ព័ត៌មានទាន់ហេតុការណ៍៖

ម្នាក់ជាអ្នកប្រព្រឹត្តនិងម្នាក់ទៀតជាផ្តល់ទីតាំងត្រូវសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធនឹងករណីចាប់រំលោភក្មេងស្រីអាយុ១៣ឆ្នាំ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ សមត្ថកិច្ចបានឃាត់ខ្លួនបុរសម្នាក់ដែលបានចាប់រំលោភក្មេងស្រីអាយុ១៣ឆ្នាំ និងឃាត់ខ្លួនស្ត្រីម្នាក់ទៀតដែលត្រូវជាម្តាយបង្កើតក្មេងស្រីរងគ្រោះក្នុងករណីផ្តល់ទីតាំង។

    ហេតុការណ៍នេះបានកើតឡើងនៅចំណុចភូមិចិនដាំម្លូ ឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺកាលពីថ្ងៃទី២០ខែមីនាឆ្នាំ២០២២។

    មន្ត្រីនគរបាលស្រុកឧដុង្គបានឱ្យដឹងថាជនសង្ស័យពីរនាក់ដែលឃាត់ខ្លួននោះទី១-ឈ្មោះ ពេជ្រ ស្រីអ៉ី ភេទស្រី អាយុ២៨ឆ្នាំ នៅភូមិចិនដាំម្លូ ឃុំវាំងចាស់ ស្រុកឧដុង្គ(អ្នកផ្តល់ទីតាំងឱ្យជនសង្ស័យម្នាក់ទៀតជាអ្នករំលោភកូនស្រីបង្កើតរបស់ខ្លួន)។ ទី២-ឈ្មោះ សេក ណារិន ភេទប្រុស អាយុ៣៧ឆ្នាំ នៅភូមិព្រៃក្រឡៅ ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ជាអ្នកប្រព្រឹត្តអំពើរំលោភលើក្មេងស្រីរងគ្រោះ។

មន្ត្រីដដែលបានបន្តឱ្យដឹងទៀតថា ក្មេងស្រីរងគ្រោះមានអាយុ១៣ឆ្នាំត្រូវជាកូនស្រីបង្កើតរបស់ស្ត្រីសង្ស័យឈ្មោះពេជ្រ ស្រីអ៉ី រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ។

    គេមិនទាន់ដឹងថាតើហេតុអ្វីបានជាស្ត្រីម្តាយបង្កើតរបស់ក្មេងស្រីរងគ្រោះមានគំនិតស្មោគគ្រោកយ៉ាងណានោះទេបានជាហ៊ានផ្សំគំនិតជាមួយនឹងជនសង្ស័យថែមទាំងផ្តល់ទីតាំងឱ្យជនសង្ស័យចាប់រំលោភកូនស្រីបង្កើតខ្លួនឯងយ៉ាងដូច្នេះ?

   សមត្ថកិច្ចបានបន្តទៀតថា ក្រោយពីសាកសួរជនសង្ស័យទាំងពីររួចរាល់ហើយសមត្ថកិច្ចជំនាញបានបញ្ជូនជនទាំងនេះទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺដើម្បីកសាងសំណុំ​រឿរឿងអនុវត្តតាមនីតិវិធី៕

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖