ម្ចាស់ក្លិបមេឃខៀវ Manchester City លោក Sheikh Mansour ត្រូវបានរិះគន់ដោយរដ្ឋាភិបាលចក្រភពអង់គ្លេសសម្រាប់ការជួបជាមួយប្រធានាធិបតីស៊ីរីលោក Bashar al-Assad នាពេលថ្មីៗនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC Sport កាលពីយប់ថ្ងៃទី២១ ខែមីនាម្សិលមិញ។
នៅក្នុងការណែនាំដំបូងរបស់គាត់ទៅកាន់ប្រទេសអារ៉ាប់រួម (UAE) ចាប់តាំងពីសង្រ្គាមស៊ីវិលស៊ីរីបានចាប់ផ្តើមកាលពី១១ឆ្នាំមុន លោក Assad កាលពីសប្តាហ៍មុនបានជួបជាមួយឥស្សរជនដ៏មានឥទ្ធិពលជាច្រើនរូប។គាត់ត្រូវបានគេថតរូបជាមួយលោក Mansour ដែលជាឧបនាយករដ្ឋមន្ត្រីនៃប្រទេសអារ៉ាប់រួម UAE ។
អ្នកនាំពាក្យការិយាល័យការបរទេសអង់គ្លេសបាននិយាយថា កិច្ចប្រជុំបែបនេះបានធ្វើឲ្យខូចខាតដល់ការរំពឹងទុកនៃសន្តិភាពក្នុងប្រទេសស៊ីរី។
ដំណើរទស្សនកិច្ចរបស់លោក Assad បង្ហាញពីការឡើងកម្តៅដ៏មានសក្ដានុពលក្នុងទំនាក់ទំនងរបស់ស៊ីរីជាមួយនឹងប្រទេសជិតខាងអារ៉ាប់រួមដែលធ្លាប់បានឯកោប្រធានាធិបតីស៊ីរីពីមុន។ មេដឹកនាំប្រទេសអារ៉ាប់រួម(UAE) បានបង្ហាញពីឆន្ទៈក្នុងការពង្រឹងទំនាក់ទំនងជាមួយស៊ីរីម្តងទៀត។
ការិយាល័យបរទេស Commonwealth និងអភិវឌ្ឍន៍ (FCDO) បានឆ្លើយតបទៅនឹងការផ្លាស់ប្តូរនេះដោយនិយាយថា “វាគឺជាជំនឿយ៉ាងមុតមាំរបស់ចក្រភពអង់គ្លេសដែលថា ក្នុងករណីមិនមានការផ្លាស់ប្តូរអាកប្បកិរិយាដោយរបបស៊ីរី នោះការពង្រឹងទំនាក់ទំនងធ្វើឱ្យខូចដល់ការរំពឹងទុកនៃសន្តិភាពយូរអង្វែងនិងរួមបញ្ចូលនៅស៊ីរី”។
សមាជិកសភាការងារ Chris Bryant ប្រធានក្រុម All-Party Parliamentary Group នៅប្រទេសរុស្ស៊ីបានចែករំលែកពីកង្វល់ទាំងនោះ ហើយនៅក្នុងបទសម្ភាសន៍ជាមួយកាសែត The Telegraph បានបន្តចោទសួរថា តើលោក Mansour គឺជា “មនុស្សសមរម្យដើម្បីធ្វើជាម្ចាស់ក្លិបបាល់ទាត់ឬទេ?“។
សម្រាប់ការរិះគន់ខាងលើនេះក្លិប Manchester City មិនទាន់មានការបញ្ជាក់ណាមួយ ឬចេញសេចក្តីថ្លែងការណ៍ពន្យល់ណាមួយនៅឡើយទេ។
គួរបញ្ជាក់ថា ក្រុមមេឃខៀវ Man City កំពុងឈរកំពូលតារាង Premier League ដោយមាន៧០ពិន្ទុ ក្នុង២៩ប្រកួត ខណៈដែលក្រុមប្រជែងជើងឯកហង្សក្រហម Liverpool ដែលកំពុងតាមប្រកៀកឈរលេខ២ មាន៦៩ពិន្ទុ ក្នុង២៩ប្រកួតដូចគ្នា ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)