ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋាភិបាលអង់គ្លេសរិះគន់ជំនួបរវាងម្ចាស់ក្លិប Manchester City ជាមួយប្រធានាធិបតីស៊ីរី

ចែករំលែក៖

ម្ចាស់ក្លិមេឃខៀវ Manchester City លោក Sheikh Mansour ត្រូវបានរិះគន់ដោយរដ្ឋាភិបាលចក្រភពអង់គ្លេសសម្រាប់ការជួបជាមួយប្រធានាធិបតីស៊ីរីលោក Bashar al-Assad នាពេលថ្មីៗនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC Sport កាលពីយប់ថ្ងៃទី២១ ខែមីនាម្សិលមិញ។

នៅក្នុងការណែនាំដំបូងរបស់គាត់ទៅកាន់ប្រទេសអារ៉ាប់រួម (UAE) ចាប់តាំងពីសង្រ្គាមស៊ីវិលស៊ីរីបានចាប់ផ្តើមកាលពី១១ឆ្នាំមុន លោក Assad កាលពីសប្តាហ៍មុនបានជួបជាមួយឥស្សរជនដ៏មានឥទ្ធិពលជាច្រើនរូបគាត់ត្រូវបានគេថតរូបជាមួយលោក Mansour ដែលជាឧបនាយករដ្ឋមន្ត្រីនៃប្រទេសអារ៉ាប់រួម UAE

អ្នក​នាំ​ពាក្យ​ការិយាល័យ​ការ​បរទេសអង់គ្លេស​បាន​និយាយ​ថា ​កិច្ច​ប្រជុំ​បែប​នេះ​បាន​ធ្វើ​ឲ្យ​ខូច​ខាត​ដល់​ការ​រំពឹង​ទុក​នៃ​សន្តិភាព​ក្នុង​ប្រទេស​ស៊ីរី។

ដំណើរ​ទស្សនកិច្ច​របស់​លោក Assad បង្ហាញ​ពី​ការ​ឡើង​កម្តៅ​ដ៏​មាន​សក្ដានុពល​ក្នុង​ទំនាក់ទំនង​របស់​ស៊ីរី​ជាមួយ​នឹង​ប្រទេស​ជិតខាង​អារ៉ាប់រួមដែល​ធ្លាប់​បាន​ឯកោ​ប្រធានាធិបតី​ស៊ីរី​ពីមុន។ មេដឹកនាំប្រទេសអារ៉ាប់រួម(UAE) បានបង្ហាញពីឆន្ទៈក្នុងការពង្រឹងទំនាក់ទំនងជាមួយស៊ីរីម្តងទៀត។

ការិយាល័យបរទេស Commonwealth និងអភិវឌ្ឍន៍ (FCDO) បានឆ្លើយតបទៅនឹងការផ្លាស់ប្តូរនេះដោយនិយាយថា វាគឺជាជំនឿយ៉ាងមុតមាំរបស់ចក្រភពអង់គ្លេសដែលថា ក្នុងករណីមិនមានការផ្លាស់ប្តូរអាកប្បកិរិយាដោយរបបស៊ីរី នោះការពង្រឹងទំនាក់ទំនងធ្វើឱ្យខូចដល់ការរំពឹងទុកនៃសន្តិភាពយូរអង្វែងនិងរួមបញ្ចូលនៅ​ស៊ីរី

សមាជិកសភាការងារ Chris Bryant ប្រធានក្រុម All-Party Parliamentary Group នៅប្រទេសរុស្ស៊ីបានចែករំលែកពីកង្វល់ទាំងនោះ ហើយនៅក្នុងបទសម្ភាសន៍ជាមួយកាសែត The Telegraph បានបន្តចោទសួរថា តើលោក Mansour គឺជា “មនុស្សសមរម្យដើម្បីធ្វើជាម្ចាស់ក្លិបបាល់ទាត់ឬទេ?“។

សម្រាប់ការរិះគន់ខាងលើនេះក្លិប Manchester City មិនទាន់មានការបញ្ជាក់ណាមួយ ឬចេញសេចក្តីថ្លែងការណ៍ពន្យល់ណាមួយនៅឡើយទេ។

គួរបញ្ជាក់ថា ក្រុមមេឃខៀវ Man City កំពុងឈរកំពូលតារាង Premier League ដោយមាន៧០ពិន្ទុ ក្នុង២៩ប្រកួត ខណៈដែលក្រុមប្រជែងជើងឯកហង្សក្រហម Liverpool ដែលកំពុងតាមប្រកៀកឈរលេខ២ មាន៦៩ពិន្ទុ ក្នុង២៩ប្រកួតដូចគ្នា ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖