ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចក្រឡាហោម ស ខេង អំពាវនាវដល់អាណាព្យាបាលកុំឱ្យពឹងផ្អែកទាំងស្រុងលើសមត្ថកិច្ចពេក សូមចូលរួមយកចិត្តទុកដាក់លើកូនចៅរបស់ខ្លួនជៀសឱ្យឆ្ងាយពីគ្រឿងញៀន

ចែករំលែក៖

ខេត្តព្រៃវែង ៖ បើយោងតាមប្រភពពី នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ បានអោយដឹងថា, សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានអំពាវនាវដល់អាណាព្យាបាលទាំងអស់ កុំឱ្យពឹងផ្អែកទាំងស្រុងលើសមត្ថកិច្ច ឬសាលារៀនពេក ត្រូវចូលរួមយកចិត្តទុកដាក់លើកូនចៅរបស់ខ្លួន ដើម្បីឱ្យពួកគាត់ជៀសឆ្ងាយពីគ្រឿងញៀន។

នាឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់រដ្ឋបាលខេត្តព្រៃវែង នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា នាពេលបច្ចុប្បន្ននេះ សមត្ថកិច្ចប្រមូលសារធាតុគីមីជាង ៣០០តោន ដែលអាចយកទៅផ្សំធ្វើជាគ្រឿងញៀនសំយោគបាន។ សម្ដេច បន្ដថា បច្ចុប្បន្ន សមត្ថកិច្ច កំពុងរកសារធាតុផ្សេងៗ ដើម្បីយកមកបំប្លែងសារធាតុគីមីជាង ៣០០តោននោះ យកទៅកប់ចោលបាន។

សម្ដេចក្រឡាហោម បានបន្ថែមថា សារធាតុគីមី ដែលគេលួចយកមកផលិតគ្រឿងញៀន មិនអាចកប់ចោលបានទេ ព្រោះខ្លាចមានគ្រោះថ្នាក់ដល់សុខភាពសាធារណៈ ជាពិសេសដល់ស្រទាប់យុវវ័យ ព្រោះពួកគាត់ជាអ្នកបន្ដវេន សម្រាប់កសាងសង្គមជាតិ។ ដូច្នេះ ត្រូវជួយការពារគ្នាធនធានមនុស្សឱ្យបាន ដើម្បីធ្វើយ៉ាងឱ្យពួកគាត់ជៀសឆ្ងាយពីគ្រឿងញៀន។

សម្ដេចក្រឡាហោម មានប្រសាសន៍ថា «ខ្ញុំសូមអំពាវនាវដល់ ឪពុក-ម្តាយ ឬអាណាព្យាបាល ក្រុមគ្រួសារ សូមមេត្តាគាំទ្រ និងចូលរួម ហើយធ្វើការងារទាំងនេះដោយផ្ទាល់ បានន័យថា គ្រប់គ្រងកូនចៅយើង កូនក្មួយយើង ក្រោមអាណាព្យាបាលរបស់យើងផងដែរ ដោយមិនពឹងផ្អែកទាំងស្រុង មកលើតែអាជ្ញាធរ និងសាលារៀននោះទេ ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីការពារសុខភាព ដល់កូនចៅរបស់យើង»។

សម្ដេចក្រឡាហោម បានបញ្ជាក់ទៀតថា អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវបង្កើនការអប់រំប្រជាពលរដ្ឋឱ្យពួកគាត់យល់ដឹង និងទប់ស្កាត់ ព្រមទាំងជៀសឱ្យឆ្ងាយពីគ្រឿងញៀន ជាពិសេស ប្រជាពលរដ្ឋត្រូវយ៉ាងសកម្មជាមួយអាជ្ញាធរ ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនឱ្យបានជាប់ជាប្រចាំ។

សូមជម្រាបជូនដែរថា រាជរដ្ឋាភិបាលកម្ពុជា បានបន្តដាក់ចេញផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី៧ រយៈពេល ១ឆ្នាំ ដោយគិតចាប់ពីថ្ងៃទី១ ខែមករា រហូតដល់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២។ ក្នុងគោលបំណង់ការពារកិត្តិយសប្រទេសជាតិ បញ្ចៀសឱ្យបាននូវភាពរងគ្រោះដោយសារឧក្រិដ្ឋកម្ម គ្រឿងញៀន សំដៅធ្វើឱ្យបរិយាកាសសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម កាន់តែមានភាពល្អ ប្រសើរឡើងថែមទៀត៕

ដោយ ៖ សិលា


ចែករំលែក៖