ខេត្តស្វាយរៀង ៖ យ៉ាងហោចណាស់ក៏មានមនុស្សប្រុសស្រី៤នាក់ដែរបានរងរបួសធ្ងន់និងស្រាលដោយសារតែករណីគ្រោះថ្នាក់ចរាចរណ៍២កន្លែងផ្សេងគ្នានៅស្រុកស្វាយទាបនិងស្រុករមាសហែក។
យោងតាមសមត្ថកិច្ចនគរបាលបានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ទី១បានកើតឡើងកាលពីវេលាម៉ោង៧និង២០នាទីយប់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២ នៅលើផ្លូវជាតិលេខ១ត្រង់ចន្លោះគីឡូម៉ែត្រលេខ១៤០និង១៤១ ស្ថិតក្នុងភូមិដើមពោធិ៍ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង គឺមានម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១HI- ៨៨៣៤ បើកក្នុងទិសដៅពីកើតទៅលិច ដោយឈ្មោះ យ៉ែម តុលា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិព្រៃស្ទៀង ឃុំស្វាយតាយាន ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង បានបុកអ្នកថ្មើរជើងដែលដើរឆ្លងកាត់ថ្នល់ពីជើងទៅត្បូង ឈ្មោះ អ៊ុន រិទ្ធី ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិបុស្ស ឃុំស្វាយតាយាន ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង បណ្តាលឱ្យរងរបួសធ្ងន់។ ក្រោយកើតហេតុអ្នករងរបួសធ្ងន់ត្រូវបានបញ្ចូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកស្វាយទាប រីឯម៉ូតូយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកណ្តៀងរាយ។
សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុដោយសារតែអ្នកថ្មើរជើងដើរឆ្លងកាត់ផ្លូវថ្នល់ខ្វះការប្រុងប្រយ័ត្ន។
ករណីទី២បានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី២១ខែមីនា ឆ្នាំ២០២២ លើផ្លូវខេត្តលេខ៣១៥ក្រាលក្រួសក្រហម នៅចំណុចភូមិសំរោង ឃុំមុខដា ស្រុករមាសហែក ខេត្តស្វាយរៀង មានម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរី ឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង១I-៥៩៣០ បើកបរដោយឈ្មោះគង់ ពុត ភេទស្រី អាយុ៣៨ឆ្នាំ មុខរបរកសិករ រស់នៅភូមិសំរោង ឃុំមុខដា ស្រុករមាសហែក ខេត្តស្វាយរៀងធ្វើដំណើរពីទិសខាងត្បូងទៅទិសខាងជើង ខណៈនោះស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ស៊េរី ឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១L-៤៥៤៩បើកបរដោយឈ្មោះ ផុន កក្កដា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស រស់នៅភូមិមុខដា ឃុំមុខដា ស្រុករមាសហែក ខេត្តស្វាយរៀង ប្រើប្រាស់ល្បឿនលឿនខ្វះប្រុងប្រយត្ន័បានទៅបុកពីក្រោយម៉ូតូរបស់ឈ្មោះគង់ ពុតយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលតែម្ដង។
ក្រោយមកអ្នករងរបួសធ្ងន់ត្រូវបានបងប្អូនបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង៕
ដោយ៖យឹម សុថាន