេតុ ហើយផ្តល់សញ្ញាមិនត្រឹមត្រូវទៅកាន់ក្រុមចង់ទាមទារឯករាជ្យនៅកោះតៃវ៉ាន់។
អ្នកនាំពាក្យមួយរូបរបស់យោធាចិនបានលើកឡើងថា សកម្មភាពខាងលើនេះ គឺគ្រោះថ្នាក់ខ្លាំងណាស់ ហើយលោកក៏បានបន្ថែមដែរថា យោធាចិនបានធ្វើការឃ្លាំមើលជាប់ចំពោះការធ្វើដំណើរឆ្លងកាត់នោះរបស់នាវាចម្បាំងអាមេរិក។ កន្លងមក ទីក្រុងវ៉ាស៉ីនតោនជារឿយៗបានចល័តនាវាយោធារបស់ខ្លួនក្នុងសកម្មភាពស្រដៀងគ្នានេះ ហើយទទួលរងទៅវិញនូវការរិះគន់ជានិច្ចពីសំណាក់ទីក្រុងប៉េកាំង។
សម្រាប់ចិនតៃវ៉ាន់គឺជាបញ្ហាដ៏រសើបនិងសំខាន់ជាទីបំផុតនៅក្នុងទំនាក់ទំនងរបស់ខ្លួនជាមួយសហរដ្ឋអាមេរិក។ អាមេរិកដែលមិនមានទំនាក់ទំនងការទូតផ្លូវការ ជាមួយទីក្រុងតៃប៉ិនៅឡើយនោះ គឺជាខ្នងបង្អែកសំខាន់បំផុតរបស់តៃវ៉ាន់នៅលើឆាកអន្តរជាតិ ហើយក៏ជាអ្នកផ្គត់ផ្គង់អាវុធធំបំផុតរបស់ដែនកោះនេះផងដែរ៕

ដោយ៖ ធីរីណា(រូបថត៖TTXVN-VNA)


ចែករំលែក៖