ព័ត៌មានទាន់ហេតុការណ៍៖

បញ្ជូនខ្លួនជនសង្ស័យប្រុសស្រី៣នាក់ទៅកាន់តុលាការពាក់ព័ន្ធបទល្មើសជួញដូរគ្រឿងញៀនជាង២០គីឡូក្រាម ប្រដាប់ដោយអាវុធ

ចែករំលែក៖

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀន នៅរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២ បានបញ្ជូនខ្លួនជនសង្ស័យប្រុសស្រី៣នាក់ និងថ្នាំញៀនជាង២០ គីឡូក្រាម រួមជាមួយកាំភ្លើងខ្លីមួយដើម ទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីប្រគល់ឱ្យតំណាងអយ្យការបើកការស៊ើបសួរបន្តនីតិវិធី ។ 

   សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យទាំង៣នាក់មាន ទី១-ឈ្មោះ វ៉ា ម៉េងហុង ភេទប្រុស អាយុ៣០ឆ្នាំ។ ទី២-ឈ្មោះ ហ៊ីម ឆេងហួរសុដាវី ភេទស្រី អាយុ២០ឆ្នាំ និងទី៣-ឈ្មោះ គង់ សុគន្ធារី ភេទស្រី អាយុ៣៧ឆ្នាំ ។

    សូមរំលឹកថា កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ កម្លាំងសមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនបានចុះស៊ើបអង្កេត និងស្រាវជ្រាវ បង្ក្រាបករណីរក្សាទុកនិងជួញដូរគ្រឿងញៀនមួយករណី ដោយបានធ្វើការឃាត់ខ្លួនជន សង្ស័យចំនួន៣នាក់ និងរឹបអូសថ្នាំញៀនបានជាង២០គីឡូក្រាម រួមទាំងកាំភ្លើងខ្លី១ដើមផងដែរ។ 

    កិច្ចប្រតិបត្តិការបង្ក្រាបនេះដោយមានការចង្អុលបង្ហាញពីសំណាក់លោកនាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមការដឹកផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។ 

    ក្នុងរង្វង់នៃប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចធ្វើការបង្ក្រាបចំនួន២គោលដៅ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល ។ ដោយគោលដៅទី១ កាលពីវេលាម៉ោង៥ និង២០នាទីល្ងាចថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ កម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ក៩) ដឹកនាំដោយលោកឧត្ដមសេនីយ៍ត្រី យិន បញ្ញារិទ្ធ  លោកវរសេនីយ៍ឯក ដុស វណ្ណាសុវឌ្ឍន: នាយករងមន្ទីរ  លោក វរសេនីយ៍ទោ ឌុក មករា នាយការិយាល័យ និងមានការចូលរួមពីកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងកម្លាំងស្នងការដ្ឋាននគរបាលខេត្តកណ្តាល ព្រមទាំងមានការសម្របសម្រួលពីលោក ស៊ិត វណ្ណ: ព្រះរាជអជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះបង្ក្រាបនៅចំណុចផ្លូវបេតុង ក្នុងបុរីចំការដូង ផ្ទះលេខF៣០ ខណ្ឌដង្កោ ខណ្ឌដង្កោ ឈានដល់ការឃាត់ខ្លួនជនសង្ស័យ២ នាក់ និងចាប់យកសារធាតុញៀនប្រមាណជាង២០គីឡូក្រាម រួចបានទៅឆែកឆេរលំនៅឋានមួយកន្លែងទៀត ។

    ចំពោះគោលដៅទី២ នៅថ្ងៃ ខែ ឆ្នាំដដែល វេលាម៉ោង៧និង៣០នាទី បានធ្វើការឆែកលំនៅឋានលេខ៥៩៤ ផ្លូវបេតុង ភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ឃាត់ខ្លួនជនសង្ស័យជាស្រ្តីម្នាក់ និងដកហូតបានកាំភ្លើងខ្លី១ដើមផងដែរ។

ក្នុងនោះសមត្ថកិច្ចបានដកហូតយកវត្ថុតាងរួមមាន៖ សារធាតុញៀនប្រភេទ(HEROIN)ចំនួន៦០បន្ទះទម្ងន់ប្រមាណជាង២០គីឡូក្រាម អាវុធខ្លី១ដើម ម៉ាកឡុង១៩ និងមធ្យោបាយធ្វើសកម្មភាព រថយន្តម៉ាកព្រូស១គ្រឿង ។ 

    បច្ចុប្បន្នជនសង្ស័យទាំង៣នាក់សមត្ថកិច្ចបានបញ្ជូនខ្លួនមកដល់សាលាដំបូងរាជធានីភ្នំពេញ ហើយកំពុងស្ថិតក្នុងដំណាក់កាលតំណាងអយ្យការបើកការស៊ើបសួរនៅឡើយ៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖